ខេត្តក្រចេះ៖ កម្លាំងជំនាញរដ្ឋបាលជលផល សហការជាមួយកម្លាំងនគរបាល និងគណៈកម្មការស្រុកព្រែកប្រសព្វ បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលនៅតាមតំបន់ទំនាបលិចទឹក ក្នុងភូមិសាស្ត្រឃុំចំបក់ និងឃុំឫស្សីកែវ ខេត្តក្រចេះ ដោយបានរុះរើ និងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ជាច្រើន ព្រមទាំងចាក់លែងត្រីចម្រុះប្រមាណ ១០០គីឡូក្រាមឱ្យត្រឡប់ទៅក្នុងដែនទឹកធម្មជាតិវិញ។
ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦ ដោយខណ្ឌរដ្ឋបាលជលផលក្រចេះ និងផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ សហការជាមួយកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត គណៈកម្មការស្រុកព្រែកប្រសព្វ ព្រមទាំងអាជ្ញាធរឃុំ និងសហគមន៍នេសាទចំបក់-ឫស្សីកែវ។
ក្រុមការងារបានប្រើទូកម៉ាស៊ីនចំនួន ៤គ្រឿង ចុះត្រួតពិនិត្យ និងទប់ស្កាត់បទល្មើសនៅតាមតំបន់ទំនាបលិចទឹក បឹងក្បាលខ្មោច និងបឹងវែង ដែលស្ថិតក្នុងភូមិសាស្ត្រឃុំចំបក់ និងឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ។
ប្រភពពីកម្លាំងបង្ក្រាបបានឱ្យដឹងថា ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានរកឃើញ និងរុះរើឧបករណ៍នេសាទល្មើសច្បាប់មួយករណី រួមមាន៖ របាំងព្រួលស្បៃមុងចំនួន ១៥ខ្សែ ប្រវែងសរុប ១,៦៥០ម៉ែត្រ លូស្បៃមុងចំនួន ១៧មាត់លូ និងបង្គោលចម្រឹងឫស្សីចំនួន ២៥៥ដើម។ ឧបករណ៍នេសាទខុសច្បាប់ទាំងនេះ ត្រូវបានសមត្ថកិច្ចរុះរើ និងបំផ្លាញចោលនៅនឹងកន្លែង ដើម្បីទប់ស្កាត់ការប្រើប្រាស់ឡើងវិញ និងការពារកុំឱ្យមានការរាំងស្ទះចរន្តទឹក ដែលអាចបង្កផលប៉ះពាល់ដល់ការធ្វើចរាចរណ៍ និងការរស់នៅរបស់មច្ឆជាតិ ជាពិសេសនៅក្នុងតំបន់ទំនាបលិចទឹក ដែលជាប្រភពសំខាន់សម្រាប់ការរកចំណី និងពងកូនរបស់ត្រី។
ជាមួយគ្នានេះ កម្លាំងជំនាញបាន ចាក់លែងត្រីចម្រុះដែលជាប់ក្នុងឧបករណ៍នេសាទខុសច្បាប់ មានទម្ងន់ប្រមាណ ១០០គីឡូក្រាម ឱ្យត្រឡប់ទៅក្នុងដែនទឹកធម្មជាតិវិញ។ សកម្មភាពនេះត្រូវបានចាត់ទុកថា ជាផ្នែកមួយនៃការរួមចំណែកស្តារធនធានមច្ឆជាតិ និងរក្សាតុល្យភាពប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់។
ការចុះបង្ក្រាបជាបន្តបន្ទាប់នេះ ក៏បង្ហាញពីការយកចិត្តទុកដាក់របស់ស្ថាប័នជំនាញ អាជ្ញាធរមូលដ្ឋាន និងសហគមន៍នេសាទ ក្នុងការការពារ និងអភិរក្សធនធានជលផល ដែលជាប្រភពស្បៀង អាហារូបត្ថម្ភ និងជីវភាពសំខាន់សម្រាប់ប្រជាពលរដ្ឋមូលដ្ឋាន។ ទន្ទឹមនឹងនេះ ការទប់ស្កាត់ឧបករណ៍នេសាទខុសច្បាប់ ជាពិសេសរបាំងស្បៃមុង និងលូស្បៃមុង គឺមានសារៈសំខាន់ក្នុងការការពារត្រីគ្រប់ប្រភេទ និងវារីជាតិវ័យក្មេង ព្រោះឧបករណ៍ប្រភេទនេះអាចប្រមូលចាប់សត្វទឹកដោយមិនរើសប្រភេទ និងបង្កការថយចុះនៃធនធានមច្ឆជាតិ ប្រសិនបើមិនមានការទប់ស្កាត់ទាន់ពេលវេលា។
អាជ្ញាធរ និងសមត្ថកិច្ចជំនាញបានអំពាវនាវដល់ប្រជានេសាទ និងប្រជាពលរដ្ឋពាក់ព័ន្ធទាំងអស់ ឱ្យចូលរួមគោរពច្បាប់ស្តីពីជលផល បញ្ឈប់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ និងចូលរួមរាយការណ៍អំពីសកម្មភាពល្មើស ដើម្បីរួមគ្នាការពារធនធានធម្មជាតិ និងធនធានមច្ឆជាតិឱ្យបានគង់វង្ស សម្រាប់បច្ចុប្បន្ន និងជំនាន់ក្រោយ «ការពារត្រីថ្ងៃនេះ គឺការពារប្រភពស្បៀង និងជីវភាពរបស់ប្រជាពលរដ្ឋនៅថ្ងៃអនាគត»៕ដោយ៖ឡុង សំបូរ






































