ខេត្តស្ទឹងត្រែង៖ ទីតាំងបូមខ្សាច់ចំនួន ២កន្លែង នៅខេត្តស្ទឹងត្រែង ក្នុងនោះមួយកន្លែងស្ថិតនៅស្រុកសៀមបូក និងមួយកន្លែងទៀតនៅសង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចបិទ ដោយសារការធ្វើអាជីវកម្ម និងការត្រៀមបើកអាជីវកម្ម ត្រូវបានពិនិត្យឃើញថា អាចបង្កផលប៉ះពាល់ដល់ធនធានធម្មជាតិ ជីវចម្រុះក្នុងទឹក ជម្រកមច្ឆជាតិ និងសត្វផ្សោត។
ការបិទទីតាំងទាំងនេះ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពី ការលើកកម្ពស់ការយល់ដឹងអំពីបទដ្ឋានគតិយុត្តិ យន្តការគ្រប់គ្រង និងបច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវ ដែលរៀបចំឡើងនៅសាលាខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ លោក អាន ពេជ្រហត្ថដា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានមានប្រសាសន៍ថា ម្ចាស់អាជីវកម្មខ្សាច់គ្រប់ប្រភេទ ដែលទទួលបានអាជ្ញាបណ្ណ ត្រូវប្រកាន់ខ្ជាប់នូវទីតាំង និងតំបន់ដែលអនុញ្ញាតឱ្យធ្វើអាជីវកម្ម ព្រមទាំងត្រូវអនុវត្តតាមលទ្ធផលនៃការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងបទដ្ឋានបច្ចេកទេសពាក់ព័ន្ធ។
លោកបានបញ្ជាក់ថា គណៈកម្មការគ្រប់គ្រងធនធានខ្សាច់ ដែលមានមន្ទីររ៉ែ និងថាមពល និងមន្ទីរធនធានទឹក និងឧតុនិយមប្រចាំខេត្ត ត្រូវបន្តពង្រឹងការត្រួតពិនិត្យ តាមដាន និងវាយតម្លៃសកម្មភាពធ្វើអាជីវកម្មខ្សាច់ឱ្យបានជាប្រចាំ ដើម្បីទប់ស្កាត់ហានិភ័យដែលអាចកើតឡើងពីការធ្វើអាជីវកម្មមិនត្រឹមត្រូវ ដូចជា ការបាក់ច្រាំងទន្លេ និងបញ្ហាដែលអាចឈានទៅរកគ្រោះមហន្តរាយ។
អភិបាលរងខេត្តស្ទឹងត្រែង លោក ព្រំ វណ្ណៈ បានស្នើដល់ម្ចាស់អាជីវកម្មខ្សាច់ទាំងអស់ ឱ្យអនុវត្តសកម្មភាពអាជីវកម្មរបស់ខ្លួនឱ្យបានស្របតាមច្បាប់ លិខិតបទដ្ឋាន និងលក្ខខណ្ឌបច្ចេកទេសដែលបានកំណត់។ លោកបានចាត់ទុកថា ការធ្វើអាជីវកម្មប្រកបដោយការទទួលខុសត្រូវ មិនត្រឹមតែជួយផ្គត់ផ្គង់តម្រូវការវិស័យសំណង់ និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាបាននូវការបង់ពន្ធ និងចំណូលជូនរដ្ឋ ព្រមទាំងការពារផលប្រយោជន៍រួមរបស់សង្គមផងដែរ។
ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង លោក លំ សិរីគត់ បានលើកឡើងថា រាល់សកម្មភាពធ្វើអាជីវកម្មខ្សាច់នៅក្នុងខេត្ត មន្ទីរតែងសហការជាមួយមន្ទីររ៉ែ និងថាមពល និងមន្ទីរបរិស្ថាន ចុះត្រួតពិនិត្យតាមទីតាំងនានា ព្រមទាំងផ្តល់ការណែនាំ និងបច្ចេកទេសដល់ម្ចាស់អាជីវកម្ម ដើម្បីឱ្យការធ្វើអាជីវកម្មប្រព្រឹត្តទៅ ស្របតាមបទដ្ឋានបច្ចេកទេស និងនីតិវិធីដែលបានកំណត់។
លោកបានបញ្ជាក់ថា បច្ចុប្បន្នមានទីតាំងធ្វើអាជីវកម្មបូមខ្សាច់ចំនួន ៨កន្លែង ក្នុងនោះខ្នាតធំ ៣កន្លែង និងខ្នាតតូច ៥កន្លែង។ លោកថា ក្នុងចំណោមទីតាំងទាំងនេះ មានទីតាំងមួយស្ថិតនៅទន្លេសេសាន ក្នុងឃុំសាមឃួយ ដែលការដាក់បំពង់បូមខ្សាច់ឆ្លងកាត់ផ្ទៃទឹក ត្រូវបានចាត់ទុកថាបង្កការរាំងស្ទះ និងហានិភ័យដល់ការធ្វើចរាចរណ៍តាមផ្លូវទឹករបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកប្រើប្រាស់ទូកដឹកកសិផលមកកាន់ទីផ្សារនៅពេលយប់។
លោក លំ សិរីគត់ បានបញ្ជាក់ដដែលថា មិនត្រឹមតែប៉ះពាល់ដល់ការធ្វើដំណើរតាមផ្លូវទឹកប៉ុណ្ណោះទេ សកម្មភាពនេះក៏អាចបង្កហានិភ័យដល់ក្រុមការងារល្បាត និងអភិរក្សត្រីមេពូជ ដែលមានភារកិច្ចការពារ និងថែរក្សាធនធានជលផលនៅតាមដងទន្លេផងដែរ។
ការបិទទីតាំងបូមខ្សាច់ដែលមិនអនុលោមតាមបទដ្ឋាន និងការពង្រឹងការត្រួតពិនិត្យទីតាំងអាជីវកម្ម គឺជាវិធានការសំខាន់មួយក្នុងការធានាឱ្យការប្រើប្រាស់ធនធានខ្សាច់ ប្រព្រឹត្តទៅដោយមានការទទួលខុសត្រូវ ខណៈការការពារប្រព័ន្ធអេកូឡូស៊ីក្នុងទឹក ជម្រកមច្ឆជាតិ និងជីវចម្រុះ ត្រូវបានចាត់ទុកថា ជាផលប្រយោជន៍រួមដែលត្រូវការការចូលរួមពីគ្រប់ភាគី៕ដោយ៖ឡុង សំបូរ






































