រដ្ឋបាលខេត្តសៀមរាប សុំឲ្យបងប្អូនរក្សាភាពស្ងៀមស្ងាត់ ដើមី្បឲ្យអាជ្ញាធរខេត្ត ធ្វើការដោះស្រាយជូនបងប្អូន

0

សៀមរាប នៅព្រឹកថ្ងៃទី ២៤ ខែ សីហា ឆ្នាំ២០២៦នេះ តំណាងប្រជាពលរដ្ឋប្រមាណជាង១០០នាក់ រស់នៅភូមិ មណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង ខេត្ត សៀមរាប កើតទុក្ខមិនសុខចិត្តដោយអាជ្ញាធរជាតិអប្សរា បានកំណត់ផែនទីទីតាំងប្រើប្រាស់ដីធ្លី ក្នុងភូមិមណ្ឌល៣ ពីតំបន់ លឿងបច្ចុប្បន្ន ឲ្យទៅជាតំបន់ក្រហម នៅមុខសាលាខេត្តសៀមរាប ។ ក្នុងសកម្មភាពតវ៉ានេះ តំណាងប្រជាពលរដ្ឋជាង៦០០ គ្រួសារ បាននាំគ្នាមកស្នើសុំឲ្យអាជ្ញាធរខេត្តសៀមរាប ដែលជាអាណាព្យាបាលខ្លួន ជួយធ្វើអន្តរាគមន៍ ក្នុងការសុំឲ្យអាជ្ញាធរជាតិអប្សរា ធ្វើការដកភូមិមណ្ឌលបីចេញពីតំបន់ក្រហម ឲ្យជាតំបន់លឿងវិញ ។ ដើមី្បរំលត់នូវក្តីក្តៅក្រហាយរបស់បងប្អូនប្រជាពលរដ្ឋនោះ គណៈអភិបាលខេត្តបានចាត់តាំងឲ្យ លោក ឌុច គឹមដន នាយករងរដ្ឋបាលសាលា ខេត្តសៀមរាប រួមនឹងលោកនាយកទីចាត់ការអន្តរវិស័យ និង មន្ត្រី ជួបធ្ចើការសម្របសម្រួល ជាមួយតំណាងប្រជាពលរដ្ឋ ទាំង៦០០គ្រួសារ ។
ក្នុងនាមរដ្ឋបាលខេត្ត លោក ឌុច គឹមដន បានធ្វើការពន្យល់ណែនាំបងប្អូន ព្រមទាំងបានលើកនូវសាវតានៃការស្នើ សុំ របស់ប្រជាពលរដ្ឋភូមិមណ្ឌល៣ និង ការងាររបស់ក្រុមការងារក្រសួង និង ការកំណត់ប្រភេទតំបន់ ដែលមានការពាក់ព័ន្ធទៅនឹងតំបន់រមណីយដ្ឋានអង្គរ ព្រមទាំងលើកឡើងពីនីតិវិធីច្បាប់ទៀតផង ។ លោកក៏បានបញ្ជាក់ថា ភូមិសាស្ត្រនេះ ស្ថិតនៅក្នុងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ដែលកំណត់ដោយព្រះរាជក្រឹត្យ និង គ្រប់គ្រងដោយអង្គការយូនីស្កូ ទៀតផង ។ លោកក៏បានបន្តទៀតថា ក្នុងរយៈពេលនេះ ស្នើសុំបងប្អូនរក្សានូវភាពស្ងៀមស្ងាត់ មិនត្រូវធ្វើការសាងសង់ដោយគ្មានច្បាប់ទន្លាប់ឡើយ ដែលធ្វើឲ្យមានផលប៉ះពាល់ខូចខាតទ្រព្យសម្បត្តិបងប្អូន នៅពេលដែលក្រុមសណ្តាប់ធ្នាប់អាជ្ញាធរជាតិអប្សរាចុះធ្វើការរុះរើសំណង់ខុសច្បាប់ ។ ម៉្យាងទៀត មុនពេលបងប្អូនធ្វើការសាងសង់ សូមបងប្អូនត្រូវធ្វើការដាក់ពាក្យច្បាប់អនុញ្ញាតសាងសង់ ដោយត្រូវរងចាំដល់មានច្បាប់ថ្មីចេញជាស្ថាបពរ ។ ក្នុងនោះលោកក៏បានលើកផងដែរ អំពីអនុសាសន៍ណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អំពីនីតិវិធីដោះស្រាយនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលស្ថិតក្នុងតំបន់អប្សរាផងដែរ ។ លោកនាយករងរដ្ឋបាលសាលាខេត្ត ក៏បានបញ្ជាក់ថា រាល់សំណើរបស់ បងប្អូនដាក់ជូនគណៈអភិបាលខេត្ត ត្រូវបានគណៈអភិបាលខេត្តបានទទួលហើយ និង រងចាំយកទៅធ្វើការត្រួតពិនិត្យ ពិភាក្សា នៅក្នុងអង្គវេទិការអន្តរក្រសួងនៅខែខាងមុខនេះ ក្នុងការដោះស្រាយជូនបងប្អូន ។ លោកបានបន្តទៀតថា សូមបងប្អូននៅពេលក្រោយ បើមានបញ្ហាអ្វីសូមបងប្អូនរៀបចំចាត់តំណាងរបស់ខ្លួន ដើមី្បដោះស្រាយទៅតាមសន្តិវិធី ដើមី្បជៀសវាងនូវការប្រមូលផ្តុំគ្នា ធ្វើឲ្យប៉ះពាល់ពេលវេលាការងារបងប្អូន និង សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងប៉ះពាល់ដល់សោភ័ណភាពក្រុងទេសចរណ៍ទៀតផង ។
ក្នុងនោះដែរតំណាងប្រជាពលរដ្ឋ ដែលបានចូលជួបរដ្ឋបាលសាលាខេត្ត ក៏បានសម្តែងនូវអំណរគុណ ដល់រដ្ឋបាល ខេត្ត ដែលបានធ្វើការបកស្រាយបំភ្លឺពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋទាំង៦០០គ្រួសារ ដែលធ្វើឲ្យបងប្អូនមានការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕