ខេត្តស្ទឹងត្រែង៖ ក្នុងគោលបំណងស្តារស្តុកមច្ឆជាតិ ថែរក្សាសមតុល្យប្រព័ន្ធអេកូឡូស៊ីទឹកសាបឱ្យមាននិរន្តរភាព និងធានាប្រភពប្រូតេអ៊ីនជូនប្រជាសហគមន៍ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង សហការជាមួយក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោម២ បានរៀបចំពិធីលែងកូនត្រី និងមច្ឆជាតិចម្រុះយ៉ាងច្រើនសន្ធឹកសន្ធាប់ សរុបចំនួន ១០ម៉ឺនក្បាល និង ១៥០គីឡូក្រាម ចូលទៅក្នុងអាងទឹកទំនប់វារីអគ្គិសនីសេសានក្រោម២ ស្ថិតក្នុងភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦។
នៅក្នុងវិធីនេះ កូនត្រីពូជចំនួន ១០ម៉ឺនក្បាល ត្រូវបានលែងចូលក្នុងអាងទឹក ក្នុងនោះមានត្រីឆ្ពិន ៦ម៉ឺនក្បាល ត្រីប្រា ២ម៉ឺនក្បាល និងត្រីពោ ២ម៉ឺនក្បាល។ ជាមួយគ្នានេះ ក៏មានការលែងត្រីមេពូជចម្រុះទម្ងន់សរុប ១៥០គីឡូក្រាម រួមមាន ត្រីឆ្ពិន ត្រីព្រំ ត្រីក្រាញ់ ត្រីក្រាស ត្រីរៀល និងត្រីព្រលង់ផងដែរ។
ការលែងត្រីនេះមានគោលបំណងស្តារ និងបង្កើនបរិមាណត្រីក្នុងប្រភពទឹក ជួយពង្រឹងវដ្តបន្តពូជរបស់មច្ឆជាតិ និងបង្កើនសមត្ថភាពធនធានជលផល សម្រាប់ផ្គត់ផ្គង់ប្រភពអាហារ និងជីវភាពប្រជាពលរដ្ឋ ព្រមទាំងរួមចំណែករក្សាជីវៈចម្រុះក្នុងប្រព័ន្ធអេកូឡូស៊ីទឹកសាប។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង លោក ទុំ នីរ៉ូ បានឱ្យដឹងថា ខេត្តស្ទឹងត្រែងបានរៀបចំ «ទិវាមច្ឆជាតិ» ជាបន្តបន្ទាប់ចំនួន ២៣លើក ចាប់តាំងពីឆ្នាំ២០០៣មក ដើម្បីលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការអភិរក្ស និងការពារធនធានជលផល។
លោកបន្តថា ក្នុងកិច្ចសហការជាមួយក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោម២ វិធីលែងត្រីត្រូវបានរៀបចំជាបន្តបន្ទាប់ ហើយកន្លងមកមានការលែងកូនត្រីសរុបជាង ៥០ម៉ឺនក្បាល និងត្រីមេពូជជិត ១តោន ចូលទៅក្នុងអាងទឹក ដើម្បីរួមចំណែកបង្កើនធនធានមច្ឆជាតិ និងគាំទ្រការអភិរក្សធនធានជលផលនៅក្នុងតំបន់។
ជាមួយគ្នានេះ លោក He Yunchun នាយកគ្រប់គ្រងទូទៅនៃស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២ បានគូសបញ្ជាក់ ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការអនុវត្ត គោលការណ៍អភិវឌ្ឍបៃតង និងការគោរពតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងបរិស្ថាននៅកម្ពុជា។
លោកបានបន្តថា ក្រុមហ៊ុនបានសហការជាមួយរដ្ឋបាលជលផល ក្នុងការបង្កាត់ពូជ និងលែងកូនត្រីតាមលក្ខណៈវិទ្យាសាស្ត្រចំនួន ៦លើក ដោយបានលែងកូនត្រីសរុបជាង ៥០ម៉ឺនក្បាល ដើម្បីចូលរួមការពារជីវៈចម្រុះ ស្តារធនធានជលផល និងលើកកម្ពស់សុខភាពប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ដងទន្លេសេសាន។
អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានជំរុញឱ្យកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ បន្តពង្រឹងការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ និងការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់។
លោកអភិបាលខេត្តបានសង្កត់ធ្ងន់ថា ត្រូវចាត់វិធានការតាមផ្លូវច្បាប់ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើស រួមទាំងអ្នកទិញ អ្នកកែច្នៃ និងអ្នកចែកចាយឧបករណ៍នេសាទខុសច្បាប់ ព្រមទាំងបញ្ជូនសំណុំរឿងទៅតុលាការតាមនីតិវិធីច្បាប់។ ជាមួយគ្នានេះ លោកក៏បានណែនាំមិនឱ្យមានការលើកលែងចំពោះមន្ត្រីរាជការ ឬអាជ្ញាធរណាដែលមានការពាក់ព័ន្ធ ឬជួយសម្រួលដល់បទល្មើសធនធានធម្មជាតិឡើយ។
លោកអភិបាលខេត្ត បានលើកឡើងផងដែរ អំពីការជំរុញវិធានការការពារ និងអភិរក្សតំបន់ជម្រកសត្វផ្សោត តាមរយៈការរៀបចំការគ្រប់គ្រងដីធ្លី និងការផ្តល់ជម្រើសមុខរបរជូនប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនេសាទខុសច្បាប់។ ក្នុងនោះ នៅតំបន់ត្បូងខ្លា អាជ្ញាធរបានជំរុញឱ្យអ្នកនេសាទខុសច្បាប់មួយចំនួន បង្វែរមុខរបរទៅចូលរួមដឹកជញ្ជូនភ្ញៀវទេសចរទស្សនាសត្វផ្សោត និងរៀបចំទីផ្សារសហគមន៍ ដើម្បីបង្កើតប្រភពចំណូលស្របច្បាប់ និងមានចីរភាពសម្រាប់គ្រួសារ។
ជាមួយគ្នានេះ អាជ្ញាធរខេត្ត និងមន្ត្រីជំនាញ បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ឱ្យចូលរួមការពារ និងអភិរក្សធនធានមច្ឆជាតិ ដោយបញ្ឈប់ការប្រើប្រាស់ឧបករណ៍នេសាទបំផ្លិចបំផ្លាញ ដូចជា ឧបករណ៍ឆក់ គ្រឿងផ្ទុះ និងសារធាតុពុល ព្រមទាំងចូលរួមរាយការណ៍ និងទប់ស្កាត់បទល្មើសនេសាទនៅក្នុងមូលដ្ឋាន។
ការលែងកូនត្រី និងត្រីមេពូជជាបន្តបន្ទាប់នេះ ត្រូវបានចាត់ទុកថា ជាវិធានការមួយដ៏សំខាន់ក្នុងការបង្កើនស្តុកត្រី ស្តារប្រព័ន្ធអេកូឡូស៊ី និងពង្រឹងសន្តិសុខស្បៀង ខណៈការចូលរួមរបស់អាជ្ញាធរ មន្ត្រីជំនាញ ក្រុមហ៊ុន និងសហគមន៍មូលដ្ឋាន នឹងក្លាយជាកត្តាសំខាន់ក្នុងការធានាឱ្យធនធានមច្ឆជាតិ អាចបន្តផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និងកូនចៅជំនាន់ក្រោយប្រកបដោយនិរន្តរភាព៕ដោយ៖ឡុង សំបូរ










































