កិច្ចប្រជុំពិភាក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញ សម្រាប់គម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សាភ្ជាប់ទៅនឹងធម្មជាតិផ្ទះលំហែ នៅតំបន់ភ្នំគូលែន

0

សៀមរាប: នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីលទ្ធផលបឋម នៃរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញ សម្រាប់គម្រោងអភិវឌ្ឍន៍គម្រោងទេសចរណ៍ផ្សាភ្ជាប់នឹងផ្ទះធម្មជាតិផ្ទះលំហែ (Tree house) ដោយមានការចូលរួមពីតំណាងក្រុមហ៊ុន ទ្រីហ្វ៊ូល ខេមបូឌា (Tryfull / Trueful Cambodia) និងអ្នកពាក់ព័ន្ធជាច្រើនរូប។
តាមតំណាងក្រុមហ៊ុន បានឲ្យដឹងថា គម្រោងទេសចរណ៍ធម្មជាតិនេះ មានគោលបំណងអភិរក្សធនធានធម្មជាតិ រុក្ខជាតិបៃតង ផ្ដល់សេវាកម្មទេសចរណ៍ធម្មជាតិ ការលើកកម្ពស់សេដ្ឋកិច្ចបៃតង និងការផ្សព្វផ្សាយ និងថែរក្សាវប្បធម៌។ ទីតាំងគម្រោងនេះត្រូវជួលពីរាជរដ្ឋាភិបាលសម្រាប់រយៈពេល ៥០ឆ្នាំ ដែលមានទំហំផ្ទៃដីចំនួន ២៣៥ ហិកតា នៃភ្នំខ្នងចេក នៃភូមិពពេល ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ស្ថិតក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្ដម ភ្នំគូលែន។
លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត បានលើកឡើងថា ខេត្តសៀមរាប មិនត្រឹមតែមានសក្ដានុពលទេសចរណ៍ដ៏សម្បូរបែបប៉ុណ្ណោះទេ ប៉ុន្តែក៏មានធនធានធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះដ៏មានតម្លៃ ដែលត្រូវការការចូលរួមថែរក្សាពីគ្រប់ភាគី។ ដូច្នេះការអភិវឌ្ឍទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិ ត្រូវធ្វើឡើងដោយឈរលើគោលការណ៍ «អភិវឌ្ឍដោយមិនបំផ្លាញធម្មជាតិ និងទាញយកប្រយោជន៍ពីធម្មជាតិដោយមានការទទួលខុសត្រូវ»។ លោកបានបន្ថែមថា ការអភិវឌ្ឍដែលមាននិរន្តភាព គឺត្រូវគិតគូរដល់ការការពារបរិស្ថាន សុខុមាលភាពរបស់ប្រជាពលរដ្ឋ ការចូលរួមរបស់សហគមន៍។ ប្រសិន បើមានការរៀបចំ និងការគ្រប់គ្រងបានល្អ ការអភិវឌ្ឍទេសចរណ៍អាចដើរទន្ទឹមគ្នាជាមួយការអភិរក្សធម្មជាតិ និងបង្កើតផលប្រយោជន៍រួមសម្រាប់រដ្ឋ ប្រជាពលរដ្ឋ វិនិយោគិន និងបរិស្ថាន។ ក្នុងន័យនេះ ការអនុវត្តគម្រោងត្រូវយកចិត្តទុកដាក់ ជាពិសេសលើការរៀបចំសកម្មភាពទេសចរណ៍ឱ្យសមស្របនឹងស្ថានភាពធម្មជាតិ និងសមត្ថភាពទ្រទ្រង់របស់តំបន់ ដោយកាត់បន្ថយការរំខានដល់ធនធានធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ី។ ហើយត្រូវគិតគូរពីការគ្រប់គ្រងសំណល់ ការប្រើប្រាស់ និងការបញ្ចេញទឹកកខ្វក់ ការគ្រប់គ្រងសំឡេង ការប្រើប្រាស់ធនធានធម្មជាតិ ការការពារជីវៈចម្រុះ និងការរក្សាសោភ័ណភាពទេសភាព។ លោកអភិបាលរងខេត្ត បានស្នើដល់ក្រុមហ៊ុនម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សា ឲ្យយកចិត្តទុកដាក់ខ្ពស់ចំពោះមតិយោបល់ និងអនុសាសន៍ដែលទទួលបានពីកិច្ចប្រជុំនេះ ដើម្បីយកទៅពិនិត្យ ពិចារណា និងបញ្ចូលជាធាតុចូលក្នុងការកែលម្អសេចក្ដីព្រាងរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន ឲ្យមានភាពត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ និងឆ្លើយតបទៅនឹងស្ថានភាពជាក់ស្ដែង។
សូមជម្រាបថា កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ខេត្តនេះ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការលើកកម្ពស់ ការចូលរួមរបស់សាធារណជន និងភាគីពាក់ព័ន្ធ ក្នុងដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដើម្បីធានាថាការអភិវឌ្ឍគម្រោងទេសចរណ៍នៅក្នុងតំបន់ធម្មជាតិ អាចប្រព្រឹត្តទៅប្រកបដោយការទទួលខុសត្រូវ តម្លាភាព និងចីរភាព ព្រមទាំងស្របតាមច្បាប់ និងបទដ្ឋានបច្ចេកទេសជាធរមាន៕