ទេសរដ្ឋមន្ត្រី គន់ គីម ណែនាំឱ្យអាជ្ញាធរខេត្តក្រចេះ ត្រៀមលក្ខណៈអន្តរាគមន៍ និងរៀបចំទីទួលសុវត្ថិភាព ឆ្លើយតបនឹងស្ថានភាពទឹកជំនន់ទន្លេមេគង្គ !

0

ដោយ៖ឡុង សំបូរ
ខេត្តក្រចេះ៖ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោកកិត្តិសង្គហបណ្ឌិត គន់ គីម បានណែនាំយ៉ាងម៉ឺងម៉ាត់ដល់រដ្ឋបាលខេត្តក្រចេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងអាជ្ញាធរមូលដ្ឋាន ត្រូវត្រៀមបម្រុងកម្លាំង សម្ភារ និងទីទួលសុវត្ថិភាពឱ្យបានរួចរាល់ ដើម្បីឆ្លើយតប និងជួយសង្គ្រោះប្រជាពលរដ្ឋរស់នៅតាមបណ្តោយទន្លេមេគង្គឱ្យបានទាន់ពេលវេលា ខណៈកម្រិតទឹកទន្លេកំពុងបន្តកើនឡើង។
ការណែនាំនេះ បានធ្វើឡើងក្នុងឱកាសដែល លោកកិត្តិសង្គហបណ្ឌិត ដឹកនាំប្រតិភូចុះពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ជាក់ស្តែងនៅតាមខ្នងផ្ទះប្រជាពលរដ្ឋ ក្នុងភូមិព្រែកកូវ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦។
ក្នុងសកម្មភាពចុះពិនិត្យនោះ គេសង្កេតឃើញថា ទឹកជំនន់បានលិចលង់ដល់ក្រោមផ្ទះប្រជាពលរដ្ឋភាគច្រើន។ លោកទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់តាមដានការវិវត្តនៃកម្ពស់ទឹកជាប្រចាំ ដើម្បីត្រៀមលក្ខណៈបម្រុងទុកជាមុន។ បើទោះបីជាប្រជាពលរដ្ឋភាគច្រើនមិនទាន់បានជម្លៀសចេញនៅឡើយក្តី ប៉ុន្តែការត្រៀមរៀបចំទីទួលសុវត្ថិភាពដែលមានស្រាប់ និងស្បៀងអាហារចាំបាច់ គឺជាកិច្ចការអាទិភាពដែលមិនត្រូវមើលរំលងឡើយ។
យោងតាមរបាយការណ៍បឋមពីអាជ្ញាធរខេត្តក្រចេះ បានឱ្យដឹងថា ជំនន់ទឹកទន្លេមេគង្គនាពេលនេះ បានបង្កផលប៉ះពាល់ដល់ក្រុង-ស្រុកចំនួន ៦ រួមមាន៖ ស្រុកឆ្លូង, ស្រុកព្រែកប្រសព្វ, ស្រុកសំបូរ, ក្រុងក្រចេះ, ស្រុកចិត្របុរី និងស្រុកអូរគ្រៀងសែនជ័យ។ ចំនួនប្រជាពលរដ្ឋរងផលប៉ះពាល់សរុបមាន ៨.២១០គ្រួសារ ក្នុងនោះអាជ្ញាធរបានអន្តរាគមន៍ជម្លៀសមកកាន់ទីទួលសុវត្ថិភាពបានចំនួន ១០១គ្រួសារហើយ៕