អាជ្ញាធរខេត្តព្រះវិហារ ចុះអន្តរាគមន៍ភ្លាមៗ ក្រោយហ្វូងដំរីព្រៃ ៦ ក្បាល ចូលកកាយភូមិឋាន បំផ្លាញដំណាំ និងបង្កឲ្យពលរដ្ឋ ២ នាក់រងរបួស !

0

ដោយ៖ឡុង សំបូរ
ខេត្តព្រះវិហារ៖ ហ្វូងដំរីព្រៃប្រមាណ ៦ ក្បាល បានចាកចេញពីតំបន់ព្រៃព្រះរកា ចូលមកកាន់ភូមិឋានប្រជាពលរដ្ឋ បង្កការខូចខាតទ្រព្យសម្បត្តិ ផលដំណាំ ព្រមទាំងបានជាន់ប្រជាពលរដ្ឋបណ្តាលឲ្យរងរបួសចំនួន ២ នាក់ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន បានចុះអន្តរាគមន៍ភ្លាមៗ ក្នុងហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងនៅនៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិពោធិ៍ខៀន ឃុំពោធិ ស្រុកត្បែងមានជ័យ។
អភិបាលស្រុកត្បែងមានជ័យ លោក ឃីន រស្មី បានឲ្យដឹង កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ថា ហ្វូងដំរីព្រៃទាំងនោះបានចូលមករុករានផ្ទះសម្បែង បំផ្លាញខ្ទម និងផលដំណាំរបស់កសិករ តាំងពីអំឡុងថ្ងៃទី១៥សីហា២០២៦ នោះមកម៉្លេះ ដែលធ្វើឲ្យអ្នកភូមិរស់នៅក្នុងភាពភ័យខ្លាចយ៉ាងខ្លាំង។ លោកបានបន្តថា ដើមហេតុនៃការចេញពីព្រៃធម្មជាតិ អាចបណ្តាលមកពីការកង្វះខាតស្បៀងអាហារនៅក្នុងព្រៃ ទើបធ្វើឲ្យហ្វូងដំរីទាំងនោះ ដើរស្វែងរកចំណីរហូតវង្វេងចូលមកដល់តំបន់រស់នៅរបស់ប្រជាពលរដ្ឋបែបនេះ។
ដើម្បីដោះស្រាយស្ថានការណ៍នេះ អាជ្ញាធរស្រុកត្បែងមានជ័យ ក្រោមការដឹកនាំផ្ទាល់ពីលោក ហុក សុផល អភិបាលរងខេត្តព្រះវិហារ បានដាក់ចេញនូវវិធានការសំខាន់ៗពីរ គឺ ត្រូវរៀបចំពិធីបញ្ជាន់អារក្ខ និងថ្វាយភ្លេង ទៅតាមទំនៀមទម្លាប់បុរាណតាំងពីដូនតា ដើម្បីសុំខមាទោស និងស្វែងយល់ពីមូលហេតុអរូបី នៃការចូលមករំខានរបស់ហ្វូងដំរីព្រៃ និងការប្រមូលផ្តុំកម្លាំងសមត្ថកិច្ចចម្រុះប្រមាណ ៤០ នាក់ រួមមាន អាវុធហត្ថ នគរបាល យោធា និងប្រជាការពារភូមិ ចុះទៅកាន់ទីតាំងកើតហេតុភ្លាមៗ ដើម្បីគៀងគរ និងបណ្តេញហ្វូងដំរីទាំងនោះ ឲ្យត្រឡប់ចូលទៅក្នុងព្រៃជម្រកដើមវិញដោយសុវត្ថិភាព។ ដោយឡែក ជនរងគ្រោះពីរនាក់ដែលដំរីព្រៃជាន់នោះ ត្រូវបានបញ្ជូនមកសង្គ្រោះនោះមន្ទីរពេទ្យភ្លាមៗផងដែរ៕