កម្ពុជាពង្រីកសសរទ្រូងសេដ្ឋកិច្ចនៅភូមិភាគឦសាន៖ ការសម្ពោធផ្លូវយុទ្ធសាស្ត្រ ៣ ខ្សែ និងផែនការតភ្ជាប់អន្តរខេត្ត-ព្រំដែន ប្រកបដោយគុណភាព និងចីរភាព

0

ខេត្តក្រចេះ៖ រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងបោះជំហានយ៉ាងស្ថិតស្ថេរ ក្នុងការប្រែក្លាយតំបន់ភូមិភាគឦសាន ឱ្យទៅជាប៉ូលសេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្តានុពល តាមរយៈការលើកកម្ពស់កម្រិត និងពង្រីកបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឥតឈប់ឈរ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវយុទ្ធសាស្ត្រ និងសេដ្ឋកិច្ចសំខាន់ៗចំនួន ៣ ខ្សែក្នុងខេត្តក្រចេះ និងត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានបង្ហាញពីសមិទ្ធផលថ្មី និងចក្ខុវិស័យវែងឆ្ងាយក្នុងការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនជាតិ។

កំណាត់ផ្លូវសំខាន់ៗទាំង ៣ ខ្សែដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងពេលនេះ រួមមាន៖ ផ្លូវជាតិលេខ ៧៣៖ តភ្ជាប់ពីចំណុចបំបែកប្រធាតុ រហូតដល់ស្ពានកំពង់រាំង (ព្រំប្រទល់ខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ) ,ផ្លូវខេត្តលេខ ៣៧៧៖ តភ្ជាប់ពីទីប្រជុំជនក្រុងក្រចេះ ឆ្ពោះទៅស្រុកសំបូរ តំបន់ទេសចរណ៍ធម្មជាតិព្រែកកាំពី និងតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រវិហារសសរ ១០០ និងផ្លូវខេត្តលេខ ៣៧៧A៖ តភ្ជាប់ពីទីប្រជុំជនផ្សារសណ្តាន់ ទៅកាន់ផ្លូវជាតិលេខ ៧ សម្រួលដល់ការធ្វើដំណើរឆ្ពោះទៅកាន់ខេត្តស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី។

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៉េង ពោធិ៍នា បានបញ្ជាក់ថា ការស្តារ និងសាងសង់ផ្លូវទាំងនេះ ធ្វើឡើងដើម្បីដោះស្រាយបញ្ហាទ្រុឌទ្រោមនៃផ្លូវចាស់ និងឆ្លើយតបចំពោះការខូចខាតពីគ្រោះទឹកជំនន់ ដែលតែងកើតមាននាដូវវស្សា ធានាបាននូវការធ្វើដំណើរ និងដឹកជញ្ជូនកសិផលបានពេញមួយឆ្នាំ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ​ដើម្បីបន្តពង្រឹងការតភ្ជាប់តំបន់ភូមិភាគឦសានទៅកាន់តំបន់កណ្តាល និងប្រទេសជិតខាង ក្រសួងសាធារណការកំពុងជម្រុញការសិក្សា និងអនុវត្តគម្រោងធំៗចំនួន ៣ បន្ថែមទៀត៖ គឺ ១. ផ្លូវជាតិលេខ ៦០B៖ តភ្ជាប់ខេត្តក្រចេះទៅខេត្តកំពង់ធំ ដែលជាសរសៃឈាមតភ្ជាប់តំបន់ឦសាន មកតំបន់កណ្តាលនៃប្រទេស ,២. ផ្លូវជាតិលេខ ៧៨-៥៖ តភ្ជាប់ពីក្រុងបានលុង ខេត្តរតនគិរី ទៅកាន់តំបន់កន្ទុយនាគ និងឆ្ពោះទៅព្រំដែនកម្ពុជា-វៀតណាម និង៣. កំណាត់ផ្លូវជាតិលេខ ៧៖ ស្តារ និងពង្រីកចាប់ពីចំណុចរមាត (ខេត្តក្រចេះ) ទៅដល់ត្រពាំងគ្រៀល (ខេត្តស្ទឹងត្រែង)។

បន្ថែមពីនេះ រាជរដ្ឋាភិបាលក៏កំពុងសិក្សាការបើកច្រកទ្វារព្រំដែនថ្មីៗ ជាមួយប្រទេសឡាវ និងវៀតណាម ដើម្បីបើកផ្លូវឱ្យពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ទេសចរណ៍ និងកិច្ចសហប្រតិបត្តិការតំបន់កាន់តែមានភាពស៊ីជម្រៅ។

ថ្លែងក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍យ៉ាងម៉ឺងម៉ាត់ដល់ក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ឱ្យយកចិត្តទុកដាក់ខ្ពស់លើ «គុណភាព ស្តង់ដារបច្ចេកទេស និងផលប៉ះពាល់បរិស្ថាន» ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត។ ​សម្តេចធិបតីបានគូសបញ្ជាក់ថា ការសាងសង់ផ្លូវមិនមែនបញ្ចប់ត្រឹមតែពិធីសម្ពោធនោះទេ ប៉ុន្តែការថែទាំជាប្រចាំ ការត្រួតពិនិត្យបច្ចេកទេស និងការចូលរួមពីអ្នកប្រើប្រាស់ផ្លូវ គឺជាកត្តាកំណត់អាយុកាលប្រើប្រាស់យូរអង្វែង។

ជាមួយគ្នានេះ សម្តេចធិបតីក៏បានលើកសរសើរគំរូនៃការទទួលខុសត្រូវរបស់ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដែលបានចុះអន្តរាគមន៍ជួសជុល និងលុបបំពេញក្រឡុកផ្លូវភ្លាមៗ ថាជាស្មារតីម្ចាស់ការ និងជាគំរូដ៏ល្អសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការថែរក្សាទ្រព្យសម្បត្តិសាធារណៈ។

ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៅភូមិភាគឦសាននេះ មិនត្រឹមតែជួយកាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងរាជធានី និងខេត្តឆ្ងាយៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ចុះតម្លៃដើមនៃការដឹកជញ្ជូនកសិផល និងទំនិញផ្សេងៗ បង្កើតការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមរយៈកំណើនទេសចរណ៍ធម្មជាតិ និងប្រវត្តិសាស្ត្រ ពង្រឹងសន្តិសុខជាតិ និងការការពារបូរណភាពទឹកដីតាមតំបន់ព្រំដែន៕ដោយ៖ឡុង សំបូរ