អណ្តូងទឹកស្អាតធន់នឹងការប្រែប្រួលអាកាសធាតុ ៤កន្លែងនៅស្រុកបុរីអូរស្វាយសែនជ័យ សម្រេចការសាងសង់បាន ៤០ភាគរយហើយ

0

ខេត្តស្ទឹងត្រែង៖ គម្រោងសាងសង់អណ្តូងទឹកស្អាតធន់នឹងការប្រែប្រួលអាកាសធាតុចំនួន ៤កន្លែង នៅភូមិណាអូង ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង សម្រេចការងារបានប្រមាណ ៤០ភាគរយ ខណៈក្រុមការងារបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានចុះត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារនៅការដ្ឋាន ដើម្បីធានាគុណភាព និងស្តង់ដារបច្ចេកទេស មុនឈានទៅអនុវត្តដំណាក់កាលបន្ទាប់។

ការចុះបេសកកម្មនេះធ្វើឡើងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ដោយក្រុមការងារបច្ចេកទេសមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង ដឹកនាំ និងសម្របសម្រួលដោយ លោក សយ គា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត រួមជាមួយក្រុមការងារបច្ចេកទេសមកពីនាយកដ្ឋានផ្គត់ផ្គង់ទឹក នៃក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមថវិកាកម្មវិធីឆ្នាំ២០២៦។

ក្នុងការចុះត្រួតពិនិត្យ ក្រុមការងារបានផ្តោតលើវឌ្ឍនភាពការងារ ដែលសម្រេចបាន ការខួងអណ្តូង គុណភាពសំណង់ និងការផ្គុំរចនាសម្ព័ន្ធអណ្តូង ព្រមទាំងពិនិត្យការអនុវត្តការងារជាក់ស្តែងឱ្យស្របតាមបទដ្ឋាន និងលក្ខណៈបច្ចេកទេសដែលបានកំណត់។

អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង លោក សយ គា បានបញ្ជាក់ថា ការវាយតម្លៃដំណាក់កាលទី១ មានគោលបំណងផ្ទៀងផ្ទាត់លទ្ធផលការងារ ដែលសម្រេចបានប្រមាណ ៤០ភាគរយ ធៀបនឹងផែនការសាងសង់សរុប និងផ្តល់អនុសាសន៍បច្ចេកទេសចាំបាច់ ដើម្បីជួយតម្រង់ទិសដល់ក្រុមការងារសាងសង់ ឱ្យបន្តអនុវត្តការងារនៅដំណាក់កាលបន្ទាប់ប្រកបដោយប្រសិទ្ធភាព។

លោក សយ គា បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការគោរពស្តង់ដារបច្ចេកទេស និងគុណភាពសំណង់ ព្រោះអណ្តូងទឹកមិនត្រឹមតែត្រូវឆ្លើយតបនឹងតម្រូវការទឹកស្អាតរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានសមត្ថភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងអាចប្រើប្រាស់បានយូរអង្វែងផងដែរ។

គម្រោងអណ្តូងទឹកទាំង ៤នេះ ត្រូវបានរំពឹងថា នឹងរួមចំណែកកាត់បន្ថយបញ្ហាកង្វះទឹកប្រើប្រាស់ ជាពិសេសក្នុងរដូវប្រាំង និងជួយឱ្យប្រជាពលរដ្ឋក្នុងភូមិណាអូង មានប្រភពទឹកស្អាត និងមានសុវត្ថិភាពសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។ ជាមួយគ្នានេះ ការមានប្រភពទឹកស្អាតក៏អាចជួយលើកកម្ពស់អនាម័យ សុខុមាលភាព និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ។

លោក សយ គា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងភូមិណាអូង ឱ្យចូលរួមថែរក្សា ការពារ និងប្រើប្រាស់អណ្តូងទឹកទាំងនេះឱ្យបានត្រឹមត្រូវ បន្ទាប់ពីការសាងសង់ត្រូវបានបញ្ចប់ ដើម្បីធានាឱ្យហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតនេះ អាចផ្តល់ប្រយោជន៍ដល់សហគមន៍បានយូរអង្វែង។

ការវិនិយោគលើប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ដែលមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ ត្រូវបានចាត់ទុកថា ជាផ្នែកសំខាន់មួយក្នុងការពង្រឹងសន្តិសុខទឹក និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋនៅតំបន់ជនបទ ជាពិសេសតំបន់ដែលនៅតែប្រឈមនឹងបញ្ហាប្រភពទឹកមិនទៀងទាត់តាមរដូវកាល៕ដោយ៖ឡុង សំបូរ