សៀមរាប: នៅក្នុងកម្មវិធីបុណ្យ ផ្កាប្រាក់សាមគ្គី និង បុកគ្រឹះសាងសង់ខ្លោងទ្វារវត្តប្រាសាទគោកចកដែលក្រោមគំនិតផ្ដួចផ្ដើមរបស់ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះគ្រូចៅអធិការវត្ត ព្រះសង្ឃ អាចារ្យ គណៈកម្មការ អាជ្ញាធរមូលដ្ឋាន ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយដើម្បីប្រមូលបច្ច័យយកមកកសាងខ្លោងទ្វារវត្ត ដើម្បីសម្រួលដល់ការធ្វើ
ដំណើរ របស់ពុទ្ធបរិស័ទចេញចូលក្នុងវត្ត នាព្រឹកថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០២៦ នេះ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាបបានមានប្រសាសន៍ថាការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងវត្តអារាមគឺជាកិច្ចការដ៏មានសារៈសំខាន់ដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនា ព្រមទាំងផ្តល់ផលប្រយោជន៍ដល់សង្គមជាតិនិងប្រជាពលរដ្ឋទូទៅ ។ ការកសាង របង ខ្លោងទ្វារ និងផ្លូវថ្នល់ គឺដើម្បីកំណត់ព្រំប្រទល់ រក្សាសន្តិសុខសណ្តាប់ធ្នាប់ និងងាយស្រួលក្នុងការធ្វើដំណើរក្នុងវត្ត។ ឯកឧត្តមអ្នកឧកញ៉ា សៀងណាំ បន្តថា វត្តអារាមនៃព្រះពុទ្ធសាសនា មានតួនាទីសំខាន់ណាស់ក្នុងសង្គមខ្មែរយើងគឺជាកន្លែងអប់រំមនុស្សឲ្យធ្វើអំពើល្អ ហើយក៏ជាកន្លែងផ្ទុកនូវសម្បត្តិវប្បធម៌ និង បច្ចេកទេសរបស់ជាតិ ។ ទីវត្តអារាមមិនត្រឹមតែជាកន្លែងសក្ការបូជា និងជាបង្អែកខាងផ្លូវចិត្តរបស់បងប្អូនពុទ្ធបរិស័ទប៉ុណ្ណោះទេ ប៉ុន្តែក៏ជាជម្រកនៃការបណ្តុះបណ្តាលធនធានមនុស្ស វប្បធម៌ អក្សរសាស្ត្រ និងសីលធម៌សង្គមដ៏សំខាន់ផងដែរ។ ការរីកចម្រើនផ្នែកពុទ្ធចក្រ គឺមិនអាចកាត់ផ្ដាច់ចេញពីការរីកចម្រើនផ្នែកអាណាចក្របានឡើយ។ ក្រោមម្លប់នៃ សន្តិភាព និងការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល បានធ្វើឱ្យប្រទេសជាតិយើងមានឱកាសពេញលេញក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាង។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមអ្នកឧកញ៉ា សៀងណាំ ក៏បានថ្លែងអំពាវនាវដល់បងប្អូនពុទ្ធបរិស័ទ លោកតា លោកយាយទាំងអស់ មេត្តាជួយថែរក្សា ការពារសមិទ្ធផលដែលយើងបានកសាងនៅថ្ងៃនេះ ឱ្យបានគង់វង្សយូរអង្វែងសម្រាប់កូនចៅជំនាន់ក្រោយ និងសូមបន្តរួបរួមគ្នារក្សាសាមគ្គីភាពផ្ទៃក្នុង ដើម្បីភាពសុខសាន្តនៅក្នុងសហគមន៍របស់យើង ។
ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក បានមានថេរដីកាឲ្យដឹងថា ដោយសារការកសាងសមិទ្ធផលធំៗត្រូវចំណាយថវិកាច្រើន ដែលបុគ្គលម្នាក់ៗមិនអាចធ្វើទៅរួច ដូច្នេះគឺត្រូវបង្កើតបុណ្យផ្កានេះឡើង ដើម្បីឲ្យអ្នកមានសទ្ធាជ្រះថ្លាអាចចូលរួមម្នាក់បន្តិចៗតាមកម្លាំងសទ្ធា រហូតបានជាទឹកប្រាក់ច្រើនដើម្បីសម្រេចការងាររួម។ តាមជំនឿព្រះពុទ្ធសាសនា ខ្មែរយើងជឿថាការបរិច្ចាគទ្រព្យធន ដើម្បីប្រយោជន៍រួម និងប្រយោជន៍សាសនា ជាការសន្សំកុសលផលបុណ្យសម្រាប់ជាតិមុខ និង ដើម្បីសេចក្ដីសុខក្នុងជាតិកាលនេះ។ ពិធីបុណ្យផ្កាប្រាក់សាមគ្គី គឺជាយន្តការនៃការចែករំលែក និង ការរួមរួមកម្លាំងគ្នារបស់ប្រជាជនខ្មែរ ដើម្បីអភិវឌ្ឍសង្គម និងលើកកម្ពស់វិស័យសាសនា ។ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន បានមានថេរដីកាបន្ថែមឲ្យដឹងទៀតថា ការសាងសង់ខ្លោងទ្វារ ដើម្បីសម្រួលដល់ការធ្វើ ដំណើរ របស់ពុទ្ធបរិស័ទចេញចូលក្នុងវត្តនាពេលនេះគឺមានទទឹងប្រវែង ១០.៥០ម៉ែត្រ និងកម្ពស់១១.៥០ម៉ែត្រ ដែលគ្រោងនិងចំណាយថវិកាសរុបអស់ចំនួន៣៦ពាន់ដុល្លារ ។ ក្នុងនោះដែរឯកឧត្តមអ្នកឧកញ៉ា សៀងណាំ ក៏បានប្រគេនបច្ច័យសម្រាប់ សាងសង់ខ្លោងទ្វារវត្ត ចំនួន១ពាន់ដុល្លាផងដែរ ។
ក្នុងកម្មវិធីបុណ្យផ្កាប្រាក់សាមគ្គី និងបុកគ្រឹះសាងសង់ខ្លោងទ្វារវត្តប្រាសាទគោកចកនាពេលនោះដែរ លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាបតំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណះអភិបាលខេត្តសៀមរាប រួមជាមួយនិងមន្ត្រីរាជការនៃសាលាខេត្តសៀមរាបបាននាំយកនូវថវិការបស់រដ្ឋបាលខេត្តចំនួន ៨លាន៥សែន រៀល ប្រគេនជូនដល់ព្រះគ្រូចៅអធិការវត្ត ដើម្បីចូលរួមក្នុងការកសាងខ្លោងទ្វារវត្ត ។ ក្នុងនាមអាជ្ញាធរខេត្តសៀមរាប លោក ឌី រ៉ាដូ ក៍បានថ្លែងនូវការកោតសរសើរ ចំពោះព្រះគ្រូចៅអធិការវត្ត ព្រះសង្ឃ គណៈកម្មការ អាចារ្យវត្ត ពុទ្ធបរិស័ទចំណុះជើងវត្ត និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលមានសទ្ធាជ្រះថ្លារួមចំណែកក្នុងការកសាងខ្លោងទ្វារក៍ដូចជាសមិទ្ធនានាក្នុងវត្តដើម្បីជួយលើកកម្ពស់សោភ័ណភាពវត្តអារាមហើយថែមទាំងជាការរួមចំណែកយ៉ាងធំធេងក្នុងការថែរក្សា និងលើកស្ទួយវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ឲ្យកាន់តែរីកចម្រើនរុងរឿងផងដែរ៕






































