បន្ទាយមានជ័យ ៖គ្រួសារពលរដ្ឋចំនួនពីរភូមិ គីភូមិខ្វាវ និងភូមិត្បែង ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ទទួលបានវញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប្លង់រឹង)ហើយ បន្ទាប់ពីក្រុមវាលចុះវាស់វែងកណត់ព្រំ និងបិតផ្សាយជាសាធារណះរយះពេល១៥ថ្ងៃរួចមក។
មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ និងរដ្ឋបាលស្រុកព្រះនេត្រព្រះ បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ២២៤៧ បណ្ណ នៅក្នុងភូមិចំនួនពីរគីភូមិខ្វាវ និងភូមិត្បែង ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
ពិធីនេះប្រារព្ធធ្វេីឡេីងក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត បន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦នេះ។
លោក ហឿន វីរៈ អភិបាលនៃ គណៈអភិបាលស្រុកព្រះនេត្រព្រះ បានបញ្ជាក់ឱ្យដឹងថា រដ្ឋបាលស្រុក បានសហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត រៀបចំដំណើរការលើការវាស់វែង និងការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធបញ្ចប់ទូទាំងស្រុក ចែកបណ្ណកម្មសិទ្ធិ បញ្ចប់ការបិទផ្សាយ និងកំពុងបិទផ្សាយផងដែរ។
លោកអភិបាលស្រុក បន្តថា ការចែកវិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលនវត្ថុ(ប័ណ្ណកម្មសិទ្ធិ)ជូនម្ចាស់ក្បាលដីនេះ ស្ថិតនៅភូមិខ្វាវ ចំនួន ១.១៤០បណ្ណ និងភូមិត្បែង ចំនួន ១.១០៧បណ្ណ សរុបចំនួន ២.២៤៧បណ្ណ គឺបញ្ចប់ការចែកបណ្ណទាំងស្រុងនៅក្នុងឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ។
នាឱកាសនោះដែរឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ ពីអត្ថប្រយោជន៍នៃបណ្ណកម្មសិទ្ធិរបស់បងប្អូនជាម្ចាស់ដី គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដូចជាការធានាភាពស្របច្បាប់ កាត់បន្ថយវិវាទដីធ្លី ងាយស្រួលក្នុងការផ្ទេរសិទ្ធិ(ជាអំណោយក្ដី ជាការលក់ក្តី) រួមទាំងការដាក់បញ្ចាំនៅធនាគារ ដើម្បីខ្ចីប្រាក់ពង្រីកមុខរបរជាដើម។
ឯកឧត្តម អភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ទាំងពីរភូមិ ក្នុងឃុំ បុស្បូវ ដែលបានបញ្ចប់ការវាស់វែង និងកំពុងវាស់វែង បន្តសហការជាមួយនឹងអាជ្ញាធរ ក៏ដូចជាក្រុមវាលកំណត់ព្រំប្រទលលឱ្យបានច្បាស់លាស់ដើម្បីកុំឲ្យមានវិវាទចំពោះបញ្ហានេះ។
ដោយឡែកក្នុងករណីដីមានទំនាស់ ឯកឧត្តម បានណែនាំឱ្យម្ចាស់ដីទាំងសងខាង ធ្វេីការសម្រលសម្រួលដោះស្រាយវិវាទគ្នាឱ្យបានចប់ ដេីម្បីមន្ទីរជំនាញចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនដល់បងប្អូនសម្រាប់យកទៅប្រេីប្រាស់តាមតម្រូវការជាក់ស្តងផងដែរ។
សូមបញ្ជាក់ថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ មានរយៈពេល ០៧ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែសីហា ដល់ថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០២៦ ផុតរយៈពេលកំណត់មន្រ្តីជំនាញមន្ទីរ នឹងបន្តចែកបណ្ណជូនបងប្អូនប្រជាពលរដ្ឋ នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ រៀងរាល់ម៉ោងធ្វើការ ដោយមិនកំណត់រយៈពេលនោះឡើយ។ដោយ៖ ឃិន គន្ធា




































