កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា ជំនន់ទឹកទន្លេមេគង្គ នៅក្នុងភូមិសាស្ត្រស្រុកកំពង់សៀម បណ្តាលឱ្យដំណាំរួមផ្សំជាង ៣០០ហិកតា របស់ប្រជាពលរដ្ឋប្រមាណជាង ២០០គ្រួសារ រងការខូចខាតទាំងស្រុង ថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពនិងផលប៉ះពាល់
ដោយជំនន់ទឹកទន្លេមេគង្គ ក្នុងស្រុកកំពង់សៀម នាថ្ងៃទី២៩ សីហា ២០២៦ ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់មន្ត្រីជំនាញ នៃមន្ទីរអង្គភាពពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ ត្រូវរៀបចំឯកសារឱ្យបានច្បាស់លាស់ និងឱ្យបានឆាប់រហ័ស ពោលគឺត្រូវធ្វើបច្ចុប្បន្នភាព អំពីស្ថានភាពជាក់ស្ដែងនៃដំណាំដែលរងការខូចខាតនៅទូទាំងខេត្ត ដើម្បីស្នើសុំទៅគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ សម្រាប់ធ្វើការស្តារឡើងវិញ ឱ្យបានទាន់ពេលវេលា ។
បេីតាមលោកប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកំពង់ចាម បានឱ្យដឹងថា សម្រាប់ខេត្តកំពង់ចាម ចាប់គិតត្រឹមថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦នេះ ទឹកទន្លេមេគង្គ បានស្រកចុះនៅត្រឹមកម្ពស់ ១៣.១០ម៉ែត្រ បេីប្រៀបធៀបទៅនឹងថ្ងៃម្សិលមិញ គឺទឹកស្រកចុះ ០.២៣ម៉ែត្រ ដោយឡែកថ្ងៃដូចគ្នាក្នុងឆ្នាំ២០២៥កន្លងទៅ គឺទឹកមានកម្ពស់ ១០.៩៦ម៉ែត្រ ខណៈកម្ពស់ទឹក ដែលត្រូវប្រកាសឱ្យមានការប្រុងប្រយ័ត្ន ១៥.២០ម៉ែត្រ ៕




































