ទឹកជំនន់ទន្លេមេគង្គបង្កផលប៉ះពាល់ប្រជាពលរដ្ឋ ៣៦៣គ្រួសារ នៅក្នុងស្រុកពីរ នៃខេត្តស្ទឹងត្រែង

0

ខេត្តស្ទឹងត្រែង៖ ប្រជាពលរដ្ឋ ៣៦៣គ្រួសារ នៅក្នុងស្រុកថាឡារិវ៉ាត់ និងស្រុកសេសាន នៃខេត្តស្ទឹងត្រែង ដែលរងផលប៉ះពាល់ពីរបបទឹកទន្លេមេគង្គ និងសេកុងនាពេលកន្លងទៅថ្មីៗនេះ ទទួលបានការយកចិត្តទុកដាក់ពីអាជ្ញាធរខេត្ត និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រោយរបបទឹកទន្លេបានថមថយចុះទៅវិញ។

ទន្ទឹមនឹងការរងផលប៉ះពាល់នោះដែរ លោក គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) តំណាងដ៏ខ្ពង់ខ្ពស់លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ គ.ជ.គ.ម. និងលោក ម៉ែន គុង អភិបាលរងខេត្តស្ទឹងត្រែង អភិបាលស្រុក មន្ទីរ-អង្គភាព និងមន្ត្រីជំនាញពាក់ព័ន្ធ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ បានចុះពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ដល់ប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រស្រុកថាឡាបរីវ៉ាត់ និងស្រុកសេសាន ខេត្តស្ទឹងត្រែង។

ដំណើរចុះពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ដល់ប្រជាពលរដ្ឋនាពេលនោះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) និងអាជ្ញាធរខេត្ត ស្រុក មន្ទីរ-អង្គភាព មន្ត្រីជំនាញ បានចុះពិនិត្យនៅ ភូមិវាលខ្សាច់ និងភូមិថាឡាបរិវ៉ាត់ ស្ថិតក្នុងឃុំថាឡា ភូមិអូរស្វាយ ភូមិអន្លង់ស្វាយ ភូមិអូររៃ និងភូមិកាំចាម ស្ថិតក្នុងឃុំកាំចាម ស្រុកថាឡាបរិវ៉ាត់ ដើម្បីវាយតម្លៃស្ថានភាពជាក់ស្តែង និងស្វែងយល់ពីផលប៉ះពាល់ ព្រមទាំងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្រោយពេលទឹកជំនន់។

នាឱកាសនោះ តាមការពិនិត្យជាក់ស្តែង នៅតាមភូមិសាស្ត្រខាងលើ មានប្រជាពលរដ្ឋសរុប ៣៦៣គ្រួសារ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ ក្នុងនោះមាន ១០គ្រួសារ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ដើម្បីធានាសុវត្ថិភាពក្នុងអំឡុងពេលស្ថានភាពទឹកបាន និងកំពុងកើនឡើង។

យ៉ាងណាក៏ដោយ បច្ចុប្បន្ន ស្ថានភាពទឹកបានស្រកចុះជាបន្តបន្ទាប់ និងវិលមករកស្ថានភាពប្រក្រតីឡើងវិញ ហើយប្រជាពលរដ្ឋដែលបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ក៏បានវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញជាបណ្តើរៗហើយដែរ។

ស្របពេលជាមួយគ្នានោះ លោក គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានស្នើឱ្យប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះ អនាម័យ ទឹកស្អាត បរិស្ថានជុំវិញលំនៅឋាន និងការប្រើប្រាស់អាហារ ដែលមានសុវត្ថិភាព ដើម្បីការពារសុខភាព និងបង្ការជំងឺផ្សេងៗ ដែលអាចកើតមាននៅក្រោយពេលទឹកជំនន់ស្រកចុះ។

លោក គីម វីរៈ បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើការតាមដានស្ថានភាពទឹក ការប្រមូល និងធ្វើបច្ចុប្បន្នភាពទិន្នន័យប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ព្រមទាំងស្វែងយល់ឱ្យបានច្បាស់ពីតម្រូវការរបស់ពួកគាត់ ដើម្បីអាចធានាសុវត្ថិភាព និងឆ្លើយតបបានទាន់ពេលវេលា ប្រសិនបើស្ថានភាពទឹកមានការប្រែប្រួល ឬកើនឡើងវិញ។

គួរបញ្ជាក់ថា ក្នុងអំឡុងពេលកម្ពស់ទឹកទន្លេមេគង្គកើនឡើង ខេត្តស្ទឹងត្រែងបានរងផលប៉ះពាល់ដោយទឹកជំនន់នៅ ស្រុកចំនួន៥ និងក្រុង១ រួមមាន៖ ស្រុកសេសាន ស្រុកសៀមបូក ស្រុកសៀមប៉ាង ស្រុកថាឡាបរិវ៉ាត់ ស្រុកបុរីអូរស្វាយសែនជ័យ និងក្រុងស្ទឹងត្រែង សរុបចំនួន ២៣ឃុំ-សង្កាត់។

ស្ថានភាពនេះទាមទារឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងត្រៀមលក្ខណៈឆ្លើយតបជាប្រចាំ ដើម្បីធានាសុវត្ថិភាពអាយុជីវិត ទ្រព្យសម្បត្តិ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ នៅតំបន់ដែលងាយរងគ្រោះដោយទឹកជំនន់៕ដោយ៖ឡុង សំបូរ