រដ្ឋបាលសង្កាត់ក្នុងក្រុងសៀមរាបរួមនិងសប្បុរសជន បន្តនាំយកយកនូវគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ជូនកងទ័ពជួរមុខ

0

សៀមរាប: រដ្ឋបាលសង្កាត់ស្រង៉ែដែលដឹកនាំដោយលោកស្រី ធិវ រួន ដែលជាចៅសង្កាត់ រួមទាំងមានការចូលរួមពីអាជ្ញាធរសង្កាត់ស្លក្រាម សង្កាត់គោកចក និង សង្កាត់សាលាកំរើកក្នុងក្រុងសៀមរាប ខេត្តសៀមរាប រួមជាមួយនិងសប្បុរសជន បាននាំយកនូវគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ចាំបាច់ ជូនដល់កងទ័ពជួរមុខក្នុងខេត្តឧត្តរមានជ័យ កាលពីរសៀលថ្ងៃទី៣០ខែ សីហា ឆ្នាំ ២០២៦។
លោកស្រី ធិវ រួន បានមានប្រសាសន៍ឲ្យដឹងថា ការចូលរួមរបស់អាជ្ញាធរសង្កាត់ រួមនិងសប្បុរសជនទាំងអស់នាពេលនេះ គឺជារូបភាពឆ្លុះបញ្ចាំងពី «វប្បធម៌ចែករំលែក» របស់ប្រជាជនកម្ពុជា ដែលមិនបោះបង់គ្នាក្នុងគ្រាលំបាកឡើយ។ ហើយសកម្មភាពអាជ្ញាធរ និងសប្បុរសជន នាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារប្រគល់ជូនកងទ័ពជួរមុខនៅខេត្តឧត្តរមានជ័យនាពេលនេះ គឺជាការបង្ហាញពីស្មារតីសាមគ្គីភាព ក្តីស្រឡាញ់ និងការគាំទ្រដល់កងកម្លាំងការពារព្រំដែន និងដើម្បីបង្ហាញពីការរួមសុខរួមទុក្ខ រវាងសមរភូមិក្រោយ និងសមរភូមិមុខ ក្នុងការចូលរួមចំណែក ជួយសម្រាលការលំបាក និងការខ្វះខាតផ្សេងៗរបស់កងកម្លាំងកងទ័ព និងផ្តល់កម្លាំងចិត្តដ៏កក់ក្តៅដល់វីរកងទ័ពជួរមុខដែលកំពុងលះបង់ដើម្បីជាតិ។
លោកស្រីចៅសង្កាត់ស្រង៉ែ បានបន្តថា ការនាំយកនូវគ្រឿងឧបភោគបរិភោគមកជូនបងប្អូនកងទ័ពនាពេលនេះ គឺស្ដែងចេញពីទឹកចិត្ត និងការដឹងគុណយ៉ាងជ្រាលជ្រៅរបស់សប្បុរសជន ក៏ដូចជាប្រជាពលរដ្ឋ នៅសមរភូមិក្រោយ ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់បងប្អូនកងទ័ព ដែលបានលះបង់កម្លាំងកាយចិត្ត ជម្នះរាល់ការលំបាក ដើម្បីការពារបូរណភាពទឹកដី និងសុខសន្តិភាពជូនជាតិមាតុភូមិ។ លោកស្រី ធិវ រួន ក៍បានមានប្រសាសន៍បញ្ជាក់បន្ថែមទៀតថា អំណោយទាំងនេះ បានមកពីការអំពាវនាវ និងកៀរគររបស់អាជ្ញាធរសង្កាត់ចំពោះសប្បុរសជន និងបងប្អូនប្រជាពលរដ្ឋ តាមរយៈអាជ្ញាធរសង្កាត់ហើយក៏ជាទឹកចិត្តសប្បុរសធម៌ ក្នុងស្មារតីចែករំលែករបស់សប្បុរសជន ដែលបានបរិច្ចាគដោយស្ម័គ្រចិត្ត ដែលជាសក្ខីកម្មបញ្ជាក់ពីសាមគ្គីភាព និងជាកម្លាំងចិត្តដ៏កក់ក្ដៅ ជូនដល់កងកម្លាំងជួរមុខរបស់យើង ឱ្យបន្តស្មារតីស្នេហាជាតិដ៏រឹងមាំតទៅមុខទៀត។  ដោយក្នុងនោះដែរអំណោយទាំងអស់នោះគឺបានធ្វើការប្រគល់ជូនដល់កងទ័ពជូនជួរមុខដែលកំពុងឈរជើងបំពេញភារកិច្ចការពារបូរណភាពទឹកដី តាមខ្សែបន្ទាត់ព្រំដែន ស្ថិតក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និង បឹងត្រកួន ដែលមានចំនួន៦គោលដៅរួមមាន ៖ អូរស្មាច់ .អូរខ្លាឃ្មុំ .តាក្របី. ប្រាសាទតាមាន់ .វត្តតាមាន់សែនជ័យនិងបឹងត្រកួន៕