ព្រះវិហា៖ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី ៣១ ខែសីហាឆ្នាំ ២០២៦នេះ បានដឹកនាំគណៈប្រតិភូនាំយកអំណោយដែលជា គ្រឿងឧបភោគ បរិភោគចំនួន ១៥មុខ និងថវិកាចំនួន ៥៤,២២៥,០០០រៀល ដែនជាអំណោយដ៏ថ្លៃថ្លាអ្នកឧកញ៉ា ព្រឹទ្ធឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងមហាឧបាសក លីន គ្រីព្រមទាំងចៅៗចែកជូនវីរកងទ័ព និងគ្រួសារកងទ័ព នៃកងពលតូចអន្តរាគមន៍ លេខ១២៨ ដែល កំពុងបំពេញភារកិច្ចនៅទិសប្រាសាទព្រះវិហារ។ដោយម្នាក់ៗទទួលបាន ៥ ម៉ឺនរៀល ព្រមទាំងថវិកា ៣០,០០០,០០០រៀលទៀត ជូនអង្គភាពកងពលតូចលេខ១២៨។

ពិធីនេះធ្វើឡើងនៅវរសេនាតូចលេខ៤៤៧ តំបន់ប្រតិបត្តិការសឹករងថ្មធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយមានការចូលរួមពី ឯកឧត្តម ជិត គន្ធល អគ្គាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ។ក្នុងឱកាសនោះ ឯកឧត្តម ជិត គន្ធល បានសំណេះសំណាល សួរសុខទុក្ខ និងពាំនាំការសួរសុខទុក្ខពី សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនចំពោះវីរកងទ័ព ព្រមទាំងថ្លែងអំណរគុណ ចំពោះកង ទ័ពដែលបានលះបង់កម្លាំងកាយចិត្ត ដើម្បីការពារបូរណភាពទឹកដី និងមាតុភូមិកម្ពុជា។ លោកក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលនៅតែប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។

លោកឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចលេខ១២៨ បានថ្លែងអំណរគុណចំពោះ ការយកចិត្តទុកដាក់ និងការឧបត្ថម្ភជាបន្តបន្ទាប់ដល់កងទ័ព ព្រមទាំងជូនពរដល់ ចៅៗអ្នកឧកញ៉ា ប៊ុន ស៊ាងលី និងមហាឧបាសក លីន គ្រី ព្រមទាំងសប្បុរសជន សូមមានសុខភាពល្អ និងសេចក្តីសុខចម្រើន៕





































