ខេត្តព្រះវិហារ៖ កម្លាំងជំនាញផ្នែករដ្ឋបាលព្រៃឈើឆែប បានបើកប្រតិបត្តិការបង្ក្រាបការលួចដឹកជញ្ជូនឈើខុសច្បាប់យ៉ាងក្តៅគគុក ដោយបានឃាត់ខ្លួនជនសង្ស័យ មធ្យោបាយ និងវត្ថុតាងរថយន្ត Starex មួយគ្រឿង របស់ស្ត្រីឈ្មួញម្នាក់ដែលគេស្គាល់ឈ្មោះ ធឹង ហុងម៉ី ដែលបានលួចបន្លំដាក់ឈើពីក្រោមទំនិញ ដើម្បីគេចវេះពីភ្នែកសមត្ថកិច្ច។
ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ ដឹកនាំបញ្ជាផ្ទាល់ដោយ លោក សេង លាង នាយផ្នែករដ្ឋបាលព្រៃឈើឆែប ដោយបានចុះស្ទាក់ និងឃាត់រថយន្តកូរ៉េ ម៉ាក Hyundai Starex ពណ៌ផ្ទៃមេឃ ពាក់ផ្លាកលេខ ភ្នំពេញ 2AZ-5098 ពេលកំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ចេញពីភូមិដងផ្លិត ឃុំកំពង់ស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ ដោយគ្មានលិខិតអនុញ្ញាតពីអាជ្ញាធរជំនាញឡើយ។
តាមប្រភពពីសមត្ថកិច្ចជំនាញបានឱ្យដឹងថា នៅក្នុងរថយន្តខាងលើ មានការលួចលាក់បន្លំដាក់ឈើតាប់ប្រភេទលេខ១ ពីខាងក្រោមទំនិញផ្សេងៗជាច្រើនមុខ។ យានយន្ត និងបទល្មើសនេះ មានម្ចាស់ការទទួលខុសត្រូវឈ្មោះ ធឹង ហុងម៉ី ភេទស្រី អាយុ ៣៨ឆ្នាំ រស់នៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ព្រមទាំងមានបក្ខពួកប្រុស ២នាក់ទៀត រួមដំណើរជាមួយ។
សមត្ថកិច្ចជំនាញបានឱ្យដឹងទៀតថា វត្ថុតាងដែលសមត្ថកិច្ចជំនាញបានដកហូតរួមមាន៖ ឈើប្រណីតខុសច្បាប់ (ប្រភេទលេខ១) ចំនួន ១០កំណាត់/ដុំ ស្មើនឹង ១,៣៩៩ ម៉ែត្រគូប និងមធ្យោបាយដឹកជញ្ជូន រថយន្តម៉ាក Starex ពណ៌ផ្ទៃមេឃ ពាក់ផ្លាកលេខ 2AZ-5098 ចំនួន ១គ្រឿង។
បច្ចុប្បន្ន ទាំងរថយន្តមធ្យោបាយ និងវត្ថុតាងឈើខុសច្បាប់ទាំងអស់ ត្រូវបានមន្ត្រីជំនាញផ្នែករដ្ឋបាលព្រៃឈើឆែប បញ្ជូនទៅរក្សាទុកជាបណ្ដោះអាសន្ន នៅទីស្នាក់ការផ្នែក ដើម្បីកសាងសំណុំរឿង អនុវត្តតាមនីតិវិធីច្បាប់។ ដោយឡែក មនុស្សប្រុស-ស្រី ៣នាក់ ដែលជាអ្នកដឹកជញ្ជូនឈើ សមត្ថកិច្ចជំនាញបានអុញ្ញាតឱ្យវិលទៅកាន់លំនៅឋានវិញ ប៉ុន្តែ តម្រូវឱ្យចូលខ្លួនបង់ពិន័យអន្តរកាលតាមច្បាប់ ស្តីពីព្រៃឈើតាមកាលកំណត់ជាធរមាន៕ដោយ៖ឡុង សំបូរ




































