ខេត្តព្រះវិហារ៖ ករណីរំលោភបំពានដីព្រៃសហគមន៍ ដែលទទួលបានការទទួលស្គាល់ដោយច្បាប់ កំពុងប្រែក្លាយជាប្រធានបទក្តៅគគុកនៅក្នុងស្រុកឆែប បន្ទាប់ពីបុគ្គលមកពីចម្ងាយបាននាំកម្មករមកឈូសឆាយ និងដាំដំណាំលើដីសហគមន៍ប្រមាណ ៤ ហិចតា ថែមទាំងអះអាងក្តែងៗថា ដីព្រៃស្តារឡើងវិញដែលអាជ្ញាធរ និងមន្ត្រីជំនាញធ្លាប់ដាំកូនឈើ ក៏ជាដីរបស់ខ្លួនដែរ។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ នៅតំបន់សហគមន៍ព្រះលាន (ជាសហគមន៍ទទួលស្គាល់ផ្លូវការដោយច្បាប់តាំងពីឆ្នាំ២០១០) ស្ថិតក្នុងភូមិកំពង់សាមី ឃុំកំពង់ស្រឡៅពីរ ស្រុកឆែប ខេត្តព្រះវិហារ។ ពេលប្រទះឃើញសកម្មភាពឈូសឆាយ និងដាំដំណាំ តំណាងសហគមន៍ព្រៃព្រះរកា និងសហគមន៍ព្រះលាន បានចុះទៅជូនដំណឹង និងបញ្ឈប់សកម្មភាពភ្លាមៗ ប៉ុន្តែបុគ្គលរូបនោះមិនព្រមផ្អាកឡើយ ដោយអះអាងថាខ្លួនបានទិញបន្តពីអ្នកផ្សេង។ អ្វីដែលធ្វើឱ្យសហគមន៍ហួសចិត្តនោះ បុគ្គលដដែលនេះបានទាមទារសិទ្ធិលើដីក្បែរនោះ ដែលជាដីសហគមន៍ អាជ្ញាធរ និងមន្ត្រីជំនាញបានដាំកូនឈើស្តារគម្របព្រៃឡើងវិញ កាលពីពេលកន្លងទៅ។
បណ្តាញសហគមន៍ព្រៃព្រះរកាបានគួសបញ្ជាក់ថា កាលពីឆ្នាំ២០២៥ កន្លងទៅ ទីតាំងនេះធ្លាប់ត្រូវមន្ត្រីដែនជម្រកសត្វព្រៃ និងសហគមន៍ ចុះហាមឃាត់ការឈូសឆាយម្តងរួចមកហើយ ថែមទាំងបានបង្គាប់ឱ្យដាំបង្គោលព្រំដីសហគមន៍ ដែលត្រូវគេបំពានឡើងវិញផងដែរ។ ទោះជាយ៉ាងណា ចូលមកដល់ឆ្នាំ២០២៦ បុគ្គលរូបនេះនៅតែបន្តបំពានច្បាប់ ដោយចូលមកឈូសឆាយ និងដាំដុះជាថ្មីយ៉ាងអនាធិបតេយ្យ។
ផ្អែកលើសំណើអន្តរាគមន៍បន្ទាន់ពីសហគមន៍ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារមន្ត្រីអនុរក្សដែនជម្រកសត្វព្រៃឆែប-ព្រះរកា សហការជាមួយអាជ្ញាធរឃុំកំពង់ស្រឡៅពីរ និងតំណាងសហគមន៍ បានចុះពិនិត្យទីតាំងកើតហេតុផ្ទាល់។ ក្នុងប្រតិបត្តិការនោះ មន្ត្រីជំនាញបានបញ្ជាឱ្យបុគ្គលពាក់ព័ន្ធ «ផ្អាករាល់សកម្មភាពទាំងអស់ជាបន្ទាន់» ដើម្បីទុកឱកាសឱ្យសមត្ថកិច្ចពិនិត្យ និងដោះស្រាយតាមនីតិវិធីច្បាប់។
ចំពោះមុខករណីនេះ ប្រជាសហគមន៍ព្រះលាន បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង និងបានទទូចស្នើសុំឱ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ចាត់វិធានការដោះស្រាយករណីនេះឱ្យបានជ្រះស្រឡះ ម៉ឺងម៉ាត់ និងស្របតាមនីតិវិធីច្បាប់ជាធរមាន ,ត្រូវដកហូតដីទំហំ ៤ហិចតានោះ រក្សាទុកជាដីសហគមន៍ស្របច្បាប់វិញ ដោយមិនត្រូវអនុញ្ញាតឱ្យមានការប្រគល់ ឬផ្ទេរទៅឱ្យបុគ្គលណាម្នាក់ឡើយ ដើម្បីការពារសម្បត្តិធម្មជាតិ និងដីសាធារណៈរបស់រដ្ឋ៕ដោយ៖ឡុង សំបូរ




































