អាជ្ញាធរ និងមន្ត្រីជំនាញ ចាត់វិធានការសង្គ្រោះបន្ទាន់ និងស្វែងរកដំណោះស្រាយសមស្រប ខណៈហ្វូងដំរីព្រៃបន្តចុះស្វែងរកចំណីក្បែរភូមិឋានអ្នកស្រុក

0

ខេត្តព្រះវិហារ៖ បញ្ហាប្រឈមផ្នែកសុវត្ថិភាពសហគមន៍ បានកើតឡើងនៅក្នុងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បន្ទាប់ពីហ្វូងដំរីព្រៃ ៦ក្បាល (ធំ ៣ក្បាល និងកូន ៣ក្បាល) បានបន្តបម្លាស់ទីចូលមកក្បែរភូមិសាស្ត្ររស់នៅរបស់ប្រជាពលរដ្ឋ ចាប់តាំងពីពាក់កណ្តាលខែសីហា ឆ្នាំ២០២៦។ តាមការវាយតម្លៃបឋមពីមន្ត្រីជំនាញ ការបម្លាស់ទីរបស់ហ្វូងដំរីព្រៃទាំងនេះ គឺដោយសារការខ្វះខាតប្រភពចំណី និងទឹកនៅក្នុងដែនជម្រកធម្មជាតិ ក្នុងអំឡុងរដូវកាលនេះ ដែលជំរុញឱ្យពួកវាស្វែងរកចំណីបន្ថែមនៅតាមជាំ និងចម្ការកសិកម្មរបស់ប្រជាពលរដ្ឋ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកត្បែងមានជ័យ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦កន្លងទៅ ហ្វូងដំរីព្រៃបានបម្លាស់ទីចូលក្នុងឃុំពោធិ៍ ភាគច្រើននៅតំបន់ជូនគង់ ត្រពាំងក្រវ៉ាន់ ពាមអារោញ និងស្រោងស្រឡៅ ដែលមានចម្ងាយប្រមាណ ៥គីឡូម៉ែត្រពីសាលាឃុំ។ ការស៊ីបំផ្លាញផលដំណាំ (ពោត និងដូង) ព្រមទាំងបាតុភូតធម្មជាតិខ្យល់ព្យុះ និងការរំខានពីសត្វជ្រូកព្រៃ ត្រូវបានគេសង្កេតឃើញថា នាំឱ្យមានការខូចខាតផ្ទះសម្បែង/ខ្ទមចម្ការ និងបង្កឱ្យប្រជាពលរដ្ឋ ២នាក់រងរបួស។

ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក មឿន សុភេទ បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា មន្ត្រីជំនាញកំពុងបន្តចុះស្រង់ទិន្នន័យជាក់ស្តែង ដើម្បីវាយតម្លៃការខូចខាត និងស្វែងយល់ពីផ្លូវបម្លាស់ទីរបស់សត្វព្រៃ។

ប្រឈមមុខនឹងស្ថានភាពនេះ អាជ្ញាធរមូលដ្ឋាន សហការជាមួយកម្លាំងចម្រុះ បានបើកប្រតិបត្តិការសង្គ្រោះបន្ទាន់នៅវេលាម៉ោងប្រហែល ១១យប់ ដើម្បីជម្លៀសក្រុមគ្រួសារងាយរងគ្រោះ រួមមានមនុស្សចាស់ និងកុមារ ទៅកាន់ទីទួលសុវត្ថិភាព និងសាលារៀន ជាបណ្តោះអាសន្ន ដើម្បីជៀសវាងការប៉ះទង្គិចដោយអចេតនារវាងមនុស្ស និងសត្វព្រៃ។

អភិបាលរងស្រុកត្បែងមានជ័យ លោក ខឹម សិត ជាប្រធានលេខាធិការដ្ឋានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានឱ្យដឹងថា ក្រុមការងារចម្រុះ និងមន្ត្រីបរិស្ថាន បាននិងកំពុងពង្រឹងការប្រចាំការ ដើម្បីបង្វែរទិសដៅ និងរុញច្រានហ្វូងដំរីឱ្យត្រឡប់ចូលទៅកាន់ដែនជម្រកធម្មជាតិវិញដោយសុវត្ថិភាព ដោយចៀសវាងការប្រើប្រាស់ហិង្សា ឬបង្កគ្រោះថ្នាក់ដល់សត្វដំរី។ ទន្ទឹមនឹងនេះ រដ្ឋបាលស្រុកបានសំណូមពរដល់ប្រជាពលរដ្ឋ រស់នៅក្បែរតំបន់នោះ ឱ្យបង្កើនការប្រុងប្រយ័ត្ន និងរាយការណ៍បន្ទាន់មកអាជ្ញាធរភ្លាមៗ នៅពេលឃើញវត្តមានសត្វព្រៃ ដើម្បីធានាបានទាំងសុវត្ថិភាពប្រជាពលរដ្ឋ និងការអភិរក្សសត្វព្រៃកម្រ៕ដោយ៖ឡុង សំបូរ