ខេត្តព្រះវិហារ៖ ស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់ ចំពោះបុព្វហេតុជាតិ មាតុភូមិ ត្រូវបានស្តែងឡើងយ៉ាងច្បាស់ ដោយ លោក ជិត គន្ធុល អគ្គធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និង លោក គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីភាពក្នុងការនាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ចៅៗ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងមហាឧបាសក លីន គ្រី ទៅប្រគល់ជូននាយទាហាន នាយទាហានរង ពលទាហាន និងនាយ-ពលនគរបាល ដែលកំពុងឈរជើងបំពេញភារកិច្ចយ៉ាងសកម្ម ក្នុងការការពារបូរណភាពទឹកដី តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ (ទិសទី១) ក្នុងខេត្តព្រះវិហារ នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ មាជ សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ ឈរជើងនៅសមរភូមិមុខ បានថ្លែងមតិស្វាគមន៍យ៉ាងកក់ក្តៅ និងសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងសប្បុរសជនទាំងអស់ ដែលជានិច្ចកាលតែងតែបង្ហាញនូវទឹកចិត្តស្រឡាញ់ យកចិត្តទុកដាក់ និងឧបត្ថម្ភគាំទ្រទាំងស្មារតី និងសម្ភារ ដើម្បីរួមចំណែកសម្រាលជីវភាព និងលើកកម្ពស់ស្មារតីប្រយុទ្ធរបស់កងកម្លាំងប្រដាប់អាវុធនៅសមរភូមិមុខ។
ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានោះដែរ លោក ជិត គន្ធុល អគ្គធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានពាំនាំនូវសារផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត ពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅសមរភូមិក្រោយ ជូនដល់កងកម្លាំងប្រដាប់អាវុធទាំងអស់។ លោក បានសម្តែងនូវការកោតសរសើរ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះស្មារតីលះបង់ខ្ពស់ ភាពក្លាហាន និងគំរូវីរភាពរបស់កងទ័ពគ្រប់រូប ព្រមទាំងបានគូសបញ្ជាក់ពីជំនឿចិត្តយ៉ាងមុតមាំលើការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងការថែរក្សាសន្តិភាព ការពារអធិបតេយ្យភាព និងដោះស្រាយរាល់បញ្ហាប្រឈមដោយសន្តិវិធី និងស្មារតីទទួលខុសត្រូវខ្ពស់។
លោក ជិត គន្ធុល បានប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន និងនាយ-ពលនគរបាលទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ស្មារតីរឹងមាំ និងទទួលបានជោគជ័យត្រចះត្រចង់គ្រប់ភារកិច្ចក្នុងការបម្រើជាតិ និងប្រជាជនកម្ពុជា៕ដោយ៖ឡុង សំបូរ






































