បន្ទាយមានជ័យ៖ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គឺជាកូនសោរយ៉ាងសំខាន់ ឆ្ពោះទៅកាន់ដំណាក់កាលថ្មីមួយទៀតនៃជីវិតឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានថ្លែនូវការអបអរសាទរ និងកោតសរសើរចំពោះប្អូនៗ ក្មួយៗសិស្សានុសិស្សទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបានជោគជ័យ
យ៉ាងត្រចះត្រចង់ ដោយបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាវិទ្យាល័យ ហ៊ុន សែនខ្លាកូន ស្ថិតនៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០២៦ ។
ឯកឧត្ដម អភិបាលខេត្ត បានថ្លែនូវការកោតសរសើរក្នុងឱកាសអញ្ជើញជាអធិបតីភាពប្រកាសលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង១០ សីហា ២០២៦ ឯកឧត្ដម អភិបាលខេត្ត បញ្ជាក់ថា ជ័យជម្នះនាពេលនេះ គឺជាផ្លែផ្កានៃការលះបង់ ការអត់ធ្មត់ និងការតស៊ូព្យាយាមឥតឈប់ឈរអស់រយៈពេល ១២ឆ្នាំកន្លងមក។ ការឆ្លងផុតដំណាក់កាលដ៏សំខាន់នេះ មិនត្រឹមតែជាមោទនភាពផ្ទាល់ខ្លួនរបស់ប្អូនៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសេចក្តីរំភើប រីករាយ និងជាកិត្តិយសដ៏ធំធេងសម្រាប់ឪពុកម្តាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងក្រុមគ្រួសារទាំងមូលផងដែរ។
ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្ត លើកឡើងថា សញ្ញាបត្រដែលទទួលបាន គឺជាកូនសោរយ៉ាងសំខាន់ ឆ្ពោះទៅកាន់ដំណាក់កាលថ្មីមួយទៀតនៃជីវិត នោះគឺការអប់រំកម្រិតឧត្តមសិក្សា និងការកសាងជំនាញវិជ្ជាជីវៈ។ ទន្ទឹមជាមួយគ្នានោះ ឯកឧត្តម អ៊ុំ រាត្រី ក៏បានសម្ដែងការសោកស្ដាយចំពោះសិស្សានុសិស្ស ដែលពុំទទួលបានលទ្ធផល នឹងបានលើកទឹកចិត្តទៅដល់សិស្សានុសិស្សដែលគេពុំបានលទ្ធផលក្នុងការប្រឡង កុំអស់សង្ឃឹម និងមានឱកាស ក្នុងការបន្តការសិក្សាថ្នាក់បរិញ្ញាបត្ររង ជាពិសេសសិក្សាជំនាញនៅវិទ្យាស្ថាន ពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ដើម្បីសិក្សានូវជំនាញផ្សេងៗ ដែលបើកឱកាសឱ្យសិស្សានុសិស្សមកពីគ្រួសារក្រីក្របានសិក្សានូវចំណេះជំនាញផ្សេងៗដើម្បីជីវិត។
សូមបញ្ជាក់ថា ស្ថិតិបេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង ១០ សីហា ២០២៦ នៅខេត្តបន្ទាយមានជ័យ មានសិស្សជាប់និទ្ទេស A ចំនួន៨៨នាក់, និទ្ទេស B ៤១៩នាក់, និទ្ទេស C ចំនួន១០៦០នាក់ , និទ្ទេស D ចំនួន១៨៨៩នាក់ , និទ្ទេស E ១៩៧៩នាក់៕ដោយ៖ឃិន គន្ធា






































