ខេត្តស្ទឹងត្រែង៖ កម្លាំងជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានបើកប្រតិបត្តិការស្រាវជ្រាវយ៉ាងក្តៅគគុក រហូតឈានទៅដល់ការបំបែកសំណុំរឿងឃាតកម្មយ៉ាងសាហាវឃោរឃៅ និងចាប់ខ្លួនជនដៃដល់បានសម្រេច បន្ទាប់ពីជនសង្ស័យបានវាយសម្លាប់ជនរងគ្រោះ រួចយកខ្សែចងផ្អោបជាមួយដុំថ្មទម្លាក់ចូលស្រះទឹក ដើម្បីលុបបំបាត់ភស្តុតាង។
ផ្អែកតាមរបាយការណ៍ផ្លូវការ ពីការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបមុខសញ្ញាសង្ស័យជាឃាតកររូបនេះ បានធ្វើឡើងក្រោមបទបញ្ជាពី លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី វ៉ា សុផាន់ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ដោយមានការសហការយ៉ាងស៊ីជម្រៅ រវាងកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងអធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់។
របាយការណ៍បានឱ្យដឹងទៀតថា ដើមបណ្តឹងនៃហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ នៅពេលដែលប្រជាពលរដ្ឋម្នាក់បានចុះទៅបាញ់ថ្នាំស្មៅក្នុងចំការស្វាយចន្ទីរបស់ខ្លួន ស្ថិតក្នុងភូមិមន ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ហើយបានប្រទះឃើញសពបុរសម្នាក់អណ្តែតក្នុងស្រះទឹក។ ភ្លាមៗនោះ សមត្ថកិច្ចបានចុះពិនិត្យកោសល្យវិច័យ និងរកឃើញស្នាមបែកផុងលលាដ៍ក្បាលយ៉ាងធ្ងន់ធ្ងរ ព្រមទាំងមានខ្សែចងផ្អោបដុំថ្មធំៗចំនួន ២ដុំ ជាប់នឹងដងខ្លួនសព ដែលជាតម្រុយបង្ហាញយ៉ាងច្បាស់ថា នេះជាករណីឃាតកម្មគិតទុកជាមុន និងប៉ុនប៉ងលាក់បាំងសព។
តាមរយៈការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងចាក់ស្រោចតម្រុយពីកន្លែងកើតហេតុ រហូតមកដល់ល្ងាចថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៦:៣០នាទីល្ងាច កម្លាំងសមត្ថកិច្ចជំនាញបានកំណត់មុខសញ្ញាច្បាស់លាស់ និងឈានទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ យែម ភ័ក្រ ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិមន ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពប្រាប់ពីអង្គហេតុទាំងស្រុងថា ខ្លួនពិតជាបានធ្វើសកម្មភាពយកដំបងឈើជ្រុង វាយប្រហារទៅលើជនរងគ្រោះឈ្មោះ រឹន សារ៉ាត់ ភេទប្រុស អាយុ ៤០ឆ្នាំ ចំក្បាលបណ្តាលឲ្យបាត់បង់ជីវិតនៅនឹងកន្លែងពិតប្រាកដមែន។
ជនសង្ស័យបានបន្តផ្តល់ចម្លើយសារភាពទៀតថា មូលហេតុដែលឈានដល់អំពើឃាតកម្មនេះ គឺដោយសាររូបគេបានទាន់ជនរងគ្រោះ កំពុងធ្វើសកម្មភាពលួចអាគុយត្រាក់ទ័ររបស់ខ្លួន នៅចំណុចផ្ទះចំការ ទើបកើតកំហឹងឈានដល់ការប្រព្រឹត្តបទល្មើស និងរៀបចំចងដុំថ្មទម្លាក់សពចូលស្រះទឹកដើម្បីបំបាត់ដានតែម្តង។
ខណៈនេះ ជនសង្ស័យត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ រៀបចំកសាងសំណុំរឿង និងបញ្ជូនខ្លួនទៅកាន់អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ដើម្បីចាត់ការ និងផ្តន្ទាទោសទៅតាមនីតិវិធីច្បាប់ជាធរមាន៕ដោយ៖ឡុង សំបូរ






































