អភិបាលខេត្តកំពង់ចាម អញ្ជើញកាត់ស្រោមលទ្ធផលប្រឡងបាក់ឌុប ខណៈសិស្សប្រឡងជាប់ជាង៨៥% និងនិន្ទេស A ១០០នាក់

0

កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអញ្ជើញកាត់ស្រោមលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាសម័យប្រឡង ១០ សីហា ២០២៦ ដើម្បីធ្វើការបិទផ្សាយនៅគ្រប់មណ្ឌលប្រឡងនានាទូទាំងខេត្តកំពង់ចាម សរុបចំនួន ១៦មណ្ឌល ដែលពិធីនេះត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី២ កញ្ញា ២០២៦ នៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមគាំទ្រដល់កិច្ចដំណេីរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦នេះ រហូតទទួលបានលទ្ធផលជោគជ័យដ៏ត្រចះត្រចង់ ខណៈខេត្តកំពង់ចាម មានបេក្ខជនមកប្រឡងសរុប ៨ ៥១៧នាក់ ប្រឡងជាប់ចំនួន ៧ ៤២៧នាក់ ស្មើនឹង ៨៥.៤២% ស្រី ៨៩.៦៩% កើនឡើង ២.៥៤% ធៀបនឹងឆ្នាំមុន ។

បេីតាមលោក លី ម៉េងសាន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម បានឱ្យដឹងថា លទ្ធផលប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាសម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅទូទាំងខេត្តកំពង់ចាម មាន៖ សិស្សប្រឡងជាប់និទ្ទេស A សរុបចំនួន ១០០នាក់ ក្នុងនោះសិស្សស្រី ៦៣នាក់, សិស្សនិទ្ទេស B សរុបចំនួន ៤៩៨នាក់ ស្រី ៣៣៥នាក់, សិស្សនិទ្ទេស C សរុបចំនួន ១៤៦៩នាក់ ស្រី ១០០៨នាក់, សិស្សនិទ្ទេស D សរុបចំនួន ២៩៣៧នាក់ ស្រី ១៨៦៤នាក់, និងសិស្សជាប់និទ្ទេស E សរុបចំនួន ៣០៩៨នាក់ ស្រី ១៧៨៧នាក់៕