អភិបាលខេត្តកំពង់ចាម បានថ្លែងថា វិស័យអប់រំ ត្រូវបានពង្រីកដល់គ្រប់មូលដ្ឋាន ដើម្បីធានាឱ្យយុវជន និងសិស្សានុសិស្សទទួលបានឱកាសសិក្សាស្មើភាពគ្នា

0

កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា វិស័យអប់រំក្នុងខេត្ត ត្រូវបានពង្រីកទៅដល់គ្រប់មូលដ្ឋាន ដើម្បីធានាឱ្យយុវជន និងសិស្សានុសិស្សទទួលបានឱកាសសិក្សារៀនសូត្រស្មើភាពគ្នា ដើម្បីទទួលបានចំណេះដឹង និងការអភិវឌ្ឍមូលធនមនុស្ស ថ្លែងបែបនេះក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសការងារជូនបុគ្គលិកអប់រំ ក្នុងខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី៤ កញ្ញា ២០២៦ ។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍ថា សម្រាប់វិស័យអប់រំ ក្នុងខេត្តកំពង់ចាម បានពង្រីកសាលាបឋមសិក្សាដល់គ្រប់ភូមិ ពង្រីកអនុវិទ្យាល័យដល់គ្រប់ឃុំ និងបង្កើនវិទ្យាល័យនៅតាមស្រុក ដើម្បីឱ្យយុវជន និងសិស្សានុសិស្ស ទទួលបានឱកាសសិក្សារៀនសូត្រកាន់តែទូលំទូលាយ ទទួលបានការបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈ និងមានឱកាសការងារធ្វើសមរម្យ។

ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា នៅខេត្តកំពង់ចាម មានសាលារៀនចំនួន ១.០៥០សាលា (ឯកជន ២៩សាលា) ក្នុងនោះ មត្តេយ្យ ៤៨៨សាលា (ឯកជន ២២) បឋមសិក្សា ៤១៩សាលា (ឯកជន ១៩) អនុវិទ្យាល័យ ១៣៨សាលា (ឯកជន ៥) វិទ្យាល័យ ៤៨សាលា (ឯកជន ៥) មជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម និងសាលាគរុកោសល្យ និងវិក្រឹត្យការ ឧត្តមសិក្សា ៧សាលា (ក្នុងនោះឯកជន ៤សាលា) ។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏បានស្នេីដល់ថ្នាក់ដឹកនាំអប់រំ ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ ត្រូវបន្តជំរុញការងារ កំណែទម្រង់វិស័យអប់រំ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដោយចាប់ផ្តើមពីការអភិវឌ្ឍកុមារតូច ការអនុវត្តកញ្ចប់អំណានដំបូង និងគណិតដំបូង ការផ្តល់អាហារតាមសាលារៀន ព្រមទាំងការជំរុញការអប់រំផ្នែក STEM និងការបង្កើន គុណវុឌ្ឍិគ្រូបង្រៀនឱ្យស្របតាមវិធីសាស្ត្របង្រៀនថ្មីៗ ផងដែរ ៕