រដ្ឋមន្រ្តីក្រសួងអប់រំ៖ សិស្សនៅខេត្តជាប់ព្រំដែនទោះឆ្លងកាត់សង្គ្រាម តែបានប្រែក្លាយការឈឺចាប់មកជាការខិតខំរៀនសូត្រ រហូតទទួលលទ្ធផលប្រឡងបាក់ឌុបបានល្អប្រសើរ

0

ខេត្តព្រះវិហារ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា លទ្ធផលដ៏ល្អប្រសើរនៃការប្រឡងបាក់ឌុបឆ្នាំ២០២៦ របស់សិស្សានុសិស្សនៅខេត្តជាប់ព្រំដែនទាំង៣ គឺខេត្តព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យ ជាសក្ខីភាពយ៉ាងច្បាស់ពីការខិតខំប្រឹងប្រែងតស៊ូរៀនសូត្រ ដោយបាន «ប្រែក្លាយការឈឺចាប់ទៅជាកម្លាំងជំរុញ» ព្រមទាំងឆ្លុះបញ្ចាំងពីការខិតខំបង្រៀនយ៉ាងសកម្មរបស់លោកគ្រូ អ្នកគ្រូ។

លោកបណ្ឌិតសភាចារ្យ មានប្រសាសន៍បន្ថែមថា ខេត្តទាំងបីនេះ ត្រូវបានរងការឈ្លានពីយោធាថៃ​ បណ្តាលឱ្យសាលាជាច្រើនរងការខូចខាត និងសិស្សជាច្រើននាក់ត្រូវបានជម្លៀសហើយកំពុងរៀននៅតាមជំរំបណ្តោះអាសន្ន។

ប្រសាសន៍លើកឡើងបែបនេះរបស់លោកបណ្ឌិតសភាចារ្យ​ ក្នុងដំណើរដឹកនាំគណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ចុះជួបសំណេះសំណាល សួរសុខទុក្ខគណៈកម្មការគ្រប់គ្រងជំរំ បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៅជំរំសុវត្ថិភាពតាកឹងបៃតង និងនៅបន្ទាប់ពីពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាថ្មី ខេត្តព្រះវិហារ គឺលោកស្រី គឹម គន្ធារីន ជំនួសលោក ចេង លឹមហ៊ាន់ ដែលត្រូវចូលនិវត្តន៍ នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦។

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបញ្ជាក់ថា លទ្ធផលនៃការប្រឡងបាក់ឌុបរបស់សិស្សនៅខេត្តព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យ គឺជាសក្ខីភាពមួយដែលបង្ហាញពីការតស៊ូរៀនសូត្ររបស់សិស្ស ទោះបីជាត្រូវប្រឈមនឹងការលំបាកក្នុងស្ថានភាពជម្លោះព្រំដែនក៏ដោយ។ ជាមួយគ្នានេះ លទ្ធផលនេះក៏ឆ្លុះបញ្ចាំងពីការខិតខំបង្រៀនរបស់លោកគ្រូ អ្នកគ្រូ និងការគាំទ្រលើកទឹកចិត្តពីគ្រួសារ អាណាព្យាបាល និងសហគមន៍ ក្នុងការលើកកម្ពស់គុណភាពអប់រំផងដែរ។

លោកបណ្ឌិតសភាចារ្យ បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណចំពោះគណៈកម្មការគ្រប់គ្រងជំរំ និងបុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ ដែលបានបន្តបំពេញភារកិច្ចបង្រៀនសិស្សនៅគ្រប់កាលៈទេសៈ ព្រមទាំងថ្លែងអំណរគុណដល់មាតាបិតា និងអាណាព្យាបាលសិស្ស ដែលបានបន្តបញ្ជូនកូនមកទទួលការអប់រំ ទោះបីការរស់នៅជួបការលំបាកក៏ដោយ។ លោកបណ្ឌិតសភាចារ្យ ក៏បានកោតសរសើរស្មារតីតស៊ូរបស់សិស្សនៅខេត្តជាប់ព្រំដែនជាមួយថៃ ទោះឆ្លងកាត់សង្គ្រាម ប៉ុន្តែអត្រាប្រឡងជាប់បាក់ឌុបឆ្នាំ ២០២៦ មិនចាញ់ខេត្តដទៃនោះទេ ក្នុងនោះរួមមាន អត្រាប្រឡងជាប់ ខេត្តឧត្តរមានជ័យ ៨៩.៤៤ភាគរយ ខេត្តព្រះវិហារ ៨៧.៩៦ភាគរយ និងខេត្តបន្ទាយមានជ័យ ៨៤.៣៧ ភាគរយ។

លោករដ្ឋមន្ត្រីបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់ថា ការអប់រំត្រូវតែបន្តប្រកបដោយភាពធន់ និងនវានុវត្តន៍ ដើម្បីធានាឱ្យសិស្សានុសិស្សនៅតាមជំរំសុវត្ថិភាព អាចបន្តការសិក្សាបាន ទោះស្ថិតក្នុងស្ថានភាពលំបាកក៏ដោយ។

នៅក្នុងឱកាសអញ្ជើញចុះជួបនេះ គណៈប្រតិភូក្រសួងអប់រំ បានចូលរួមសកម្មភាពរៀបចំអាហារជូនសិស្សបរិភោគ តាមកម្មវិធីផ្តល់អាហារតាមសាលារៀនសម្រាប់សិស្សនៅតាមជំរំសុវត្ថិភាព ដែលទទួលបានការគាំទ្រថវិកាពីសប្បុរសជនជប៉ុន តាមរយៈកម្មវិធីស្បៀងអាហារពិភពលោក (WFP)។ គណៈប្រតិភូក៏បានពិនិត្យស្ថានភាពថ្នាក់រៀនបណ្ដោះអាសន្ន ហេដ្ឋារចនាសម្ព័ន្ធនានាជុំវិញជំរំ និងមណ្ឌលសុខភាព ដើម្បីវាយតម្លៃតម្រូវការជាក់ស្តែង និងបន្តកែលម្អបរិស្ថានសិក្សា និងការរស់នៅរបស់បុគ្គលិកអប់រំ និងសិស្សឱ្យកាន់តែប្រសើរឡើង។

ជាមួយគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡា បាននាំយកសម្ភារប្រើប្រាស់ សម្ភារសិក្សា គ្រឿងឧបភោគបរិភោគ និងថវិកាឧបត្ថម្ភមួយចំនួន ដែលទទួលបានពីសប្បុរសជន ប្រគល់ជូនគណៈកម្មការគ្រប់គ្រងជំរំ និងលោកគ្រូ អ្នកគ្រូ ដើម្បីជួយសម្រាលជីវភាព និងគាំទ្រដល់ដំណើរការសាលារៀនបណ្ដោះអាសន្នថែមទៀតផង៕ដោយ៖ឡុង សំបូរ