លោកស្រី គឹម គន្ធារីន ត្រូវបានប្រកាសចូលកាន់តំណែងជាប្រធានមន្ទីរអប់រំខេត្តព្រះវិហារ ក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន

0

ខេត្តព្រះវិហារ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ,ប្រធានក្រុមប្រឹក្សាខេត្ត លោក ប្រាក់ សុវណ្ណ និងអភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានអញ្ជើញេជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរអប់រំ យុវជន និងកីឡាថ្មី ខេត្តព្រះវិហារ គឺលោកស្រី គឹម គន្ធារីន ជំនួសលោក ចេង លឹមហ៊ាន់ ដែលត្រូវចូលនិវត្តន៍ នាថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលាខេត្តព្រះវិហារ។

នៅក្នុងឱកាសនោះ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះស្នាដៃ និងការលះបង់យ៉ាងធំធេងរបស់លោក ចេង លឹមហ៊ាន់ ក្នុងបេសកកម្មបំរើវិស័យអប់រំនាពេលកន្លងមក។ ទន្ទឹមនឹងនេះ លោកក៏បានផ្តល់អនុសាសន៍ណែនាំដល់ប្រធានមន្ទីរថ្មី ត្រូវបន្តរុញច្រានការកែទម្រង់វិស័យអប់រំ ឱ្យកាន់តែមានគុណភាព និងសមធម៌ ដោយផ្តោតលើការអភិវឌ្ឍសមត្ថភាព ប្រកបដោយវិជ្ជាជីវៈរបស់គ្រូបង្រៀន ការពង្រឹងរដ្ឋបាល និងការគ្រប់គ្រងនៅតាមគ្រឹះស្ថានសិក្សា ការប្រកាន់ខ្ជាប់ស្មារតីសាមគ្គីភាព ភាពជាអ្នកដឹកនាំ និងកិច្ចសហការជិតស្និទ្ធ ជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់។

អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី មានប្រសាសន៍ថា ការទទួលបានមុខតំណែងថ្មីនេះ គឺជាអម្រែកថ្មីមួយទៀត និងជាការឆ្លុះបញ្ចាំងពីសមត្ថភាព បទពិសោធន៍ស្នាដៃដែលោកស្រីបានខិតខំនាពេលកន្លងមក។ លោកបានជំរុញលោកស្រីប្រធានមន្ទីរថ្មី បន្តការដឹកនាំមន្ទីរឱ្យកាន់តែមានការរីកចម្រើន ព្រមទាំងមានសាមគ្គីភាពផ្ទៃក្នុង មានទំនាក់ទំនងល្អជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បន្ថែមទៀត។

ជាការឆ្លើយតប លោកស្រី គឹម គន្ធារីន បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ និងបានប្តេជ្ញាចិត្តយ៉ាងមុតមាំថា នឹងខិតខំប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្ត ដោយប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវខ្ពស់ រួបរួមសាមគ្គីភាពជាមួយមន្ត្រីរាជការក្រោមឱវាទ ដើម្បីដឹកនាំ និងលើកកម្ពស់វិស័យអប់រំក្នុងខេត្តព្រះវិហារ ឱ្យមានការអភិវឌ្ឍកាន់តែរីកចម្រើនជាលំដាប់៕ដោយ៖ឡុង សំបូរ