អភិបាលខេត្តឧត្តរមានជ័យ ចុះអន្តរាគមន៍ផ្ទាល់ជុំវិញស្ថានភាពទឹកជំនន់ និងស្តារផ្លូវ-ស្ពានដែលត្រូវទឹកដាច់នៅស្រុកអន្លង់វែង និងត្រពាំងប្រាសាទ

0

ខេត្តឧត្តរមានជ័យ៖ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ លោក មាន ចាន់យ៉ាដា នៅថ្ងៃទី០៣កញ្ញា២០២៦ បានដឹកនាំក្រុមការងារជំនាញចុះបេសកកម្មបន្ទាន់ ដើម្បីពិនិត្យស្ថានភាពទឹកជំនន់ និងអន្តរាគមន៍ដោះស្រាយផលប៉ះពាល់ ជូនប្រជាពលរដ្ឋក្នុងស្រុកចំនួនពីរ។

លោកអភិបាលខេត្តបានចុះពិនិត្យដោយផ្ទាល់នៅ «អាងតាម៉ុក និង ស្ពានទួលប្រាសាទ»។ ផ្អែកតាមការកត់សម្គាល់ ស្ថានភាពទឹកនៅថ្ងៃនេះបានថយចុះមកត្រឹម ៣.៥៧ ម៉ែត្រ (ស្រកចុះ ០.២៤ ម៉ែត្រ ប្រៀបធៀបនឹងម្សិលមិញដែលមានកម្ពស់ ៣.៨១ ម៉ែត្រ)។

ទោះជាយ៉ាងណា អាជ្ញាធរនៅតែបន្តប្រុងប្រយ័ត្នខ្ពស់ និងត្រៀមកម្លាំងអន្តរាគមន៍ ២៤ម៉ោង/៧ថ្ងៃ ដោយសារអាកាសធាតុរដូវវស្សានៅតែប្រឈមនឹងភ្លៀងធ្លាក់បន្ថែម។

នារសៀលថៃ្ងដដែល លោកអភិបាលខេត្ត បានដឹកនាំក្រុមការងារបន្តដំណើរចុះពិនិត្យស្ពានក្នុងឃុំអូរស្វាយ និងផ្លូវគ្រួសក្រហមមួយខ្សែក្នុងឃុំបាកអន្លូង ស្ថិតក្នុងស្រុកត្រពាំងប្រាសាទ ដែលត្រូវទឹកជំនន់ហូរកាត់ផ្តាច់ និងខូចខាតយ៉ាងធ្ងន់ធ្ងរ។ ការចុះវាយតម្លៃកម្រិតខូចខាតនេះ ធ្វើឡើងដើម្បីរៀបចំផែនការជួសជុលបន្ទាន់ បើកផ្លូវឱ្យប្រជាពលរដ្ឋធ្វើដំណើរ និងដឹកជញ្ជូនកសិផលបានទាន់ពេលវេលា។

ស្របពេលជាមួយគ្នានោះ លោកអភិបាលខេត្តឧត្តរមានជ័យ បានអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ យកចិត្តទុកដាក់លើសុវត្ថិភាពកុមារតូចៗ និងរៀបចំទុកដាក់ទ្រព្យសម្បត្តិ ឬសម្ភារសំខាន់ៗនៅទីទួលសុវត្ថិភាព៕ដោយ៖ឡុង សំបូរ