សៀមរាប នៅចុងសប្តាហ៍រសៀលថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រ សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានអនុញ្ញាតឲ្យប្រតិភូសភាពាណិជ្ជកម្ម ខេត្តសៀមរាប ឧត្តរមានជ័យ ដឹកនាំដោយលោក ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មខេត្ត ចូលជួបសម្តែងការគួសម នៅទីបញ្ជាការដ្ឋានកងរាជ
អាវុធហត្ថខេត្ត ដោយមានការចូលរួមពីលោកមេបញ្ជាការរង ប្រធានមន្ទីរ នាយការិយាល័យ អង្គភាព ចំណុះឲ្យកងរាជអាវុធ ហត្ថខេត្តសៀមរាបផងដែរ ។ កិច្ចជំនួបសម្តែងការគួសម និងពិភាក្សាការងារនេះ ធ្វើឡើងក្នុងគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការ រវាងកងកម្លាំងប្រដាប់អាវុធ និងផ្នែកវិស័យឯកជននៅក្នុងខេត្ត ,ពិភាក្សាលើការរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ដែលជាកត្តាចម្បងក្នុងការបង្កបរិយាកាសល្អប្រសើរដល់ការធ្វើធុរកិច្ច និងការវិនិយោគ ព្រមទាំងស្វែងរកការគាំទ្រ និងការចូលរួម ក្នុងសកម្មភាពសង្គម និងសប្បុរសធម៌នានានៅក្នុងមូលដ្ឋាន ។
មានប្រសាសន៍នាឱកាសនោះលោក ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មខេត្ត បានធ្វើការថ្លែង អំណរគុណដល់ កងកម្លាំងរាជអាវុធហត្ថខេត្ត ក្រោមការដឹកនាំបញ្ជា របស់លោកឧត្តមសេនីយ៍មេបញ្ជាការ ក្នុងការយកចិត្តទុកដាក់ខ្ពស់ ក្នុងការការពារសន្តិសុខ សាធារណៈ និង សុវត្ថិភាពជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរាជាតិ ក្នុងពិធីបុណ្យប្រពៃណីជាតិ និង ពិធីបុណ្យផ្សេងៗ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ជាតិ អន្តរជាតិ សំខាន់ក្នុងកម្មវិធីការតាំងពិព័រណ៌ផលិតក្នុងស្រុក និង ពិព័រណ៌ភូមិ មួយផលិតផលមួយ ។ លោកឧកញ៉ាបណ្ឌិតបានបន្តទៀតថា ក្នុងរយៈពេល ដែលលោកឧត្តមសេនីយ៍ត្រី សៀ ទីន បាន មកដឹកនាំកងកម្លាំងរាជអាវុធហត្ថខេត្តសៀមរាប បានបង្កើតនូវព្រឹត្តិការណ៍កីឡា ការរត់កម្សាន្តជាមួយកងរាជអាវុធហត្ថ ដែលបង្កលក្ខណៈផ្សាភ្ជាប់ជាមួយមហាជនគ្រប់មជ្ឈដ្ឋាន ដែលស្នេហាកីឡា និង សកម្មភាពចុះជួយអន្តរាគមន៍ជួយដល់ ប្រជាពលរដ្ឋបានទាន់ពេលវេលា នៅពេលមានប្រធានស័ក្តណាមួយកើតឡើង នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ។
ក្នុងកិច្ចស្វាគមន៍របស់លោកឧត្តមសេនីយ៍ត្រី សៀ ទីន ក៏បានសម្តែងចំពោះសភាពាណិជ្ជកម្មខេត្តសៀមរាប ឧត្តរមានជ័យ ដែលតែងតែរួមកិច្ចសហប្រតិបត្តិការជាមួយកងរាជអាវុធហត្ថខេត្តសៀមរាប ដែលសបញ្ជាក់ឲ្យឃើញថា កង កម្លាំងរាជអាវុធហត្ថ និង ផ្នែកវិស័យឯកជន ក្នុងស្មារតីប្រកៀកស្មាគ្នា ដើមី្បធ្វើកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេស ឲ្យមានការរីកចម្រើនដល់ជីវភាពរបស់ប្រជាពលរដ្ឋក្នុងខេត្ត ។ លោកបានបន្តទៀតថា កត្តាចម្បងក្នុងការបង្កបរិយាកាសល្អនេះ តែងធ្វើការងារជិតស្និទ្ធជាមួយ កងកម្លាំងអាវុធហត្ថ ដើម្បីគាំទ្រសហគ្រាស និង ដោះស្រាយបញ្ហាប្រឈមនានា របស់ វិស័យឯកជន ។ ជំនួបពិភាក្សាពេលនេះ ជាការជួយស្វែងរកកាលានុវត្តភាពថ្មីៗ និងជម្រុញសក្តានុពលសេដ្ឋកិច្ចប្រចាំខេត្ត ។ លោកមេបញ្ជាការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សភាពាណិជ្ជកម្មខេត្ត ដែលបានចូលរួមគាំទ្រ និងឧបត្ថម្ភដល់ការរៀបចំរបស់កងរាជអាវុធហត្ថខេត្តនាពេលកន្លងមក ក្នុងការជួយឧបត្ថម្ភគាំទ្រនូវសម្ភារៈ ក្នុងការកសាង អង្គភាព ព្រមទាំងបានរំពឹងថា សភាពាណិជ្ជកម្មខេត្ត និងបង្កើនការតភ្ជាប់ធុរកិច្ច ពង្រីកឱកាសទីផ្សារ ជម្រុញពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគ ព្រមទាំងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងធុរកិច្ចឲ្យកាន់តែស៊ីជម្រៅ ទាំងក្នុង និងក្រៅប្រទេស បង្កើនសេដ្ឋកិច្ចប្រជាពលរដ្ឋខេត្តសៀមរាប ។ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មានសង្ឃឹមជឿជាក់ថា កិច្ចសហប្រតិបត្តិការ រវាងសភាពាណជ្ជកម្មខេត្ត និង កងរាជអាវុធហត្ថខេត្តសៀមរាប កាត់តែមានភាពជិតស្និតគ្នាតទៅមុខ ៕






































