ខេត្តឧត្តរមានជ័យ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ជូនជាតិកម្ពុជា នៅលើរមណីយដ្ឋានប្រវត្តិសាស្ត្រ «ស្ពានទ័ព» (ឬស្ពានទ័ព្វ) ស្ថិតក្នុងភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ នារសៀលថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២៦។
ក្នុងឱកាសដ៏មហានក្ខត្តឫក្សនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានតាំងចិត្តប្រកបដោយសទ្ធាជ្រះថ្លា បួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក គុណបុណ្យព្រះរតនត្រ័យ ទេវតាថែរក្សាព្រះស្វេតឆ័ត្រ ទេវតាថែរក្សាចក្រវាល និងទេវតាឆ្នាំថ្មី សូមតាមជួយបីបាច់ថែរក្សា និងប្រោសប្រទានពរជ័យជូនថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋខ្មែរគ្រប់រូបនៅទូទាំងប្រទេស ឱ្យជួបតែសុខសន្តិភាព និងវិបុលសុខ។ ជាមួយគ្នានេះ សម្តេចក៏បានបួងសួងសុំឱ្យមាតុភូមិកម្ពុជាជៀសផុតពីជំងឺដង្កាត់ គ្រោះធម្មជាតិ ព្រមទាំងទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនាកម្ពុជាកាន់តែច្រើនឡើង។
អ្វីដែលជាចំណុចសំខាន់ និងមានអត្ថន័យជ្រាលជ្រៅបំផុតនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានបញ្ជូនបេះដូង និងការបួងសួងជាពិសេសចំពោះ «កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅជួរមុខតាមបន្ទាត់ព្រំដែន ឱ្យមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងទទួលបានជោគជ័យក្នុងការបំពេញភារកិច្ចការពារជាតិមាតុភូមិ»។
តម្លៃប្រវត្តិសាស្ត្រ និងបេតិកភណ្ឌនៃ «ស្ពានទ័ព» សម្រាប់ជាតិ និងមនុស្សជាតិ ការជ្រើសរើសទីតាំង «ស្ពានទ័ព» សម្រាប់ពិធីបួងសួងនេះ មិនត្រឹមតែជាព្រឹត្តិការណ៍សាសនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរំលេចនូវតម្លៃមហាសាលនៃបេតិកភណ្ឌប្រវត្តិសាស្ត្រខ្មែរថែមទៀតផងដែរ។
ផ្អែកតាមការស្រាវជ្រាវប្រវត្តិ និងយុទ្ធសាស្ត្រយោធាបុរាណ៖ ស្ពានទ័ព គឺជាស្ពានបុរាណដ៏ធំមួយដែលត្រូវបានកសាងឡើងក្នុងរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧ (ចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣)។ ស្ពាននេះជាផ្នែកមួយនៃ «ផ្លូវបុរាណរាជវង្ស» (Royal Road) ដែលតភ្ជាប់ពីរាជធានីអង្គរ ឆ្ពោះទៅកាន់តំបន់ភាគខាងជើង រហូតដល់ប្រាសាទភ្នំរូង និងប្រាសាទភិមាយ (បច្ចុប្បន្នស្ថិតក្នុងប្រទេសថៃ)។ ឈ្មោះ «ស្ពានទ័ព» មានប្រភពចេញពីប្រវត្តិសាស្ត្រដែលព្រះមហាក្សត្រខ្មែរបុរាណ ប្រើប្រាស់ផ្លូវ និងស្ពាននេះជាខ្សែផ្លូវយុទ្ធសាស្ត្រក្នុងការដឹកនាំកងទ័ព ចល័តទ័ព និងស្បៀងអាហារ ដើម្បីការពារបូរណភាពទឹកដី និងពង្រីកឥទ្ធិពលអរិយធម៌ខ្មែរ។
«ស្ពានទ័ព» ឬ «ស្ពានទ័ព្វ» គឺជាសំណង់សិល្បៈវិស្វកម្មដ៏អស្ចារ្យសម្រាប់មនុស្សជាតិ កសាងឡើងពី «ថ្មបាយក្រៀម» មានប្រវែងប្រមាណជាង ១៥០ម៉ែត្រ និងមានរន្ធប្រដៅ (ក្បាលស្ពាន/លដុះ) ជាច្រើន ដែលឆ្លុះបញ្ចាំងពីជំនាញវិស្វកម្មធារាសាស្ត្រ និងការកសាងហេដ្ឋារចនាសម្ព័ន្ធដ៏ស្មុគស្មាញរបស់បុព្វបុរសខ្មែរ។ ថ្វីបើឆ្លងកាត់ការជានាឡិការាប់រយឆ្នាំ ព្យុះភ្លៀង និងសង្គ្រាមក៏ដោយ ស្ពាននេះនៅតែឈរជើងយ៉ាងរឹងមាំ ដែលជាភស្តុតាងបង្ហាញពិភពលោកអំពីភាពរុងរឿង និងជឿនលឿននៃអរិយធម៌អង្គរ។
ត្រឡប់មកសម្លឹងមើលការបួងសួងរបស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នៅទីតាំងប្រវត្តិសាស្ត្រយោធាបុរាណនេះ ក៏ត្រូវបានកត់សម្គាល់ឃើញថា គឺជាការតភ្ជាប់ស្មារតីស្នេហាជាតិពីអតីតកាលមកបច្ចុប្បន្នកាល ជាការរំលឹកគុណូបការៈដល់បុព្វបុរស ដែលបានពលីជីវិតការពារទឹកដី និងជាការផ្តល់កម្លាំងចិត្តដល់កងទ័ពជួរមុខសម័យទំនើប ដែលកំពុងឈរជើងការពារព្រំដែនជាតិយ៉ាងរឹងមាំនាពេលបច្ចុប្បន្ន។ សូមឱ្យដួងព្រលឹងដូនតា បុព្វបុរសខ្មែរ នៅតែឈរនៅពីលើដែនដី និងដួងព្រលឹងជាតិ ដើម្បីជួយការពារដែនដីខ្មែរ ចាកផុតពីការឈ្លានពានរបស់ប្រទេសជិតខាង «ចោរសៀម» ដែលជាសត្រូវសួពូជ៕ដោយ៖ឡុង សំបូរ






































