រដ្ឋបាលខេត្តសៀមរាប បានរៀបចំគម្រោង ធ្វើការស្តារស្ទឹង អូរ ប្រឡាយ និង អាងទឹក បឹង ត្រពាំង បង្ការគ្រោះរាំងស្ងួត

0

សៀមរាប ក្នុងឱកាសដឹកនាំបើកកិច្ចប្រជុំសាមញ្ញលើកទី២៨ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានសង្កត់ធ្ងន់លើបញ្ហាដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ លើការបង្ការគ្រោះរាងស្ងួត និង ទឹកជំនន់ គ្រប់ក្រុង ស្រុក ត្រូវត្រៀមលក្ខណៈក្នុងការកំណត់ទីតាំងធ្វើការស្តារស្ទឹង អូរ ប្រឡាយ ក្នុងបើកផ្លូវចរន្តទឹកហូរ នៅពេលមានបញ្ហាគ្រោះទឹកជំនន់ ដើមី្បបញ្ជៀសការលិចលុង ផល ដំណាំ លំនៅដ្ឋានប្រជាពលរដ្ឋ និង ធ្វើការស្តារអាងទឹក ឬត្រពាំង បឹង ដើមី្បផ្ទុកស្តុបទឹកប្រើប្រាស់បង្កបង្កើនផល និង ប្រើប្រាស់ប្រចាំថ្ងៃ និង សម្រាប់អន្តរាគមន៍នៅពេលមានគ្រោះរាំងស្ងួត ក្នុងភូមិសាស្ត្រក្រុង ស្រុក ។
ក្នុងកិច្ចប្រជុំនោះដែរសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ក៏បានលើកឡើងនូវចំណុចមួយចំនួន ដោយផ្តោតទៅលើ បងប្អូនចំណាក និង ចំណូលស្រុក សុំធ្វើសៀវភៅគ្រួសារ និងការឈួសឆាយដីទួលប្រាសាទ ,ការបូមខ្សាច់ធ្វើឲ្យប៉ះពាល់ដល់ ធនធានធម្មជាតិ (ត្រី ) ព្រមទាំងការវិលត្រឡប់ទៅភូមិ ឃុំ ស្រុក របស់បងប្អូនជនភៀសសឹក និង សុំកែតម្រូវគណៈកម្មការ ដែលទទួលភារកិច្ចស្ទួនគ្នាផងដែរ ។ ក្នុងនោះដែរក៏មានការបកស្រាយបំភ្លឺរបស់អង្គភាព និង រដ្ឋបាលស្រុកមានការពាក់ព័ន្ធ កិច្ចប្រជុំសាមញ្ញលើកទី២៨ ដែលបានដំណើរការទៅ តាមរបៀបវារៈដែលបាន កិច្ចប្រជុំបានធ្វើការអនុម័ត ទៅដោយរលូន ។
ក្នុងនោះដែរ ឯកឧត្តម តោ គឹមស៊ាន ក៏បានលើកឡើងពីការងារធ្វើសៀវភៅគ្រួសារ របស់បងប្អូនចំណាកស្រុក ដែលមករស់នៅទីតាំងថ្មី គឺទាមទានូវលិខិតផ្ទេរទីកន្លែង ពីសមត្ថកិច្ចក្នុងមូលដ្ឋានរបស់ខ្លួន ។ ចំពោះការផ្ដល់អត្តសញ្ញាណ បណ្ណ គឺត្រូវការឯកសារ សំបុត្រកំណើត សៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅ ។ ក្នុងនោះដែរឯកឧត្តមក៏បានសង្កត់ធ្ងន់ ចំពោះបណ្តាស្រុក ដែលសមាជិកក្រុមប្រឹក្សាខេត្តបានលើកឡើង គឺត្រូវអនុវត្តឲ្យខាងតែបាន ចំពោះបុគ្គលណា ដែលបំពាន ឈួសឆាយយកដីទីទួលបុរាណដ្ឋានធ្វើជាកម្មសិទ្ធិរបស់ខ្លួន និង ការបំផ្លាញធនធានធម្មជាតិ ដែលធ្វើឲ្យប៉ះពាល់ដល់ផល ប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានជាដើម ។ ឯកឧត្តមប្រធានកិច្ចប្រជុំសមញ្ញលើកទី២៨ ក៏បានគូសបញ្ជាក់ថា ប្រមុខ រាជរដ្ឋាភិបាល បានជម្រុញដល់មន្ទីរជំនាញ និង រដ្ឋបាលក្រុង ស្រុក ត្រូវត្រៀមបង្កាក្នុងការចុះជួយអន្តរាគមន៍នៅតាមតំបន់ ជួបគ្រោះរាំងស្ងួត និង ធ្វើការស្តារឡើងវិញ នូវអាងទឹក បឹង ត្រពាំង ដែលស្តុបទឹកទុកសម្រាប់ធ្វើការស្រោចស្រព និង ប្រើប្រាស់ប្រចាំថ្ងៃ ។ ឯកឧត្តមក៏បានកោតសរសើរចំពោះលទ្ធផលការងារប្រចាំ សីហា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តដែលអនុ-វត្តបានកន្លងមក ព្រមទាំងឲ្យធ្វើការបំពេញបន្ថែមពីលទ្ធផលការងារ និង កែតម្រូវអក្ខរាវិរុទ្ធនៅក្នុងរបាយការណ៍ផងដែរ ។
លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត បានឲ្យដឹងថា ចំពោះការខ្វះខាតទឹកចំពោះមុខ រដ្ឋបាលខេត្តសៀមរាប បានត្រៀមលក្ខណៈក្នុងការអន្តរាគមន៍ដោះស្រាយ និងបានត្រៀមធ្វើការស្តារ នូវទីតាំងដែលស្តុបទឹកទុកបានជាច្រើនកន្លែង ដើមី្ប បង្កាជួយ អន្តរាគមន៍ក្នុងការសង្គ្រោះ គ្រោះរាំងស្ងួត លើផលដំណាំស្រូវ ។ លោកអភិបាលរងខេត្តក៏បានឲ្យដឹងផងដែរថា នៅ ពេលខាងមុខនេះ រដ្ឋបាលខេត្ត បានរៀបចំគម្រោងធ្វើការស្តារស្ទឹង ចំនួន៣ក្នុងខេត្តសៀមរាប មានស្ទឹងរលួស ក្នុងស្រុក ប្រាសាទបាគង ,ស្ទឹងសៀមរាប និង ស្ទឹងពួក ស្រុកពួក ក្នុងការបើកផ្លូវចរន្តទឹកហូរ ដើមី្បបញ្ជៀសទឹកជំនន់ ។ ម៉្យាងទៀត ចំពោះបងប្អូនជនភៀសសឹក មកដល់ថ្ងៃនេះ ពួកគាត់បានវិលទៅកាន់ភូមិស្រុករបស់ខ្លួនអស់ហើយ ក៏ ប៉ុន្តែរដ្ឋបាលខេត្ត ក៏បានធ្វើការរៀបចំនូវទីកន្លែង រួមនិងសួនបន្លែរបស់បងប្អូនផងដែរ ។ លោកអភិបាលរងខេត្ត ក៏បានជម្រុញ ដល់ក្រុមការងារធ្វើរបាយការណ៍ ធ្វើការកែសម្រួលពីតួនាទីភារកិច្ចរបស់គណៈកម្មការ កុំឲ្យមានកិច្ចការស្ទួនគ្នា ព្រមទាំងធ្វើ ការកែសម្រួលលើរបាយការណ៍ និង អក្ខរាវិរុទ្ធផងដែរ ។ លោកអភិបាលរងខេត្ត ក៏បានបញ្ជាក់ថា រដ្ឋបាលខេត្តក៏បានត្រៀមលក្ខណៈរួចរាល់ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ និង អំពាវនាវដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាថែរក្សាបរិស្ថាន និងអនាម័យក្នុងក្រុងសៀមរាប ដើម្បីរក្សាគុណតម្លៃជាទីក្រុងប្រវត្តិសាស្ត្រដែលទាក់ទាញបំផុត៕