អាជ្ញាធរជាតិព្រះវិហារ ប្រារព្ធព្រឹត្តិការណ៍ «រត់ដើម្បីបេតិកភណ្ឌ» អបអរសាទរខួប ៣ឆ្នាំ នៃការចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរ ជាបេតិកភណ្ឌពិភពលោក

0

ខេត្តព្រះវិហារ៖ អាជ្ញាធរជាតិព្រះវិហារ សហការជាមួយរដ្ឋបាលខេត្តព្រះវិហារ និងស្ថាប័នពាក់ព័ន្ធ បានរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ «រត់ដើម្បីបេតិកភណ្ឌ» យ៉ាងអធិកអធម នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីអបអរសាទរខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់ អង្គការយូណេស្កូ(UNESCO)។

ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ បានទាក់ទាញមហាជន ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងកីឡាករ-កីឡាការិនីប្រមាណ ១,២០០នាក់ ចូលរួមរត់លើវិញ្ញាសាចម្ងាយ ៧គីឡូម៉ែត្រ កាត់តាមតំបន់ប្រាសាទបុរាណ និងរុក្ខជាតិបៃតងយ៉ាងស្រស់បំព្រង។

ក្រៅពីការលើកកម្ពស់សុខុមាលភាព និងសកម្មភាពកីឡា ព្រឹត្តិការណ៍នេះផ្តោតលើទិសដៅយុទ្ធសាស្ត្រសំខាន់ៗ៖ ផ្សព្វផ្សាយ និងលើកស្ទួយបេតិកភណ្ឌ ,បង្កើនការយល់ដឹងពីតម្លៃវប្បធម៌ និងទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាសម្បត្តិបេតិកភណ្ឌ រួមជាមួយទេសភាពធម្មជាតិ និងជីវចម្រុះក្នុងតំបន់ ,បណ្តុះស្មារតីយុវជន ,ជំរុញឱ្យប្រជាពលរដ្ឋ និងយុវជនជំនាន់ក្រោយចូលរួមយ៉ាងសកម្មក្នុងកិច្ចការពារ និងអភិរក្សសម្បត្តិវប្បធម៌ជាតិ។

អាជ្ញាធរជាតិព្រះវិហារ បានគូសបញ្ជាក់ថា ការទទួលស្គាល់អតីតរាជធានីកោះកេរជាបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ គឺជាមោទនភាពជាតិដ៏ធំធេង និងជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកបានបន្តថា ក្នុងរយៈពេល ៣ឆ្នាំកន្លងមកនេះ (២០២៣-២០២៦) ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិព្រះវិហារ និងដៃគូអន្តរជាតិ សម្រេចបានសមិទ្ធផលធំៗជាច្រើនលើការជួសជុល និងអភិរក្ស បញ្ចប់កិច្ចការអភិរក្ស និងជួសជុលប្រាសាទបណ្តុំជើង (ប្រាសាទប្រាំ ប្រាសាទក្រហម ប្រាសាទកោតក្រដ និងប្រាសាទធំ) ព្រមទាំងការជួសជុលបដិមាព្រះឥសូររាំថែមទៀតផង។

អាជ្ញាធរជាតិព្រះវិហារ នឹងបន្តធ្វើការស្រាវជ្រាវយ៉ាងស៊ីជម្រៅលើផ្នែកបុរាណវិទ្យា ជាតិពន្ធុវិទ្យា ស្ថាបត្យកម្ម និងអក្សរចារឹក ដើម្បីលាតត្រដាងប្រវត្តិសាស្ត្រដ៏រីកចម្រើន នៃសម័យកាលកោះកេរ។

ក្នុងឱកាសនោះ អាជ្ញាធរជាតិព្រះវិហារ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ UNESCO, អង្គការ ALIPH, វិទ្យាស្ថានបារាំងចុងបូព៌ា, វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងគ្រឹះស្ថានឧត្តមសិក្សាដៃគូមកពីប្រទេសជប៉ុន កាណាដា អាមេរិក និងអាឡឺម៉ង់ ដែលបានគាំទ្របច្ចេកទេស និងថវិកាក្នុងកិច្ចការអភិរក្សនេះ។ ជាមួយគ្នានេះ អាជ្ញាធរក៏បានថ្លែងអំណរគុណដល់សាធារណជនទាំងអស់ ដែលបានចូលរួមយ៉ាងកុះករ ស្តែងឱ្យឃើញពីកម្លាំងសាមគ្គីភាពក្នុងការថែរក្សាសម្បត្តិបេតិកភណ្ឌមនុស្សជាតិឱ្យបានគង់វង្សតទៅ៕ដោយ៖ឡុង សំបូរ