ថ្ងៃស្អែកបាតុភូតព្រះអាទិត្យរះចំកំពូលកណ្ដាលប្រាសាទអង្គរវត្ត (សមរាត្រីរដូវវស្សា) នឹងកើតឡើងនៅថ្ងៃទី២១-២៣ ខែកញ្ញា ឆ្នាំ២០២៦

0

ខេត្តសៀមរាប៖ ព្រឹត្តិការណ៍ធម្មជាតិ និងស្ថាបត្យកម្មដ៏អច្ឆរិយ «សមរាត្រីរដូវវស្សា» (Equinox) នៅប្រាសាទអង្គរវត្ត ដែលនឹងឈានចូលមកដល់នៅថ្ងៃស្អែក ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ដោយថ្ងៃត្រូវចំក្បួនតម្រាតារាសាស្ត្របំផុតគឺថ្ងៃទី២២ ខែកញ្ញា។ នេះបើតាមការបញ្ជាក់របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានជូនដំណឹងដល់សាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ក្នុងអំឡុងព្រឹត្តិការណ៍នេះ រយៈពេលថ្ងៃនិងយប់មានប្រវែងស្មើគ្នា ហើយព្រះអាទិត្យ នឹងរះឡើងត្រង់ចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តយ៉ាងស្ដេចសក្ដិ នៅចន្លោះម៉ោង ៦:១៥នាទី ដល់ ៦:៤៥នាទីព្រឹក។ បាតុភូតនេះមិនត្រឹមតែបង្កើតបាននូវទិដ្ឋភាព ប្រកបដោយភាពទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែជាភស្តុតាងប្រវត្តិសាស្ត្របង្ហាញពីទេពកោសល្យ គណិតវិទ្យា និងតារាសាស្ត្រដ៏ខ្ពង់ខ្ពស់របស់ដូនតាខ្មែរ។

ប្រាសាទអង្គរវត្ត ត្រូវបានកសាងឡើងនៅក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ (គ.ស. ១១១៣-១១៥០) នាដើមសតវត្សរ៍ទី១២ ដើម្បីឧទ្ទិសថ្វាយដល់ព្រះវិស្ណុ ក្នុងព្រហ្មញ្ញសាសនា។ ការរៀបចំផ្លង់ និងរចនាសម្ព័ន្ធស្ថាបត្យកម្មរបស់ប្រាសាទ ត្រូវបានគណនាយ៉ាងម៉ត់ចត់បំផុតទាក់ទងនឹងចលនានៃតារាសាស្ត្រ៖ ខុសប្លែកពីប្រាសាទបុរាណភាគច្រើន ដែលបែរមុខទៅទិសខាងកើត ប្រាសាទអង្គរវត្តបែរមុខទៅទិសខាងលិច ដែលតំណាងឱ្យព្រះវិស្ណុ និងទិសដែលព្រះអាទិត្យលិច ,បាតុភូតសមរាត្រី (Equinox)៖ ការរៀបចំកំពូលប្រាសាទ និងអ័ក្សកណ្តាល ត្រូវបានធ្វើឡើងដើម្បីឱ្យព្រះអាទិត្យរះចំកំពូលកណ្ដាលរៀងរាល់ពីរដងក្នុងមួយឆ្នាំ គឺសមរាត្រីរដូវប្រាំង (ខែមីនា) និងសមរាត្រីរដូវវស្សា (ខែកញ្ញា) ដែលឆ្លុះបញ្ចាំងពីការយល់ដឹងជម្រៅជ្រៅលើប្រតិទិនសូរ្យគតិ ,កំពូលទាំងប្រាំនៃប្រាសាទ តំណាងឱ្យកំពូលភ្នំកែឡាស (ភ្នំព្រះសុម៉ែរុ) ដែលជាមជ្ឈមណ្ឌលនៃចក្រវាលក្នុងជំនឿហិណ្ឌូ ឯកសណ្ឋានរៀបចំជញ្ជាំង និងកសិណទឹកជុំវិញ តំណាងឱ្យជួរភ្នំ និងមហាសមុទ្រដែលព័ទ្ធជុំវិញពិភពលោក។

ក្រសួងវប្បធម៌ បានណែនាំដល់អ្នកចូលទស្សនាបាតុភូតសមរាត្រី (Equinox) នឹងចាប់ផ្តើមពីថ្ងៃទី២១ ដល់ ២៣ ខែកញ្ញា ឆ្នាំ២០២៦ (ថ្ងៃចំណុចកំពូល គឺ ថ្ងៃទី២២ ខែកញ្ញា) វេលាម៉ោង ៦:១៥ ដល់ ៦:៤៥ ព្រឹក។

ក្រសួងក៏បានរំលឹកដល់ភ្ញៀវទេសចរទាំងអស់ មេត្តាស្លៀកពាក់ឱ្យបានសមរម្យ តាមការកំណត់ និងគោរពប្រតិបត្តិតាម «ក្រមប្រតិបត្តិអង្គរ» (Angkor Code of Conduct) ដើម្បីរួមចំណែកលើកកម្ពស់តម្លៃបេតិកភណ្ឌពិភពលោក និងវប្បធម៌ជាតិ៕ ដោយ៖ឡុង សំបូរ