រថយន្តសាំយ៉ុងគ្មានស្លាកលេខ ដឹកផលអនុផលព្រៃឈើ ត្រូវកម្លាំងរដ្ឋបាលព្រៃឈើបង្ក្រាបនៅស្រុកសន្ទុក ខេត្តកំពង់ធំ

0

ខេត្តកំពង់ធំ៖ រថយន្តសាំយ៉ុងមួយគ្រឿងគ្មានស្លាកលេខ ដែលត្រូវបានរាយការណ៍ថា កំពុងដឹកផល និងអនុផលព្រៃឈើ តាមបណ្តោយផ្លូវជាតិលេខ៦២ ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើផ្នែកកំពង់ថ្ម សហការជាមួយកម្លាំងយោធា ចុះបង្ក្រាប និងឃាត់បាន បន្ទាប់ពីមានការរាយការណ៍ជូននាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ កាលពីល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។

តាមរបាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា ក្រោយទទួលបានព័ត៌មាន កម្លាំងរដ្ឋបាលព្រៃឈើផ្នែកកំពង់ថ្ម ដឹកនាំដោយលោក ថូ គឹមហួរ បានចុះប្រតិបត្តិការស្រាវជ្រាវ និងឃាត់រថយន្តដឹកឈើ ដែលគេស្គាល់ថា ជារបស់ចែមុំ មេឈ្មួញចាស់វស្សា ស្ថិតនៅចំណុចតាំងក្រសាំង ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។

យ៉ាងណាក៏ដោយ នៅពេលសមត្ថកិច្ចព្យាយាមឃាត់ត្រួតពិនិត្យ អ្នកបើកបរឡានខាងលើ ត្រូវបានរាយការណ៍ថា មិនសហការ និងបានបើករថយន្តបន្តទៅមុខ បណ្តាលឱ្យកម្លាំងជំនាញបន្តដេញស្ទាក់ រហូតឃាត់បាននៅចំណុច ត្នោតជុំ។

ក្រោយប្រតិបត្តិការឃាត់បាន រថយន្តសាំយ៉ុង និងផលអនុផលព្រៃឈើដែលដឹកជញ្ជូននៅក្នុងរថយន្ត ត្រូវបានកម្លាំងជំនាញនាំយកមករក្សាទុកនៅ ផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម ដើម្បីពិនិត្យ និងចាត់ការបន្តតាមនីតិវិធីច្បាប់។

សកម្មភាពនេះក៏បង្ហាញពីសារៈសំខាន់ នៃការផ្តល់ព័ត៌មានពីសាធារណជន និងអ្នកសារព័ត៌មានទៅកាន់សមត្ថកិច្ចជំនាញ ដើម្បីជួយទប់ស្កាត់ការដឹកជញ្ជូនផល និងអនុផលព្រៃឈើដែលអាចមិនមានឯកសារអនុញ្ញាតត្រឹមត្រូវ។

តាមច្បាប់ស្តីពីព្រៃឈើ ការប្រមូល កាន់កាប់ ដឹកជញ្ជូន ឬធ្វើសន្និធិផល និងអនុផលព្រៃឈើ ត្រូវស្ថិតក្រោមបទប្បញ្ញត្តិ និងការអនុញ្ញាតដែលច្បាប់កំណត់។ ច្បាប់ស្តីពីព្រៃឈើ ឆ្នាំ២០០២ ត្រូវបានប្រកាសឱ្យប្រើជាផ្លូវការ និងជាក្របខណ្ឌច្បាប់សំខាន់ សម្រាប់ការគ្រប់គ្រង ការអភិរក្ស និងការប្រើប្រាស់ធនធានព្រៃឈើនៅកម្ពុជា។

សកម្មភាពដឹកជញ្ជូនផល និងអនុផលព្រៃឈើដោយគ្មានការអនុញ្ញាត ឬបំពានលើលក្ខខណ្ឌដែលច្បាប់កំណត់ អាចនាំឱ្យអ្នកពាក់ព័ន្ធប្រឈមនឹងវិធានការផ្លូវច្បាប់ ព្រមទាំងការរឹបអូសវត្ថុតាង និងមធ្យោបាយដែលពាក់ព័ន្ធទៅតាមប្រភេទ និងកម្រិតនៃបទល្មើសដែលសមត្ថកិច្ចស៊ើបអង្កេតរកឃើញ។

ការបង្ក្រាបនេះក៏ជាសារព្រមានដល់អ្នក ដែលនៅតែបន្តប្រើមធ្យោបាយដឹកជញ្ជូន ដើម្បីធ្វើសកម្មភាពពាក់ព័ន្ធនឹងផល និងអនុផលព្រៃឈើដោយខុសច្បាប់ថា ការបំផ្លាញធនធានព្រៃឈើមិនត្រឹមតែប៉ះពាល់ដល់ដើមឈើមួយដើម ឬឈើមួយឡានប៉ុណ្ណោះទេ ប៉ុន្តែអាចប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី ជម្រកសត្វព្រៃ ប្រភពទឹក និងជីវចម្រុះរបស់ប្រទេសជាតិ។
ការអនុវត្តច្បាប់ប្រកបដោយតម្លាភាព និងការចូលរួមផ្តល់ព័ត៌មានពីប្រជាពលរដ្ឋ អ្នកសារព័ត៌មាន និងសហគមន៍មូលដ្ឋាន នឹងជួយឱ្យការការពារធនធានធម្មជាតិ មានប្រសិទ្ធភាពកាន់តែខ្លាំង និងជួយរក្សាទុកព្រៃឈើជាមរតកសម្រាប់មនុស្សជំនាន់ក្រោយ៕ s/b