កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នាព្រឹកថ្ងៃទី ២០ កញ្ញា ២០២៦នេះ បានអញ្ជើញចុះពិនិត្យគម្រោងបំពាក់ម៉ូទ័របូមទឹកដើរដោយពន្លឺ ព្រះអាទិត្យ (សូឡា) ដើម្បីកាត់បន្ថយការចំណាយលើប្រេងឥន្ធនៈ នៅស្ថានីយបូមទឹក ហ៊ុនសែនទី១៥ ស្ថិតក្នុងភូមិបន្ទាយថ្មី ឃុំសំរោង ស្រុកព្រៃឈរ ដើម្បីសម្រួលដល់ការ ផ្គត់ផ្គង់ទឹកស្រោចស្រពសម្រាប់បម្រើឱ្យតម្រូវការរបស់ប្រជាកសិករក្នុងតំបន់ ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានស្នើដល់មន្ត្រីជំនាញ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ធ្វើយ៉ាងណាត្រូវធានាថាមានទឹកផ្គត់ផ្គង់ស្រោចស្របលើដីស្រែ ប្រជាកសិករប្រមាណ ៩០០ហិកតា តាមបណ្តោយប្រព័ន្ធធារាសាស្ត្រនេះ ឱ្យមានទឹកគ្រប់គ្រាន់តាមតម្រូវការ ដើម្បីបង្កើនវិសាលភាពជូនប្រជាកសិករបង្កបង្កើនផល បានច្រើន និងធ្វើឱ្យសេដ្ឋកិច្ចក្នុងតំបន់មានការរីកចម្រើនបន្ថែមមួយកម្រិតទៀត។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានជំរុញឱ្យពង្រីក វិសាលភាពការផ្គត់ផ្គង់ទឹកនេះ បន្តរហូតទៅដល់ស្រុកជើងព្រៃ ដើម្បីបម្រើឱ្យការដាំដុះ លើផ្ទៃដីប្រមាណជា ២ម៉ឺនហិកតា បន្ថែមទៀត ពោលគឺត្រូវធានាថាមានទឹកគ្រប់គ្រាន់ សម្រាប់ការបង្កបង្កើនផលក្នុងមួយឆ្នាំឱ្យបាន៣ដង ទន្ទឹមនោះ ត្រូវចងក្រងសហគមន៍ ប្រើប្រាស់ទឹកឱ្យបានច្បាស់លាស់ ដើម្បីគ្រប់គ្រង និងបែងចែកទឹកប្រកបដោយ ប្រសិទ្ធភាពខ្ពស់ផងដែរ ៕






































