ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹកនៅថ្ងៃ ទី២៣ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង០០:១០នាទី ក្រោមការសម្របសម្រួលពីតំណាងអយ្យការអម សាលា ដំបូងខេត្តព្រះសីហនុបានដឹកនាំអនុប្រធាននាយកដ្ឋាន កម្លាំងអង្គភាព បង្ក្រាប បទល្មើស លើផ្ទៃសមុទ្រ និងកម្លាំងវរសេនា តូចនគរបាលការពារព្រំដែនទឹកលេខ២៤០ ប្រចាំខេត្តព្រះសីហនុ នៃនាយកដ្ឋាន នគរ បាលការពារព្រំដែនទឹក បានកំណត់គោលដៅជាក់លាក់ ហើយបង្ក្រាបបទល្មើស ជួញដូរ គ្រឿងញៀន និងជួញដូរអាវុធខុសច្បាប់នៅចំណុចកោះឬស្សី ក្នុងភូមិសាស្ត្រដែនសមុទ្រខេត្តព្រះសីហនុ។

ជាលទ្ធផល កម្លាំងនគរបាលបាន ឃាត់ខ្លូនជនជាតិចិនចំនួន០៧នាក់ ដកហូតបានម្សៅ សថ្លាសង្ស័យ ជាសារធាតុញៀន សរុបចំនួន ៤២បាវ (ទម្ងន់ប្រមាណ ៨៤០គីឡូក្រាម).អាវុធវែង ចំនួន ១០ដើម, អាវុធខ្លី ចំនួន ៣៩ដើម (បង់ចំនួន១០៨បង់ គ្រាប់ ចំនួន៧,៩៣៧គ្រាប់ ស៊ីឡាំងសឺ០៨)រថយន្តចំនួន ០២គ្រឿងនិងម៉ូតូ ចំនួន ០៣គ្រឿងផងដែរ។

របាយការណ៍របស់នាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានបញ្ជាក់ថា ប្រតិបត្តិការនេះបានធ្វើឡើង ក្រោយទទួលបានព័ត៌មានសម្ងាត់,កម្លាំងនគរបាលនាយកដ្ឋានការពារព្រំដែនទឹកដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាន ដោយសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការឃាត់ និងធ្វើការចាប់ឃាត់អូប័រ ០១គ្រឿង និងជនជាតិចិន២នាក់ និងឈានដល់ការបង្រាបទ្រុងទ្រាយ ធំតែម្តងត្រង់ចំណុចកោះឬស្សី ក្នុងភូមិសាស្ត្រដែនសមុទ្រខេត្តព្រះសីហនុ។បច្ចុប្បន្ន ៖ជនសង្ស័យចំនួន០៧នាក់ និងវត្ថុតាងខាងលើ ត្រូវបានប្រគល់ជូនស្នងការដ្ឋាន នគរបាល ខេត្តព្រះសីហនុ ដើម្បីអនុវត្តនីតិវិធីបន្ត៕

នាគសមុទ្រ





































