បន្ទាយមានជ័យ៖ថវិកាបេឡាមរណសង្គ្រោះជូនដល់គ្រួសារសមាជិក សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត ដែលបានទទួលមរណៈភាពនាពេលកន្លងមកចំនួន ២គ្រួសារ នៅស្រុកព្រះនេព្រះ ខេត្តបន្ទាយមានជ័យ ត្រូវបានលោក ឃ្លោក នួយ អនុប្រធានប្រចាំការ និងជាប្រធានលេខាធិ
ការដ្ឋាន សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត តំណាងឯកឧត្ដម អ៊ុំ រាត្រី ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ជូន នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។
លោក ឃ្លោក នួយ អនុប្រធានប្រចាំការ បានមានប្រសាសន៍ថា ការផ្តល់ថវិកាបេឡាមរណសង្គ្រោះនេះ មានគោលបំណងចូលរួមជួយសម្រាលបន្ទុក និងការលំបាករបស់ក្រុមគ្រួសារសមាជិក អ.ន.ក ដែលបានបាត់បង់សមាជិកគ្រួសារ ព្រមទាំងបង្ហាញពីការយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរបស់គ្រួសារសមាជិក។
លោក ឃ្លោក នួយ ក៏បានបញ្ជាក់ថា សកម្មភាពនេះ ស្របតាមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះអតីតយុទ្ធជន និងក្រុមគ្រួសារ ដែលបានលះបង់ និងមានគុណបំណាច់ចំពោះជាតិមាតុភូមិ។
លោកក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យផ្តល់អាទិភាពដល់កូនចៅអតីតយុទ្ធជន អតីតប៉ូលិស និងអតីតអាវុធហត្ថ ក្នុងការជ្រើសរើសកងទ័ពថ្មី ដើម្បីផ្តល់ឱកាស និងជាការលើកទឹកចិត្តដល់ក្រុមគ្រួសារអតីតយុទ្ធជន។ ជាមួយគ្នានេះ ការផ្តល់ថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសព ក៏បង្ហាញពីការយកចិត្តទុកដាក់ និងការមិនបោះបង់ចោលគ្រួសារអតីតយុទ្ធជន និងជនពិការ នៅពេលជួបការលំបាក។
គួរបញ្ជាក់ផងដែរថា ថវិកាបេឡាមរណសង្គ្រោះជូនដល់គ្រួសារសមាជិក អតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជាខេត្ត ចំនួន ២គ្រួសារ ក្នុងមួយគ្រួសារៗទទួលបានថវិកាចំនួន ៤លានរៀល៕ដោយ៖ឃិន គន្ធា






































