អាជ្ញាធរខេត្តសៀមរាប ចាត់ទុកសុវត្ថិភាពអ្នកជំងឺ គឺជាសសរស្ដម្ភនៃជំនឿទុកចិត្តលើប្រព័ន្ធសុខាភិបាលសាធារណៈ

0

សៀមរាប: អាជ្ញាធរខេត្តសៀមរាប បានលើកឡើងថា «សុវត្ថិភាពអ្នកជំងឺ» មិនមែនគ្រាន់តែជាបច្ចេកទេសវេជ្ជសាស្ត្រសុទ្ធសាធ នោះឡើយ ប៉ុន្តែវាគឺជាសសរស្តម្ភដ៏មានសារៈសំខាន់បំផុត ក្នុងការវាស់ស្ទង់ និងបង្កើតជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើគុណភាពនៃប្រព័ន្ធសុខាភិបាលសាធារណៈ ដូច្នេះសូមឱ្យមន្ត្រីសុខាភិបាល និងបុគ្គលិកពេទ្យទាំងអស់ បង្កើនការយកចិត្តទុកដាក់ខ្ពស់លើគុណភាព និងក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរថែមទៀត។
ថ្លែងក្នុងទិវាពិភពលោកសុវត្ថិភាពអ្នកជំងឺ ឆ្នាំ២០២៦ របស់មន្ទីរសុខាភិបាលខេត្តសៀមរាប នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក ព្រឹម រដ្ឋា អភិបាលរងខេត្ត បានសង្កត់ធ្ងន់ថា គ្មានគុណភាពណា ដែលបានមកពីសេវាដែលគ្មានសុវត្ថិភាពនោះឡើយ។ ពិតណាស់ សុខភាពប្រជាជន ជាបេះដូងនៃអភិបាលកិច្ច ដូច្នេះយើងត្រូវរួមគ្នាកសាងការថែទាំប្រកបដោយសុវត្ថិភាពពេញមួយជីវិត។ សម្រាប់ទិវាឆ្នាំ២០២៦នេះ ប្រធានបទ «ការថែទាំប្រកបដោយសុវត្ថិភាពសម្រាប់ជំងឺមិនឆ្លង» ក្រោមពាក្យស្លោក «ការថែទាំប្រកបដោយសុវត្ថិភាពពេញមួយជីវិត» គឺជាប្រធានបទមួយដែលមានអត្ថន័យស៊ីជម្រៅ និងឆ្លើយតបចំតម្រូវការជាក់ស្តែង នៃសង្គមយើងបច្ចុប្បន្ន។  លោកបានបន្តថា ជំងឺមិនឆ្លងដូចជា ជំងឺបេះដូង ជំងឺលើសសម្ពាធឈាម ជំងឺទឹកនោមផ្អែម ជំងឺមហារីក និងជំងឺមិនឆ្លងផ្សេងៗ ទាមទារការព្យាបាល ការថែទាំ និងការតាមដានពេញមួយជីវិត។ ហើយសម្រាប់ប្រជាពលរដ្ឋយើង ការប្រឈមមុខនឹងជំងឺរ៉ាំរ៉ៃទាំងនេះ គឺលំបាកណាស់ទៅហើយ ដូច្នេះនៅពេលពួកគាត់មកទទួលសេវានៅមន្ទីរពេទ្យ ពួកគាត់ត្រូវតែទទួលបាននូវការថែទាំមួយ ដែលប្រកបដោយសុវត្ថិភាពបំផុត ដើម្បីកាត់បន្ថយហានិភ័យទាំងឡាយ ដែលអាចការពារបាន។ លោកបានលើកទឹកចិត្តដល់មន្ត្រី និងបុគ្គលិកសុខាភិបាលទាំងអស់ ត្រូវកសាងវប្បធម៌សុវត្ថិភាពអ្នកជំងឺ ឱ្យក្លាយជាទម្លាប់ការងារប្រចាំថ្ងៃ ព្រោះកត្តានេះ ជាសញ្ញាដ៏វិជ្ជមានដែលបង្ហាញថា មន្ទីរពេទ្យបង្អែកខេត្តសៀមរាបរបស់យើង កំពុងដើរលើផ្លូវដ៏ត្រឹមត្រូវ ក្នុងការឆ្លើយតបទៅនឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋ ។  លោកអភិបាលរងខេត្ត បង្ហាញថា យើងនឹងបន្តជំរុញឱ្យមានការអប់រំ និងការយល់ដឹងជាសាធារណៈ ដើម្បីឱ្យប្រជាពលរដ្ឋ អ្នកជំងឺ និងក្រុមគ្រួសារ យល់ដឹងពីសិទ្ធិ និងតួនាទីរបស់ខ្លួនក្នុងការចូលរួមធ្វើជាដៃគូយ៉ាងសកម្មជាមួយក្រុមគ្រូពេទ្យ ដើម្បីធានាសុវត្ថិភាពក្នុងការថែទាំ។ ជាពិសេសការបំភ្លឺ «ពន្លឺពណ៌ទឹកក្រូច» នៅលើអគារមន្ទីរពេទ្យ មិនត្រឹមតែជាការចូលរួមយុទ្ធនាការអន្តរជាតិ និងជាតិនោះទេ ប៉ុន្តែវាគឺជាការប្ដេជ្ញាចិត្តរួមរវាងរដ្ឋបាលខេត្ត មន្ទីរពេទ្យ និងដៃគូអន្តរជាតិ JCI ដែលផ្ញើជូនទៅកាន់បងប្អូនប្រជាពលរដ្ឋទាំងអស់ថា “សុវត្ថិភាព និងជីវិតរបស់បងប្អូន គឺជាអាទិភាពចម្បងបំផុតរបស់យើង”។
លោកស្រីឱសថការី លាក់ ឡាំលាវ ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មានប្រសាសន៍ថា ការថែទាំជំងឺមិនឆ្លង តម្រូវឱ្យមានការព្យាបាល និងតាមដានរយៈពេលវែង ដែលទាមទារសុវត្ថិភាពខ្ពស់បំផុត។ ស្របតាមអនុសាសន៍ដឹកនាំរបស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា «គ្មានគុណភាពណា ដែលគ្មានសុវត្ថិភាពនោះឡើយ» ហើយសម្រាប់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប តែងតែចាត់ទុក «សុវត្ថិភាពអ្នកជំងឺជាគ្រឹះចម្បង និងជាការប្ដេជ្ញាចិត្តរបស់យើង»។ សម្រាប់ទិវានេះរៀបចំឡើងដើម្បីលើកកម្ពស់ការយល់ដឹងជាសកល និងជំរុញកិច្ចសហការរវាងគ្រូពេទ្យ អ្នកជំងឺ និងគ្រួសារ ក្នុងការធានាសុវត្ថិភាពនៃការថែទាំ។ ក្រៅពីនេះ វាក៏ជាឱកាសក្នុងការលើកកម្ពស់ការយល់ដឹងពីសុវត្ថិភាពអ្នកជំងឺ និងបង្ការគ្រោះថ្នាក់ដែលអាចការពារបាន និងបង្កើនកិច្ចសហការជិតស្និទ្ធរវាងក្រុមគ្រូពេទ្យ អ្នកជំងឺ គ្រួសារ និងដៃគូពាក់ព័ន្ធផងដែរ៕