ពិធីដាក់ក្រពុំបិណ្ឌផ្កាឈូក គោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា រំលឹកខួបលើកទី ៣៣ឆ្នាំ (ទិវាប្រកាសរដ្ឋធម្មនុញ្ញ)

0

សៀមរាប: នៅវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលាខេត្តសៀមរាប បានរៀបចំពិធីដាក់ក្រពុំបិណ្ឌផ្កាឈូក គោរពរដ្ឋធម្មនុញ្ញកម្ពុជាជាលើកទី២ ក្នុងឱកាសរំលឹកខួប៣៣ឆ្នាំ (ទិវាប្រកាសរដ្ឋធម្មនុញ្ញ) ក្រោមអធិបតីភាពឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ដោយ មានការចូលរួមពីឯកឧត្តម លោកជំទាវជាសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត សាលាដំបូងខេត្ត ,អាជ្ញាធរជាតិអប្សរា,នាយក នាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព កងកម្លាំងទាំងបី នាយក.នាយករងទីចាត់ការ អង្គភាពចំណុះសាលាខេត្ត សភាពាណិជ្ជកម្មខេត្ត និង មន្ត្រីរាជការ ព្រមទាំងគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវះ  ប្រមាណជា៣០០នាក់បានអញ្ជើញចូលរួមដាក់ក្រពុំបិណ្ឌផ្កា ឈូកគ្រប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នៅមុខស្តម្ភ ដោយរៀបផ្កាឈូកស្រស់៩ថ្នាក់ មានទម្រពណ៌មាស ភ្ជាប់ដោយរុយបង់ព័ទ្ធជុំវិញក្រពុំបិណ្ឌផ្កាឈូក ។
ឯកឧត្តម តោ គឹមស៊ាន បានលើកឡើងថា រដ្ឋបាលខេត្តសៀមរាបរៀបចំពិធីដាក់ក្រពុំបិណ្ឌផ្កាឈូក គោរពរដ្ឋធម្មនុញ្ញកម្ពុជាជាលើកទី២ ក្នុងឱកាសរំលឹកខួប៣៣ឆ្នាំ “ទិវាប្រកាសរដ្ឋធម្មនុញ្ញ” ដែលប្រារព្ធឡើងនៅថ្ងៃទី២៤ កញ្ញា ។
ពិធីដាក់ក្រពុំបិណ្ឌផ្កាឈូកនេះ គឺជាពិធីប្រវត្តិសាស្ត្រដ៏មានអត្ថន័យដែលបង្ហាញពីក្តីគោរព និងការចងចាំចំពោះ “ទិវាប្រកាសរដ្ឋធម្មនុញ្ញ” ដែលកម្ពុជាតែងតែប្រកាន់ភ្ជាប់ និងថែរក្សានូវតម្លៃនៃសន្តិភាព សិទ្ធិ និងប្រជាធិបតេយ្យសម្រាប់ប្រទេស និងប្រជាជនកម្ពុជា។  ឯកឧត្តម តោ គឹមស៊ាន បានបញ្ជាក់ថា ពិធីជាប្រវត្តិសាស្ត្រដ៏សំខាន់មួយនេះ និង ក្លាយទៅជាការលើកស្ទួយតម្លៃរដ្ឋធម្មនុញ្ញ និងបន្តការផ្សព្វផ្សាយចំពោះសាធារណជន ពិសេសយុវជនជាអ្នកបន្តវេនជំនាន់ក្រោយឲ្យបានយល់ដឹង និង មានក្តីមោទនភាពក្នុងនាមជាពលរដ្ឋកម្ពុជា ។
សូមបញ្ជាក់ផងដែរថា រដ្ឋធម្មនុញ្ញគឺជាច្បាប់កំពូលរបស់កម្ពុជា។ រដ្ឋធម្មនុញ្ញ គ្រប់គ្រងបញ្ហាអធិបតេយ្យភាព តួនាទី និងឋានៈរបស់ព្រះមហាក្សត្រ សិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋខ្មែរ សេដ្ឋកិច្ច ការអប់រំ វប្បធម៌ កិច្ចការសង្គម និង ការប្រព្រឹត្តទៅនៃរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល ព្រមទាំងការប្រព្រឹត្តទៅនៃស្ថាប័នតុលាការក្រុមប្រឹក្សាធម្មនុញ្ញ។ កម្ពុជា បានចាប់ផ្តើមបង្កើតរដ្ឋធម្មនុញ្ញលើកដំបូងនៅឆ្នាំ១៩៤៧ ហើយរដ្ឋធម្មនុញ្ញដែលកម្ពុជាកំពុងប្រើប្រាស់បច្ចុប្បន្ន ជារដ្ឋធម្ម-  នុញ្ញលើកទី៦ ត្រូវបានអនុម័តដោយសភាធម្មនុញ្ញនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ ហើយត្រូវបានអតីតព្រះមហាក្សត្រកម្ពុជា ព្រះបរមរតនកោដ្ឋ ប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ មកដល់បច្ចុប្បន្ន មានអាយុកាល៣៣ឆ្នាំហើយ ។ រដ្ឋធម្មនុញ្ញកម្ពុជាបានចែងអំពីគោលការណ៍ នៃការបែងចែកអំណាចដាច់ដោយឡែកពីគ្នាគឺ  ១) អំណាចនីតិបញ្ញត្តិ ,២)នីតិប្រតិបត្តិ  ,៣)តុលាការ ហើយក៏បានអនុម័តនូវសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ និង  គោលការណ៍នីតិរដ្ឋជាដើម ៕