សៀមរាប: នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦នេះ លោកជំទាវ ស៊ិន ណម សមាជិកាក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃ គណៈអភិបាលខេត្ត បានដឹកនាំឯកឧត្តម លោកជំទាវជាសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត គណៈ
អភិបាលខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងមន្ត្រីរាជការ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៣ នៅវត្តពោធិ វង្សស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង ខេត្តសៀមរាប ។
បន្ទាប់ពីលោកអាចារ្យ នមស្ការព្រះរតនត្រ័យ សមាទានសីល រម្លឹកដល់គុណព្រះរតនៈត្រៃយ៍ ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ព្រមទាំងដារពិស្ដាររាប់បាត្រ និងប្រគេនទេយ្យវត្ថុ ចំពោះព្រះសង្ឃ ដើម្បីជាកិច្ចឧទ្ទិសមហាកុសលជូនចំពោះវិញ្ញាណក្ខន្ធញ្ញាតិកាទាំង ៧សណ្តាន ដែលបានចែកឋានទៅកាន់ឋានបរមសុខ និងឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធវីរកងទ័ព និង នគរបាលកម្ពុជា ដ៏អង់អាចក្លាហាន ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ ការពារបូរណភាពទឹកដី ។ ពិធីកាន់បិណ្ឌនេះ គឺជាទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរយើង ដែលបានប្រារព្ធទៅតាមរដូវកាល នៃការកាន់បិណ្ឌជារៀងរាល់ឆ្នាំ នៅគ្រប់ទីអារាមវត្តនានា ក្នុងព្រះរាជាណាចក្រកម្ពុជា។ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណី ព្រះពុទ្ធសាសនាខ្មែរដ៏សំខាន់ ដែលអ្នកប្រាជ្ញខ្មែរយើង លោកបានផ្សារភ្ជាប់ ខ្លឹមសារនៃការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនេះ ទៅតាមគម្ពីដីកាមួយចំនួន ដូចជាគម្ពីរបេតវត្ថុ គម្ពីរវិមានវត្ថុ គម្ពីរវិជ្ជាធរជាដើម ដើម្បីទុកជាទី វាទិដ្ឋានុគតិសម្រាប់ដំណើរជីវិតរបស់មនុស្សគ្រប់រូប ។
បុណ្យភ្ជុំបិណ្ឌនេះ ដែលបង្កប់ទៅដោយផ្នត់គំនិតសម្រាប់អប់រំ កុំឲ្យមនុស្សគ្រប់រូបប្រមាថ ធ្វើអំពើអាក្រក់ជាហេតុធ្វើឲ្យខ្លួន ភ្លាំងភ្លាត់កំណើតទៅកើតក្នុងអបាយភូមិ មាន (នរក ប្រេត តិរច្ឆាន)ជាដើម ។ ពិធីបុណ្យភ្ជុំបិណ្ឌនេះ ធ្វើទៅដោយសេចក្តីគោរព បង្អោនកាយវិចាចិត្ត ឆ្ពោះទៅរកប្រេតជន ជាញាតិកាលទាំងប្រាំពីរសណ្តាន ដែលលោកបានចែកឋានទៅកាន់បរលោក និងជួយរំដោះឲ្យរួចចាកផុតពីទុក្ខទោសទាំងឡាយ ឧបាយភូមិណាមួយ និងឲ្យបានទៅកាន់សុគតិភពថ្មី ហើយងាកក្រោយមកជួយបីបាច់ថែរក្សាកូនចៅ ឲ្យមានសេចក្តីសុខសប្បាយក្នុងក្រុមគ្រួសារ សង្គមជាតិផងដែរ ។ ម្យ៉ាងវិញទៀត បានរួមចំណែកជួយទ្រទ្រង់វិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។
សូមរំលឹកផងដែរថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាពិធីបុណ្យដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យប្រពៃណីខ្មែរផ្សេងទៀត ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះមានរយៈពេល១៥ថ្ងៃ ដោយចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ។ បុណ្យកាន់បិណ្ឌវេនទី៣ បានវេរប្រគេនទ័យ្យទានគ្រឿងឧបភោគបរិភោគ ចំនួន០៩មុខ បច្ច័យ២លាន៨០ម៉ឺនរៀល ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសនៅទីវត្តពោធិវង្ស សម្រាប់ប្រើប្រាស់ក្នុងទីវត្ត និងសីលវ័ន្ត សីលវន្តី៥០នាក់ក្នុងម្នាក់ៗទទួលបានក្រណាត់ស១ដុំបច្ច័យ១ម៉ឺនរៀលផងដែរ៕





































