បន្ទាយមានជ័យ ៖បន្ទាប់ពីជំនន់ទឹកភ្លៀងចាប់ផ្ដើមស្រកបណ្ដើៗ នៅទីប្រជំជន់ ផ្លូវថ្នល់ជាតិ ហូរស្រុងចុះទៅរកអូរព្រំដែនដែលជាទឺទំនាប កម្លាំងសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋ បានសហការគ្នា ចាប់បានសត្វក្រពើដ៏ធំ១ ក្បាល នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត កាលពីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦។
ការប្រទះឃើញសត្វក្រពើនេះ បានកើតឡើងក្នុងអំឡុង ពេលដែលជំនន់ទឹកភ្លៀងបន្តស្រកបណ្ដើៗ នៅទីប្រជំជន់ ផ្លូវថ្នល់ តែនៅតែបង្ករលិចលង់នៅក្នុងតំបន់មួយចំនួន ដោយសារលំហូរទឹកហូរធ្លាក់មកពីប្រទេសថៃ និងទឹកភ្លៀងដែលនៅបន្តធ្លាក់ក្នុងតំបន់នេះ។
ក្រោយប្រតិបត្តិការ សមត្ថកិច្ច និងមន្ត្រីជំនាញបានដឹកជញ្ជូនសត្វក្រពើនេះ យកទៅរក្សាទុកនៅទីតាំងសុវត្ថិភាព ជាបណ្តោះអាសន្ន ដើម្បីចាត់វិធានការបន្តតាមនីតិវិធី។ ការអន្តរាគមន៍ទាន់ពេលវេលានេះ បានជួយកាត់បន្ថយហានិភ័យ និងធានាសុវត្ថិភាពជូនអ្នកភូមិក្នុងតំបន់រងគ្រោះ។
ជាមួយគ្នានេះ រដ្ឋបាលក្រុងប៉ោយប៉ែត បានអំពាវនាវឱ្យប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន និងគ្រួសារ ព្រមទាំងបានរំលឹកដល់អាណាព្យាបាល ត្រូវហាមឃាត់កូនតូចៗ មិនឱ្យចុះលេងទឹកជាដាច់ខាត ដើម្បីជៀសវាងគ្រោះថ្នាក់លង់ទឹក ឬសត្វអសិរពិសផ្សេងៗ ៕ដោយ៖ឃិន គន្ធា





































