សៀមរាប: បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងបានបណ្តាល ឲ្យមានលិចផ្ទះសម្បែងចំនួន ៥០គ្រួសារ និង ជនពិការ ២រូប ត្រូវបានឯកឧត្តម ឯកឧត្តម ផាត វិបុលសុភ័ក្រ្ត អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកអង្គរធំ និង ជាប្រធានក្រុម ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំលាងដៃ នាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និង រទេះជន
ពិការ ចែកជូននៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នៅបរិវេណសាលាឃុំលាងដៃ ស្រកអង្គរធំ ខេត្តសៀមរាប ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម ផាត វិបុលសុភ័ក្រ្ត បានលើកផងដែរថា ក្នុងស្ថានភាពក្នុងរដូវវស្សានេះ អាកាសធាតុមានការប្រែប្រួល ធ្វើឲ្យមានភ្លៀងធ្លាក់ខ្លាំងជារៀងរាល់ថ្ងៃកន្លងមកនេះ បានបង្កឲ្យ មានជំនន់ទឹកភ្លៀង និង ធ្វើឲ្យបងប្អូនយើងនៅតាមបណ្តាភូមិមួយចំនួន ក្នុងឃុំលាងដៃ បានជួបករណីនេះឡើង ។ បញ្ហាប្រធានស័ក្តិនេះ គឺកើតឡើងដោយធម្មជាតិ ឬ ក៏អំពើដែលមនុស្សយើងធ្វើ ដោយមិនគិតពីហានីភ័យកើតឡើង ដូចជា(ការកាប់បំផ្លាញ់ព្រៃឈើ , ការចាក់ដីលប់បំបាត់ប្រព័ន្ធប្រឡាយ, អូរ បឹង ត្រពាំងធម្មជាតិ ដែលធ្វើឲ្យកកស្ទះចរន្តទឹកហូរ និង ទីកន្លែងស្តុបទឹក) រួមការបម្រែបម្រួលអាកាសធាតុផងដែរ ។ ឯកឧត្តមក៏បានសម្តែងការអាណិតអាសូរបងប្អូនរងគ្រោះ ព្រមទាំងបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅពេលដែលមានទឹកជំនន់នេះ ត្រូវមានការប្រុងប្រយ័ត្ន ចំពោះសមាជិកក្នុងគ្រួសារ សំខាន់កុមារតូចៗ មិនត្រូវបណ្តែតបណ្តោយឲ្យលេងទឹកឡើយ ។ ម៉្យាងទៀតត្រូវមានការការពារចំពោះពពួកសត្វអសិរពិស និង ការប្រើប្រាស់ទឹកឲ្យមានអនាម័យល្អ ដើមី្បការពារនូវជម្ងឺរាត្បាតឆ្លង ហើយបើមានបញ្ហាសុខភាព ត្រូវប្រញ៉ាប់នាំទៅកាន់មណ្ឌលសុខភាពដែលនៅជិតខ្លួន ។ ឯកឧត្តមក៏បានជម្រុញអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ចូលរួមពង្រឹងការអនុវត្តគោលនយោបាយជាតិភូមិឃុំសង្កាត់មានសុវត្ថិភាព និងការពារ អភិរក្សធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រឃុំ ។ ឯកឧត្តម ផាត វិបុលសុភ័ក្រ្ត ក៏បានលើកផងដែរ អំពីស្ថានការនៅតាមបណ្តោយព្រំដែន កម្ពុជា ថៃ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា កម្ពុជានៅតែបន្តរក្សាជំហរដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ តាមមធ្យោបាយសន្តិវិធី និងមិនលាក់បាំងឬស្ងៀមស្ងាត់ឡើយ នៅពេលមានសកម្មភាពប៉ះពាល់ដល់អធិបតេយ្យភាព។
កម្ពុជា មានសិទ្ធិពេញលេញក្នុងការនិយាយបង្ហាញភស្តុតាង និង លើកឡើងពីបញ្ហាព្រំដែននៅគ្រប់យន្តការសន្តិវិធី ទាំងថ្នាក់ទ្វេភាគី តំបន់ និង អន្តរជាតិ។ កម្ពុជាបន្តបង្កើន និងពង្រឹងកិច្ចការទូតព្រមទាំងតាមដានយ៉ាងដិតដល់នូវរាល់ការវិវត្តថ្មីៗនៅតាមបន្ទាត់ព្រំដែន។ ម៉្យាងទៀតកម្ពុជាប្រកាន់ខ្ជាប់នូវធម្មនុញ្ញអង្គការសហប្រជាជាតិ ក្នុងការដោះស្រាយវិវាទដោយសន្តិវិធី និងគោរពបូរណភាពដែនដីទៅវិញទៅមក ប៉ុន្តែនឹងមិនយល់ព្រមស្ងៀមស្ងាត់ចំពោះបញ្ហាដែលប៉ះពាល់ដល់សុវត្ថិភាពប្រជាពលរដ្ឋខ្លួននោះទេ។ អំណោយដែលបានចែកជូនបងប្អូន ក្នុងមួយគ្រួសារ ធុកជ័រ ១ , អង្ករ និង មី ទឹកត្រី ទឹកស៊ីអ៊ីវ និង ថវិកាមួយចំនួន ។
បន្តមកគណៈប្រតិភូក្រុមការងារ បានបន្តធ្វើការប្រគល់រទេះជនពិការ ដល់លោកពូ ឌៀប បូរ រស់នៅឃុំពាក់ស្នែង និង អ្នកមីង ទៀប ស៊ាន នៅភូមិភ្លង់ ឃុំលាងដៃ រួមទាំងគ្រឿងឧបភោគបរិភោគ និង ថវិកាផងដែរ ។ ក្នុងនោះឯកឧត្តម បានផ្តាំផ្ញើ សូមឲ្យពូ មីង រក្សាថែទាំសុខភាព បើមានបញ្ហាសុខភាពត្រូវប្រញ៉ាប់មកកាន់មណ្ឌលសុខភាពដែលនៅជិត ៕





































