កងរាជអាវុធហត្ថក្រុងសៀមរាបចែកពាក្យដល់យុវជនដើម្បីចូលបំពេញ (កាតព្វកិច្ចយោធា) ដោយចាត់ទុកការចូលរួមគឺមានតម្លៃចំពោះជាតិ

0

សៀមរាប:យុវជនខ្មែរដែលមានបំណងបំពេញកាតព្វកិច្ចយោធា ក្រោមគោលការណ៍ស្ម័គ្រចិត្ត ដែលនឹងចាប់ផ្តើមចែកពាក្យចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប ហើយនិងទទួលពាក្យចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នៅពេលព្រឹកចាប់ពីម៉ោង៧:៣០នាទី ដល់ម៉ោង១១:៣០នាទី និងរសៀលចាប់ពីម៉ោង១៤:០០នាទី ដល់ម៉ោង១៧:០០នាទី ពីថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍ ។
លោកវរៈសេនីយ៍ទោ ប្រាក់ វណ្ណៈ មេបញ្ជាការកងរាជអាវុធហត្ថក្រុងសៀមរាប បានបញ្ជាក់ថា ការចូលរួមរបស់យុវជន និងយុវនារី អាយុចន្លោះ ១៨ ដល់ ២៥ឆ្នាំ ក្នុងការបំពេញកាតព្វកិច្ចយោធារយៈពេលពីរឆ្នាំនេះ គឺមានតម្លៃចំពោះជាតិ ដើម្បីចូលរួមចំណែកការពារជាតិមាតុភូមិ។ កងរាជអាវុធហត្ថ បានត្រៀមរួចរាល់ទទួលពាក្យពីយុវជន ដើម្បីចូលបំពេញ (កាតព្វកិច្ចយោធា) ក្រោយបានប្រជុំពាក់ព័ន្ធនឹងគោលការណ៍អនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា ។ ការចាប់ផ្តើមចែកពាក្យតាមការកំណត់ ហើយរំពឹងថានឹងមានការចូលរួមចំណែកច្រើនកុះករ ដើម្បីបំពេញកាតព្វកិច្ចយោធា ស្របតាមច្បាប់ស្តីពី(កាតព្វកិច្ចយោធា) នៃព្រះរាជាណាចក្រកម្ពុជា ។ លោកមេបញ្ជាការ បានបន្តទៀតថា ការអនុវត្ត កាតព្វកិច្ចយោធា និងផ្តល់ចំណេះដឹង វិន័យ ស្មារតីជួយគ្នា ការទទួលខុសត្រូវលើភារកិច្ចរបស់ខ្លួន ដែលចូលរួមចំណែក ក្នុងការបម្រើជាតិមាតុភូមិនៃយើង ។ គោលការណ៍ឲ្យអនុវត្តច្បាប់នេះ ជាលើកដំបូង គឺដើម្បីកសាងកម្លាំងការពារជាតិ ឲ្យកាន់ តែមានសមត្ថភាព និងវិន័យ ជាពិសេសបំពេញតម្រូវការជាតិ ។ សម្រាប់ប្រមុខការពារជាតិកម្ពុជា ការការពារជាតិមាតុភូមិ និងបូរណភាពទឹកដី ជាកាតព្វកិច្ចរបស់ពលរដ្ឋខ្មែរគ្រប់រូប ជាពិសេសក្នុងបរិបទសង្គមបច្ចេកវិទ្យា ដែលប្រែប្រួលយ៉ាងរហ័ស ប្រទេសជាតិ ចាំបាច់ត្រូវមានកម្លាំងស្នូលដ៏ខ្លាំង ដែលទទួលបានការហ្វឹកហ្វឺន មានចំណេះដឹង ជំនាញ វិន័យ និងសមត្ថភាព ដើម្បីធានាការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន ។ ប្រទេសជាតិ និង រដ្ឋាភិ-បាល ត្រូវការកម្លាំងធនធានមនុស្សប្រកបដោយគុណភាព ។ ដូច្នេះការអនុវត្តកាតព្វកិច្ចយោធា និង ផ្តល់ទាំងចំណេះដឹង វិន័យ ស្មារតីសាមគ្គី និងទំនួលខុសត្រូវ ដែលអាចចូលរួមបម្រើមាតុភូមិបាន។
យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសធ្វើជំរឿនលើយុវជនចាប់ផ្តើមពីដើមខែតុលារហូតដល់ខែធ្នូ លើយុវជនចាប់ពីអាយុ ១៧ឆ្នាំដល់២៥ឆ្នាំ ហើយនឹងត្រូវបំពេញ (កាតព្វកិច្ចយោធា)រយៈពេល ២៤ខែ ពោលគឺ២ឆ្នាំ ។ ចំពោះយោធិន កំពុងបំពេញកាតព្វកិច្ចយោធា នឹងត្រូវទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ និង គោលរបបផ្សេងៗមានជាអាទិ៍ ប្រាក់ឧបត្ថម្ភប្រចាំខែក្នុងម្នាក់ចំនួន ៤សែនរៀល និង គោលរបបផ្សេងៗត្រូវទទួលបានដូចយោធិនអាជីពរួមមាន៖ ប្រាក់ម្ហូបប្រចាំថ្ងៃ ប្រាក់អាហារបំប៉នបន្ថែមពេលហ្វឹកហាត់ ប្រាក់បំណាច់ឧបត្ថម្ភគ្រួសារនិងកូន របបអង្ករប្រចាំថ្ងៃ និង របបឯកសណ្ឋានប្រយុទ្ធនិងបរិក្ខារចាំបាច់មួយចំនួនទៀត ៕