អភូតហេតុធម្មជាតិដ៏កម្រ! កោះអណ្តែតនៅបឹងកន្សែង ខេត្តរតនគិរី បង្ហាញខ្លួនជាថ្មី២ឆ្នាំជាប់គ្នា ដើម្បីបង្អួតអ្នកទេសចរ

0

ខេត្តរតនគិរី៖ កោះអណ្តែតដ៏ចម្លែក និងអស្ចារ្យមួយកន្លែងនៅទឹកដីខេត្តរតនគិរី បាននិងកំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកទេសចរ និងសាធារណជនទូទៅ បន្ទាប់ពីវាបានចាប់ផ្តើមអណ្តែតរំកិលខ្លួនជាថ្មីទៀតហើយ។ ជាក់ស្តែងកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ កន្លងមកនេះ ខណៈដែលកាលពីឆ្នាំ២០២៥ កន្លងទៅ អភូតហេតុនេះក៏ធ្លាប់បានកើតឡើងម្តងរួចមកហើយដែរ។

បាតុភូតធម្មជាតិដ៏ចម្លែកនេះ តែងតែត្រូវគេសង្កេតឃើញ នៅពេលដែលមានភ្លៀងធ្លាក់ជាប់ៗគ្នា រហូតធ្វើឱ្យផ្ទៃបឹងកន្សែងស្ថិតក្នុងក្រុងបានលុង ពេញប្រៀបដោយទឹក។ កោះធម្មជាតិនេះ បានរំកិលខ្លួនបណ្តែតតាមទិសខ្យល់យ៉ាងរលូន (ឧទាហរណ៍៖ ប្រសិនបើខ្យល់បក់មកពីទិសខាងលិច វានឹងអណ្តែតទៅទិសខាងកើតជាដើម)។

អ្វីដែលកាន់តែអស្ចារ្យនោះ គឺនៅលើកោះអណ្តែតនេះមានដុះសុទ្ធសឹងតែដើមឈើ និងរុក្ខជាតិស្មៅតូចធំប្រជ្រៀតគ្នាយ៉ាងក្រាស់ឃ្មឹក ច្រូងច្រាង និងមានភាពរឹងមាំល្អ ដែលបង្កើតបានជាទស្សនីភាពប្លែកភ្នែក និងជាទេសភាពធម្មជាតិដ៏កម្ររកបាន ដែលមនុស្សជាច្រើនមិននឹកស្មានថាអាចកើតមានឡើងពិតប្រាកដទេ។

បើតាមការសន្និដ្ឋានរបស់អ្នកជំនាញ និងអ្នកក្នុងស្រុក កោះអណ្តែតនៅបឹងកន្សែងនេះ អាចកើតឡើងដោយសារការប្រមូលផ្តុំ នៃប្រព័ន្ធឫសរុក្ខជាតិទឹក ស្មៅ និងកម្ទេចភក់រលួយដែលស្អិតជាប់គ្នាជាដុំយ៉ាងណែន ហើយបង្កើតជាឧស្ម័នរុញឱ្យដុំរុក្ខជាតិនេះហើម និងអណ្តែតឡើងលើផ្ទៃទឹកបែបនេះ។

បាតុភូតធម្មជាតិដ៏វិសេសវិសាលនេះ គឺជាឱកាសដ៏ល្អសម្រាប់អ្នកទេសចរ ដែលស្រឡាញ់ការស្វែងរកភាពប្លែកថ្មី និងចង់ទៅទស្សនាផ្ទាល់នូវ «កោះអណ្តែតទឹក» ដ៏កម្រនេះនៅខេត្តរតនគិរី​ ភាគឦសានប្រទេសកម្ពុជា៕ដោយ៖ឡុង សំបូរ