ខេត្តក្រចេះ៖ កម្លាំងជំនាញរដ្ឋបាលជលផល សហការជាមួយសមត្ថកិច្ច និងសហគមន៍នេសាទ បានចុះបង្ក្រាបបទល្មើសនេសាទនៅតាមដងព្រែក និងតំបន់ទំនាបលិចទឹកក្នុងស្រុកចិត្របុរី និងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ដោយបានរុះរើ និងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ជាច្រើនប្រភេទ ព្រមទាំងចាក់លែងត្រីចម្រុះប្រមាណ ៣៧០គីឡូក្រាម ចូលទៅក្នុងដែនទឹកធម្មជាតិវិញ។
នាយខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ លោក ម៉ុក ពន្លក បានឱ្យដឹងថា៖ ក្នុងប្រតិបត្តិការនៅស្រុកចិត្របុរី ខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ បានសហការជាមួយកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត កម្លាំងកងរាជអាវុធហត្ថមូលដ្ឋានស្រុកចិត្របុរី និងសហគមន៍នេសាទ ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទនៅតាមដងព្រែកក្រគរ និងតំបន់ទំនាបស្រែលិចទឹកជុំវិញបឹងទ្រនូលឆ្នាំង ក្នុងឃុំថ្មគ្រែ និងឃុំគោលាប់។
ប្រតិបត្តិការនេះបានរកឃើញ និងរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ចំនួន ២ករណី រួមមាន របាំងព្រួលសាច់អួនដែលលាតសន្ធឹងលើសពីពីរភាគបីនៃទទឹងមុខទឹកព្រែកក្រគរ ចំនួន ២កន្លែង ប្រវែងសរុប ៣៥ម៉ែត្រ និងមានក្រឡាទំហំ ២សង់ទីម៉ែត្រ ព្រមទាំងលបសាច់អួនចំនួន ៥គ្រឿង ដែលមានក្រឡាទំហំ ២សង់ទីម៉ែត្រ។
សមត្ថកិច្ចក៏បានរុះរើរបាំងព្រួលស្បៃមុងចំនួន ២១ខ្សែ ប្រវែងសរុប ១.៧៥០ម៉ែត្រ, លូស្បៃមុងចំនួន ២៤មាត់លូ និងបង្គោលចម្រឹងធ្វើពីឈើ និងឫស្សីចំនួន ១២៥ដើម។ ត្រីចម្រុះដែលប្រមូលបានពីឧបករណ៍នេសាទខុសច្បាប់មានទម្ងន់ប្រមាណ ២៥០គីឡូក្រាម ត្រូវបានចាក់លែងចូលក្នុងដែនទឹកធម្មជាតិវិញ។
លោកបន្តថា៖ ដោយឡែកនៅស្រុកព្រែកប្រសព្វ ផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ បានសហការជាមួយគណៈកម្មការស្រុក និងសហគមន៍នេសាទកែងកំពង់ដ ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទនៅតាមដងព្រែកព្រលូង និងតំបន់ទំនាបលិចទឹក ក្នុងភូមិព្រែកព្រលូង ឃុំសោប។
ប្រតិបត្តិការនៅតំបន់នេះបានរកឃើញ និងរុះរើបំផ្លាញឧបករណ៍នេសាទខុសច្បាប់ រួមមាន របាំងព្រួលសាច់អួនដែលលាតសន្ធឹងបិទជិតព្រែកចំនួន ២កន្លែង ប្រវែងសរុប ២៥ម៉ែត្រ និងមានក្រឡាទំហំ ២សង់ទីម៉ែត្រ, របាំងព្រួលស្បៃមុងចំនួន ៧ខ្សែ ប្រវែង ៤៥០ម៉ែត្រ, លូស្បៃមុងចំនួន ៧មាត់លូ និងបង្គោលឈើ និងឬស្សីចំនួន ៨៥ដើម។ ត្រីចម្រុះទម្ងន់ប្រមាណ ១២០គីឡូក្រាម ដែលបានរកឃើញក្នុងប្រតិបត្តិការនោះ ត្រូវបានចាក់លែងចូលក្នុងដែនទឹកធម្មជាតិវិញ។
លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ បានអំពាវនាវដល់ប្រជានេសាទ និងអ្នកពាក់ព័ន្ធទាំងអស់ ឱ្យបញ្ឈប់ការប្រើប្រាស់ឧបករណ៍នេសាទដែលច្បាប់ហាមឃាត់ និងចូលរួមការពារធនធានជលផល។ លោកបានបញ្ជាក់ថា ឧបករណ៍ និងវិធីនេសាទដែលត្រូវហាមឃាត់ រួមមាន ឧបករណ៍ឆក់, គ្រឿងផ្ទុះ, ការត្រាំបំពុល, ឧបករណ៍នេសាទស្បៃមុង និងលបអួនក្រឡាញឹក ជាដើម។
លោក ម៉ុក ពន្លក បានព្រមានថា អ្នកដែលនៅតែបន្តលួចលាក់ប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ អាចប្រឈមនឹងការកោះហៅ និងចាត់វិធានការតាមផ្លូវច្បាប់ ព្រមទាំងទោសទណ្ឌដែលច្បាប់បានកំណត់។ ខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធ ចូលរួមរាយការណ៍ និងទប់ស្កាត់បទល្មើសនេសាទ ដើម្បីរួមគ្នារក្សាធនធានជលផល និងជីវចម្រុះនៅក្នុងដែនទឹកធម្មជាតិ។ ក្នុងចំណោមធនធានដែលត្រូវការការពារជាពិសេស មានត្រីមេពូជនៅតាមបឹង និងដងទន្លេមេគង្គ ព្រមទាំងជីវចម្រុះក្នុងតំបន់អភិរក្ស ដូចជា បឹង អូរ និងស្ទឹង រួមទាំងសត្វផ្សោតទន្លេមេគង្គ៕ដោយ៖ឡុង សំបូរ






































