សៀមរាប: នៅថ្ងៃទី០១ ខែ តុលា ឆ្នាំ២០២៦នេះ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និង ឯកឧត្តម លោកជំទាវជាសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការសាលាខេត្ត បាន
អញ្ញើញចូលរួមកាន់បិណ្ឌវេនទី៥ នៅទីវត្តប្រាសាទគោកចក ស្ថិតក្នុងភូមិ វាល សង្កាត់គោកចក ក្រុង ខេត្តសៀមរាប ។ ពិធីបុណ្យកាន់វេនបិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ គឺជាឱកាសជួយពង្រឹងចំណង សាមគ្គីភាព និងភាពស្និទ្ធស្នាលក្នុងក្រុមគ្រួសារ សហគមន៍ និងសង្គមជាតិ ។
ព្រះវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក និងជាទីប្រឹក្សាពុទ្ធិកសមាគមកម្ពុជរដ្ឋ បានមានថរដីកាថា ពិធីបុណ្យកាន់វេនបិណ្ឌ និង ភ្ជុំបិណ្ឌ គឺជាឱកាសជួយពង្រឹងចំណងសាមគ្គីភាព និងភាពស្និទ្ធ ស្នាលក្នុងក្រុមគ្រួសារ សហគមន៍ និងសង្គមជាតិ ព្រោះកូនចៅ និងសាច់ញាតិដែលរស់នៅទីជិតទីឆ្ងាយតែងវិលត្រឡប់មកជួបជុំក្រុមគ្រួសារ និងរួមគ្នាធ្វើបុណ្យតាមគន្លងប្រពៃណីដូនតា។ ព្រះវិចិត្រវង្សា ហែម គឹមសាន បានបន្តថា ពិធីបុណ្យកាន់វេនបិណ្ឌ និងភ្ជុំបិណ្ឌ គឺជាបុណ្យប្រពៃណីដ៏សំខាន់មួយរបស់ប្រជាពលរដ្ឋខ្មែរ ដែលបានប្រតិបត្តិបន្តតាំងពីបុរាណកាលមក និងបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយព្រះពុទ្ធសាសនាទំនៀមទម្លាប់ប្រពៃណីនិងវប្បធម៌ដ៏ល្អផូរផង់របស់ជាតិខ្មែរ។ហើយការធ្វើបុណ្យទានក្នុងរដូវកាលនេះ ជាឱកាសឱ្យពុទ្ធបរិស័ទបានបំពេញទាន សីល និងភាវនា ព្រមទាំងសម្ដែងនូវកតញ្ញូ-កតវេទិតាធម៌ចំពោះមាតាបិតាជីដូនជីតានិងបុព្វការីជន។ ព្រះអង្គក៏បានមានថេរដីកាបន្តថា ការកាន់វេនបិណ្ឌមិនមានន័យត្រឹមតែការយកចង្ហាន់និងទេយ្យទានមកប្រគេនព្រះសង្ឃប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសសម្រាប់ពុទ្ធបរិស័ទធ្វើចិត្តឲ្យជ្រះថ្លា ប្រព្រឹត្តអំពើល្អ រក្សាសីល ចេះចែករំលែក និងជួយសង្គ្រោះគ្នាទៅវិញទៅមក។ចំពោះការធ្វើអំពើល្អដោយកាយ វាចា និងចិត្ត គឺជាមូលដ្ឋាននៃការកសាងសេចក្តីសុខទាំងក្នុងគ្រួសារនិងសង្គម។ ព្រះគ្រូចៅអធិការវត្ត ក៍បានមានថេរដីកាបញ្ជាក់ថា សមិទ្ធផលនានាដែលបានកសាងឡើង និងកំពុងបម្រើដល់វិស័យព្រះពុទ្ធសាសនានៅក្នុងទីអារាមនាពេលបច្ចុប្បន្ននេះ គឺមិនមែនកើតឡើងដោយការខិតខំរបស់បុគ្គលណាម្នាក់តែឯងនោះទេ ប៉ុន្តែជាផ្លែផ្កានៃសទ្ធាជ្រះថ្លា កម្លាំងសាមគ្គី និងការចូលរួមធ្វើបុណ្យរបស់ពុទ្ធបរិស័ទ សប្បុរសជន និងប្រជាពលរដ្ឋជិតឆ្ងាយ ដែលតែងតែគាំទ្រ និងចូលរួមជួយកសាងវត្តអារាមជាបន្តបន្ទាប់។
ព្រះវិចិត្រវង្សា ហែម គឹមសាន មានថេរដីកាបន្ថែមថា រាល់បច្ច័យ ទេយ្យទាន និងការចូលរួមឧបត្ថម្ភតាមសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ ត្រូវបានប្រើប្រាស់ក្នុងការកសាង ជួសជុល និងអភិវឌ្ឍសមិទ្ធផលនានានៅក្នុងវត្ត ដើម្បីបម្រើដល់ការប្រតិបត្តិព្រះពុទ្ធសាសនា ការសិក្សាព្រះធម៌ និងជាទីកន្លែងសម្រាប់ពុទ្ធបរិស័ទធ្វើបុណ្យទានតាមប្រពៃណីព្រះពុទ្ធសាសនា។ ព្រះគ្រូចៅអធិការបានមានថេរដីកាបញ្ជាក់បន្ថែមទៀតថាសមិទ្ធផលដែលកើតមានឡើងមួយៗ គឺជាសមិទ្ធផលរួមរបស់ពុទ្ធបរិស័ទទាំងអស់ ព្រោះអ្នកខ្លះបានចូលរួមជាបច្ច័យ អ្នកខ្លះជាសម្ភារៈ អ្នកខ្លះចូលរួមជាកម្លាំងកាយ កម្លាំងចិត្ត និងអ្នកខ្លះទៀតបានជួយតាមលទ្ធភាពរៀងៗខ្លួនហើយទោះបីការចូលរួមមានតិចឬច្រើនក្តី សុទ្ធតែជាកម្លាំងដ៏មានតម្លៃ ដែលបានរួមចំណែកធ្វើឱ្យទីអារាមមានការរីកចម្រើន និងមានសមិទ្ធផលជាបន្តបន្ទាប់។ ជាមួយគ្នានេះដែរ ព្រះវិចិត្រវង្សា ហែម គឹមសាន ក៍បានមានថេរដីកាអំពាវនាវដល់ពុទ្ធបរិស័ទ និងសប្បុរសជនជិតឆ្ងាយ សូមបន្តរក្សាសទ្ធាជ្រះថ្លា និងសាមគ្គី ភាព ដើម្បីរួមគ្នាថែរក្សាសមិទ្ធផលដែលមានស្រាប់ និងបន្តកសាងសមិទ្ធផលថ្មីៗតាមលទ្ធភាព សម្រាប់ទុកជាប្រយោជន៍ដល់ព្រះពុទ្ធសាសនា និងជាកេរមរតកសម្រាប់កូនចៅជំនាន់ក្រោយផងដែរ៕





































