កិច្ចប្រជុំប្រចាំឆ្នាំ២០២៦ រវាង ទីចាត់ការការងារព្រំដែន និង ក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម

0

សៀមរាប: កិច្ចប្រជុំរវាងក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា និង ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្រោមកិច្ចដឹកនាំរបស់ ឧត្តមសេនីយ៍ទោ ស៊ិន សុខា នាយកទីចាត់ការការងារព្រំដែន អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ និង ឧត្តមសេនីយ៍ ជិន ង៉ុកហ៊ូ មេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជាសហប្រធាន ត្រូវបានបើកកិច្ចប្រជុំជាផ្លូវការ នៅសណ្ឋាគារប៉ារ៉ាឌី អង្គរ ខេត្តសៀមរាប នាព្រឹកថ្ងៃទី០២ ខែ តុលា ឆ្នាំ ២០២៦នេះ ដោយមានសមាជិកប្រតិភូទាំងពីរប្រទេសចូលរួមផងដែរ ។
ក្នុងកិច្ចពិភាក្សានោះ ភាគីទាំងពីរបានធ្វើការត្រួតពិនិត្យយ៉ាងល្អិតល្អន ទៅលើកំណត់ហេតុកិច្ចប្រជុំឆ្នាំ២០២៥ ដែលបានធ្វើឡើងកាលពីថ្ងៃទី១៧ ខែ តុលា ឆ្នាំ២០២៥ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ក្នុងគោលបំណងពង្រឹងចំណងទំនាក់ទំនងការងារ និង កិច្ចសហប្រតិបត្តិការ រវាងភាគីទាំងពីរ សំដៅគាំទ្រ កសាង និងលើកកម្ពស់ទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរ កម្ពុជា វៀតណាម ឲ្យមានការឈានឡើងស្រមតាមសភាពការណ៍នាពេលបច្ចុប្បន្ន នេះដែលមាន ៦ចំណុច ។ ក្នុងនោះភាគីវៀតណាម បានសំណូមពរឲ្យភាគីទាំងពីរ គាំទ្របង្កើនកិច្ចសហប្រតិបត្តិការ រវាង វិទ្យាស្ថានការពារព្រំដែរវៀតណាម ជាមួយមជ្ឈមណ្ឌលហ្វឹកហ្វឺនជំនាញការពារព្រំដែន ទីចាត់ការការងារព្រំដែន អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ក្នុងកិច្ចការងារបណ្តុះបណ្តាល បំប៉ន ផ្លាស់ប្តូរបទពិសោធន៍ វិធីសាស្ត្របង្រៀន និង ជំនាញតាមរយៈកិច្ចការងារទាំងនោះ សម្រាប់លើកស្ទួយសមត្ថភាព គុណភាព ជូនក្រុមយោធាចារ្យរបស់អង្គភាពទាំងពីរ ។ ក្នុងនោះបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម ក៏បានទទួលសំណូមពររបស់ទីចាត់ការការងារព្រំដែន អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ស្តីពីការបណ្តុះបណ្តាលហ្វឹកហ្វឺន ការសិក្សារៀនសូត្រជំនាញការពារព្រំដែនគ្រប់ជាន់ថ្នាក់ ដើមី្បលើកស្ទួយគុណភាពធនធានមនុស្ស ឲ្យទីចាត់ការការងារព្រំដែន រាយការណ៍ជូនក្រសួងការពារជាតិនៃប្រទេសទាំងពីរ ពិនិត្យ និង សម្រេច ។
ក្នុងកិច្ចប្រជុំនោះឧត្តមសេនីយ៍ទោ ស៊ិន សុខា នាយកទីចាត់ការការងារព្រំដែន បានបញ្ជាក់ថា កិច្ចប្រជុំពិភាក្សាការងារនេះ មិនត្រឹមជាការជួបប្រជុំតាមកាលកំណត់នោះទេ ប៉ុន្តែជាសក្ខីកម្មមួយដែលបង្ហាញពី ទំនាក់ទំនងយូរអង្វែង កិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងការគោរពគ្នាទៅវិញទៅមក រវាងកងទ័ពទាំងពីរ និងប្រទេសយើងទាំងពីរ កម្ពុជា-វៀតណាម។ ស្ថិតក្នុងស្ថានការណ៍សន្តិសុខតំបន់និងសកលលោកដ៏លំបាកនិងស្មុគស្មាញ ព្រះរាជាណាចក្រកម្ពុជា មានសុឆន្ទៈនិងជំហររឹងមាំក្នុងការអនុវត្តគោលនយោបាយការបរទេសរបស់ខ្លួនដែលឲ្យតម្លៃទៅលើ សន្តិភាព អព្យាក្រឹតភាព ការគោរពនិងយោគយល់គ្នា មជ្ឍភាពអាស៊ាន និងប្រកាន់ខ្ជាប់ជានិច្ចនូវច្បាប់អន្តរជាតិ។ ឯកឧត្តមបានបញ្ជាក់ថា ស្ថិតក្នុងស្ថានការណ៍សន្តិសុខដែលយើងកំពុងរស់នៅនាពេលបច្ចុប្បន្ន ការដោះស្រាយ ប្រយុទ្ធប្រឆាំងរាល់បញ្ហាសន្តិសុខ ចាំបាច់ត្រូវមានការចូលរួមនិងកិច្ចសហប្រតិបត្តិការពីបណ្តាប្រទេសជាមិត្ត ជាពិសេសពីប្រទេសជាប់ព្រំដែន។ យើង ពិតជាពុំអាចដោះស្រាយបញ្ហាបានក្នុងភាពឯកោបានឡើយ។ ដូច្នេះកិច្ចការការពារព្រំដែន ទាមទារជាចាំបាច់នូវ ផែនការយុទ្ធសាស្ត្រច្បាស់លាស់និងយូរអង្វែង ភាពបត់បែន និងកត្តាសំខាន់គឺកិច្ចសហប្រតិបត្តិការឥតងាករេ ជាមួយបណ្តាប្រទេសជាប់ភូមិផងរបងជាមួយ។ ឧត្តមសេនីយ៍ទោ ស៊ិន សុខា ក៏បានវាយតម្លៃថា កិច្ចប្រជុំលើកនេះកាន់តែមានគុណតម្លៃ គុណប្រយោជន៍ និងឆ្លុះបញ្ចាំងកាន់តែច្បាស់ពីទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងអង្គភាពយើងទាំងពីរ ដែលបានពូនជ្រំឡើងក្រោមស្មារតីមិត្តភាព សាមគ្គីភាព និងភាពជឿជាក់ នារយៈកាលកន្លងមក ។ បានលើកឡើងពីសភាពការណ៍បច្ចុប្បន្ននៃសន្តិសុខតំបន់និងសកលលោក និង ការរឹតចំណងកិច្ចសហ ប្រតិបត្តិការយោធារវាងប្រទេសយើងទាំងពីរ កម្ពុជា-វៀតណាម តទៅថ្ងៃមុខ និងចុងក្រោយគឺសំណើនិងសំណូមពរ របស់ទីចាត់ការការងារព្រំដែនជូនដល់បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ។ ឯកឧត្តមបញ្ជាក់ថា ក្នុងនាមសហប្រធាននៃកិច្ចប្រជុំ និងជំនួសមុខឲ្យយោធិនទាំងអស់នៃទីចាត់ការការងារព្រំដែន ឯកឧត្តមមានសុទិដ្ឋិនិយមថា កិច្ចប្រជុំនាថ្ងៃនេះនឹងផ្តល់នូវលទ្ធផលផ្លែផ្កា ការពិភាក្សាប្រកបដោយស្មារតីយកចិត្តទុកដាក់ ផែនការ អនុវត្តសម្រាប់ថ្ងៃខាងមុខ និងរឹតបន្តឹងចំណងកិច្ចសហប្រតិបត្តិការរវាងអង្គភាពយើងទាំងពីរ ឈានទៅរកគោលដៅ រួមគ្នាមួយក្នុងការកសាងនិងថែរក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅតាមបណ្តោយព្រំដែន។
ក្នុងនោះដែរភាគីទាំងពីរ បានការចុះហត្ថលេខា ទៅលើកំណត់ហេតុនៃកិច្ចប្រជុំពិភាក្សាប្រចាំឆ្នាំ២០២៦ ព្រមទាំង បានធ្វើការកំណត់កិច្ចប្រជុំប្រចាំឆ្នាំបន្តទៀតផង ៕