សៀមរាប: ក្នុងឱកាសដែលបងប្អូនប្រជាពុទ្ធបរិស័ទ ក្នុងព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធធ្វើពិធីបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ នៅតាមបណ្តាវត្តអារាមនានា ។
ដោយឡែកលោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំមន្ត្រីរាជអាវុធហត្ថខេត្ត នាំយកទេយ្យទាន ជាគ្រឿងឧបភោគបរិភោគ និង បច្ច័យ ទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅក្នុងទីវត្ត កំពង់ភ្លុក ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង និង វត្ត គោកធ្លក និង វត្តទេពពោធិវង្ស ស្ថិតនៅសង្កាត់គោកចក ក្រុង ខេត្តសៀមរាប ក្នុងឱកាសបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌនេះ ។
ពិធីបុណ្យកាន់វេនបិណ្ឌ និង ភ្ជុំបិណ្ឌ គឺជាឱកាសជួយពង្រឹងចំណងសាមគ្គីភាព និងភាពស្និទ្ធ ស្នាលក្នុងក្រុមគ្រួសារ សហគមន៍ និងសង្គមជាតិ ព្រោះកូនចៅ និងសាច់ញាតិដែលរស់នៅទីជិតទីឆ្ងាយតែងវិលត្រឡប់មកជួបជុំក្រុមគ្រួសារ និងរួមគ្នាធ្វើបុណ្យតាមគន្លងប្រពៃណីដូនតា។ ពិធីបុណ្យកាន់វេនបិណ្ឌ និងភ្ជុំបិណ្ឌ គឺជាបុណ្យប្រពៃណីដ៏សំខាន់មួយរបស់ប្រជាពលរដ្ឋខ្មែរ ដែលបានប្រតិបត្តិបន្តតាំងពីបុរាណកាលមក និងបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយព្រះពុទ្ធសាសនាទំនៀមទម្លាប់ប្រពៃណីនិងវប្បធម៌ដ៏ល្អផូរផង់របស់ជាតិខ្មែរ។ ហើយការធ្វើបុណ្យទានក្នុងរដូវកាលនេះ ជាឱកាសឲ្យពុទ្ធបរិស័ទបានបំពេញទាន សីល និងភាវនា ព្រមទាំងសម្ដែងនូវកតញ្ញូ-កតវេទិតាធម៌ចំពោះមាតាបិតាជីដូនជីតានិងបុព្វការីជន។ ការកាន់វេនបិណ្ឌមិនមានន័យត្រឹមតែការយកចង្ហាន់និងទេយ្យទានមកប្រគេនព្រះសង្ឃប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសសម្រាប់ពុទ្ធបរិស័ទធ្វើចិត្តឲ្យជ្រះថ្លា ប្រព្រឹត្តអំពើល្អ រក្សាសីល ចេះចែករំលែក និងជួយសង្គ្រោះគ្នាទៅវិញទៅមក។ចំពោះការធ្វើអំពើល្អដោយកាយ វាចា និងចិត្ត គឺជាមូលដ្ឋាននៃការកសាងសេចក្តីសុខទាំងក្នុងគ្រួសារនិងសង្គម ។ បុណ្យភ្ជុំបិណ្ឌនេះ ដែលបង្កប់ទៅដោយផ្នត់គំនិតសម្រាប់អប់រំ កុំឲ្យមនុស្សគ្រប់រូបប្រមាថ ធ្វើអំពើអាក្រក់ជាហេតុធ្វើឲ្យខ្លួន ភ្លាំងភ្លាត់កំណើតទៅកើតក្នុងអបាយភូមិ មាន (នរក ប្រេត តិរច្ឆាន)ជាដើម ។
ពិធីបុណ្យភ្ជុំបិណ្ឌនេះ ធ្វើទៅដោយសេចក្តីគោរព បង្អោនកាយវិចាចិត្ត ឆ្ពោះទៅរកប្រេតជន ជាញាតិកាលទាំងប្រាំពីរសណ្តាន ដែលលោកបានចែកឋានទៅកាន់បរលោក និងជួយរំដោះឲ្យរួចចាកផុតពីទុក្ខទោសទាំងឡាយ ឧបាយភូមិណាមួយ និងឲ្យបានទៅកាន់សុគតិភពថ្មី ហើយងាកក្រោយមកជួយបីបាច់ថែរក្សាកូនចៅ ឲ្យមានសេចក្តីសុខសប្បាយក្នុងក្រុមគ្រួសារ សង្គមជាតិផងដែរ ។ ម្យ៉ាងវិញទៀត បានរួមចំណែកជួយទ្រទ្រង់ វិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ។ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាពិធីបុណ្យដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យប្រពៃណីខ្មែរផ្សេងទៀត ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះមានរយៈពេល១៥ថ្ងៃ ដោយចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ៕





































