អាវុធហត្ថខេត្តព្រះវិហារ បើកប្រតិបត្តិការក្តៅទ្រង់ទ្រាយធំ បង្ក្រាបទីតាំងរុករករ៉ែមាសអនាធិបតេយ្យ៥កន្លែង ក្នុងដែនដីក្រុមហ៊ុន Delcom

0

ដោយ៖ឡុង សំបូរ
ខេត្តព្រះវិហារ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ សហការជាមួយកម្លាំងជំនាញពាក់ព័ន្ធ បានបើកប្រតិបត្តិការទ្រង់ទ្រាយធំចុះបង្ក្រាប និងរុះរើទីតាំងធ្វើអាជីវកម្មរុករករ៉ែមាសអនាធិបតេយ្យខុសច្បាប់ចំនួន ៥កន្លែង ព្រមទាំងដកហូតសម្ភារ និងគ្រឿងម៉ាស៊ីនជាច្រើន ដោយឡែកក្រុមម្ចាស់ទីតាំងបានរត់គេចខ្លួនបាត់ស្រមោលមុនសមត្ថកិច្ចទៅដល់។

ប្រតិបត្តិការដ៏ក្តៅគគុកនេះ បានធ្វើឡើងនៅព្រឹក ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ ស្ថិតនៅចំណុចភ្នំលុង និងរំដេង ក្នុងភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ដែលស្ថិតក្នុងដែនដីសម្បទានរបស់ក្រុមហ៊ុន ឌែល ខម (Delcom)។

កិច្ចប្រតិបត្តិការនេះ ត្រូវបានចាត់វិធានការយ៉ាងតឹងរឹង ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ និងមានការសម្របសម្រួលនីតិវិធីពី លោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ក្រោមការចង្អុលបង្ហាញពី លោក ធុច បញ្ចសន្តិភាព ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ ដោយមានការចូលរួមពីកម្លាំងអាវុធហត្ថស្រុករវៀង កម្លាំងការពារក្រុមហ៊ុន Delcom និងមន្ទីររ៉ែ និងថាមពលខេត្ត។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ទីតាំងរុករករ៉ែមាសអនាធិបតេយ្យទាំង ៥កន្លែង ដែលត្រូវកម្លាំងជំនាញកាតផ្តាច់ និងរុះរើ រួមមាន៖ ១- គ្រប់គ្រងដោយឈ្មោះ ទា រដ្ឋា ,២-គ្រប់គ្រងដោយឈ្មោះ ប៉េ ដឿន ,៣-គ្រប់គ្រងដោយឈ្មោះ ហាស់ ដុល ,៤-
គ្រប់គ្រងដោយឈ្មោះ ចាយ វៃ និង ៥-គ្រប់គ្រងដោយឈ្មោះ អុំ ស្រីម៉ុចទោះជាយ៉ាងណា ពេលកម្លាំងចម្រុះចុះទៅដល់ទីតាំងកើតហេតុ ពុំបានជួបប្រទះមុខសញ្ញា ឬជនសង្ស័យណាម្នាក់ឡើយ ដោយសារពួកគេបានដឹងខ្លួនជាមុន និងលួចរត់គេចខ្លួនបាត់អស់។

ទោះបីជាបែបនេះក្តី ក្រុមការងារបានធ្វើការត្រួតពិនិត្យយ៉ាងហ្មត់ចត់ និងរឹបអូសបានវត្ថុតាងរួមមាន៖ ម៉ាស៊ីនបាញ់ (ឈិត) ចំនួន ០៦ឈុត ,ម៉ាស៊ីនកិនអាចម៍ដីរ៉ែ ចំនួន ០៥ឈុត ,ស្បៃចាប់មាស ចំនួន ០៨ផ្ទាំង ,ទុយោ (មុខកាត់ ១តឹក) ចំនួន ០២ខ្សែ ,ការលុបរណ្តៅរុករករ៉ែខុសច្បាប់ (មុខកាត់ ៤x៤ម៉ែត្រ) ចំនួន ០១រណ្តៅធំ។

សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា ការចុះបង្ក្រាបនេះ គឺផ្តោតជាសំខាន់លើទីតាំងដែលមានរណ្តៅជ្រៅៗ និងការប្រើប្រាស់គ្រឿងម៉ាស៊ីនខុសច្បាប់ទ្រង់ទ្រាយធំប៉ុណ្ណោះ ដោយឡែកសកម្មភាពជីកយករ៉ែមាសលក្ខណៈគ្រួសារកម្រិតស្រាលរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន គឺមិនត្រូវបានប៉ះពាល់ឡើយ។

បច្ចុប្បន្ន វត្ថុតាង និងគ្រឿងម៉ាស៊ីនទាំងអស់ ត្រូវបានកម្លាំងជំនាញធ្វើការដឹកជញ្ជូន និងយកទៅរក្សាទុកបណ្តោះអាសន្ននៅមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ និងស្វែងរកមុខសញ្ញាពាក់ព័ន្ធយកមកផ្តន្ទាទោស។

ប្រតិបត្តិការបង្ក្រាបបទល្មើសរ៉ែអនាធិបតេយ្យយ៉ាងម៉ឺងម៉ាត់នេះ បានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តខ្ពស់របស់អាជ្ញាធរ និងសមត្ថកិច្ចខេត្តព្រះវិហារ ក្នុងការការពារធនធានធម្មជាតិ បរិស្ថាន និងទ្រព្យសម្បត្តិរ៉ែរបស់ជាតិ កុំឱ្យក្រុមខិលខូចឆ្លៀតឱកាសបំផ្លិចបំផ្លាញតាមអំពើចិត្តតទៅទៀត៕