រដ្ឋបាលខេត្តសៀមរាប អញ្ជើញកាន់បិណ្ឌវេនទី៧ នៅវត្តពុទ្ធស្ថាននគររាជធម្មមេត្តា ក្រុងសៀមរាប

0

សៀមរាប: ឯកឧត្តម ម៉ក់ សំភារ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង លោកស្រី ម៉ននី រងី្ស អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការសាលាខេត្ត បានអញ្ញើញចូលរួមកាន់បិណ្ឌវេនទី៧ នៅទីវត្តពុទ្ធស្ថាននគររាជធម្មមេត្តា ស្ថិតនៅភូមិកសិកម្មសង្កាត់ ស្រង៉ែ ក្រុង/ខេត្តសៀមរាប ។
ព្រះអរិយកស្សប នង មាណវោ ព្រះរាជាគណៈថ្នាក់ទោ និងជា ព្រះសាន្តិនគរ មេគណ គណៈធម្មយុត្តិខេត្តសៀមរាប និង ជាព្រះចៅអធិការវត្តពុទ្ធស្ថាននគររាជ (វត្តមេត្តាករុណា) បានមានថេរដីកាថា ពិធីបុណ្យកាន់វេនបិណ្ឌ និងបុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យប្រពៃណី ដ៏មានតម្លៃរបស់ប្រជាជនខ្មែរ ដែលមិនត្រឹមតែជាឱកាសសម្រាប់ ការធ្វើបុណ្យទាន និងឧទ្ទិសកុសលជូនបុព្វការីជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងចំណងសាមគ្គីភាពនិងភាពស្និទ្ធស្នាលក្នុងក្រុមគ្រួសារសហគមន៍ និងសង្គមជាតិផងដែរ ។ ព្រះអរិយកស្សប នង មាណវោ បានបន្តថា ក្នុងរដូវបុណ្យកាន់វេនបិណ្ឌ និងភ្ជុំបិណ្ឌ កូនចៅ និងសាច់ញាតិដែលរស់នៅទីជិតទីឆ្ងាយ តែងតែវិលត្រឡប់មកជួបជុំក្រុមគ្រួសារ និងរួមគ្នាធ្វើបុណ្យតាមគន្លងប្រពៃ ណីដូនតា ដែលជាកត្តាជួយពង្រឹងទំនាក់ទំនង និងស្មារតីសាមគ្គីភាពក្នុងសង្គមខ្មែរ ។ ព្រះអង្គបានមានថេរដីកាបន្តថា បុណ្យកាន់វេនបិណ្ឌ និងភ្ជុំបិណ្ឌ គឺជាពិធីបុណ្យដែលប្រជាពលរដ្ឋខ្មែរបានប្រតិបត្តិបន្តតាំងពីបុរាណកាលមក ហើយបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយព្រះពុទ្ធសាសនា ទំនៀមទម្លាប់ និងវប្បធម៌ដ៏ល្អផូរផង់របស់ជាតិ ។ ការធ្វើបុណ្យក្នុងឱកាសនេះ គឺជាពេលវេលាដែលពុទ្ធបរិស័ទបានបំពេញទាន សីល និងភាវនា ព្រមទាំងសម្ដែងនូវកតញ្ញូកតវេទិតាធម៌ចំពោះមាតាបិតា ជីដូនជីតា និងបុព្វការីជន ។ ព្រះគ្រូចៅអធិការ បានគូសបញ្ជាក់ថា ការកាន់វេនបិណ្ឌមិនមានន័យត្រឹមតែការយកចង្ហាន់ និងទេយ្យទានមកប្រគេនព្រះសង្ឃប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសដ៏សំខាន់សម្រាប់ពុទ្ធបរិស័ទធ្វើចិត្តឲ្យជ្រះថ្លា រក្សាសីល ប្រព្រឹត្តអំពើល្អ ចេះចែករំលែក និងជួយគ្នាទៅវិញទៅមក ។ ព្រះអង្គមានថេរដីកាថា ការធ្វើអំពើល្អដោយកាយវាចា និងចិត្ត គឺជាមូលដ្ឋាននៃការកសាងសេចក្តីសុខទាំងក្នុងគ្រួសារ និងសង្គម ៕