បង្ក្រាបបទល្មើសព្រៃឈើនៅរតនគិរី៖ សមត្ថកិច្ចស្ទាក់ចាបរថយន្តកែច្នៃដឹកឈើសុក្រំពេញប្រៀប សង្ស័យជាកម្មសិទ្ធិរបស់មេឈ្មួញដុះស្លែម្នាក់ប្រចាំតំបន់នោះ

0

ខេត្តរតនគិរី៖ ទោះបីជាមានការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ពីរាជរដ្ឋាភិបាល ក្នុងការការពារធនធានធម្មជាតិយ៉ាងណាក៏ដោយ ក៏សកម្មភាពលួចកាប់ និងដឹកជញ្ជូនឈើខុសច្បាប់នៅតែបន្តកើតមានយ៉ាងអនាធិបតេយ្យ។

ជាក់ស្តែង កម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី សហការដឹកនាំដោយព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបរថយន្តកែច្នៃម៉ាក ឡង់គ្រីស័រ (Land Cruiser) ១គ្រឿង ដែលដឹកឈើសុក្រំប្រភេទឡាំង ៤ជ្រុង ចំនួន ៣០ដុំពេញប្រៀប។ ឈើទាំងនេះ ត្រូវបានគេស្គាល់ថា ជាផលព្រៃឈើដែលលួចកាប់ចេញពី «ដែនជម្រកសត្វព្រៃលំផាត់» ដើម្បីរៀបចំរត់ការនាំចេញទៅលក់នៅប្រទេសវៀតណាម។

ប្រតិបត្តិការបង្រ្កាបការជួញដូរឈើខុសច្បាប់នេះ បានធ្វើឡើងកាលពីវេលាម៉ោង ១០:០០ យប់ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ នៅចំណុចភូមិសាម៉ុល ឃុំសើង ស្រុកបរកែវ ខេត្តរតនគិរី ដោយរថយន្តល្មើសនេះបានដឹកចេញពីភូមិកែងសាន់ ឃុំសមុទ្រសេដា ស្រុកលំផាត់។ យ៉ាងណាមិញ នៅពេលសមត្ថកិច្ចចុះទៅដល់ទីតាំងបង្ក្រាប មេឈ្មួញឈើ និងបក្សពួកបានលួចដោះដៃរត់គេចខ្លួនបាត់ស្រមោល ទុកចោលតែរថយន្ត និងវត្ថុតាង។ បច្ចុប្បន្ន សមត្ថកិច្ចបានប្រគល់វត្ថុតាងទាំងអស់ជូនទៅ «រដ្ឋបាលព្រៃឈើ» ដើម្បីចាត់ការ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់។

ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានសម្តែងការហួសចិត្ត និងលើកឡើងថា មេឈ្មួញឈ្មោះ “ផៃ ទី” រូបនេះ តែងតែធ្វើសកម្មភាពដឹកជញ្ជូនឈើប្រណីតឆ្លងកាត់ស្រុកលំផាត់ ស្រុកបរកែវ និងស្រុកអូរយ៉ាដាវ ស្ទើររៀងរាល់យប់យ៉ាងរលូន ដោយគ្មានការកកស្ទះឡើយ។ មហាជនបានដាក់ការសង្ស័យយ៉ាងធ្ងន់ធ្ងរថា មានការឃុបឃិត បើកដៃ ឬទទួលផលប្រយោជន៍ពីសំណាក់មន្ត្រីជំនាញ និងអាជ្ញាធរខិលខូចមួយចំនួននៅក្នុងតំបន់ ទើបធ្វើឱ្យបទល្មើសមួយនេះអាចដំណើរការបានយ៉ាងរលូននាពេលកន្លងមក និងបច្ចុប្បន្ន។

ប្រជាពលរដ្ឋបានអំពាវនាវយ៉ាងទទូច និងស្មោះស្ម័គ្រជូនចំពោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំង ក្រសួងបរិស្ថាន មេត្តាចាត់វិធានការក្តៅ ជម្រុះមន្ត្រីខិលខូចដែលអសកម្ម ឬក្បត់ទំនុកចិត្តប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល ចេញពីជួរ ដើម្បីបញ្ឈប់វដ្តនៃអំពើពុករលួយបំផ្លាញព្រៃឈើជាតិ។

ក្រុមអ្នកស្រលាញ់ព្រៃឈើបានលើកឡើងថា ការកាប់បំផ្លាញព្រៃឈើ មិនមែនជាបទល្មើសតូចតាចនោះទេ ប៉ុន្តែវាជា «ឧក្រិដ្ឋកម្មប្រឆាំងនឹងធនធានធម្មជាតិ និងមនុស្សជាតិ»។ ការបាត់បង់គម្របព្រៃឈើនៅដែនជម្រកសត្វព្រៃលំផាត់ កំពុងរុញច្រានឱ្យប្រព័ន្ធអេកូឡូស៊ីឈានទៅរកការបាត់បង់តុល្យភាព បង្កឱ្យកើតមានបម្រែបម្រួលអាកាសធាតុខ្លាំងក្លា រលកកម្តៅ កែប្រែប្រភពទឹកធម្មជាតិឱ្យរីងស្ងួត និងបង្កគ្រោះទឹកជំនន់ភ្លាមៗ ដែលប៉ះពាល់ដោយផ្ទាល់ដល់ជីវភាព រកចំណូល និងជីវិតរស់នៅរបស់ប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់។ លើសពីនេះ បទល្មើសព្រៃឈើត្រូវបាន ប្រទេសសមាជិកអាស៊ានទាំង១០ ចាត់ទុកជា «បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន» (Transnational Organized Crime) ដែលត្រូវតែបង្ក្រាបដោយគ្មានការលើកលែង។

យោងតាមច្បាប់ស្តីពីព្រៃឈើ (ឆ្នាំ២០០២)៖ មាត្រា ៩៧ (បទល្មើសព្រៃឈើថ្នាក់ទី១)៖ ការប្រមូល ដឹកជញ្ជូន ឬធ្វើពាណិជ្ជកម្មឈើប្រណីត/ឈើកម្រ ឬការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ការពារ ដោយគ្មានការអនុញ្ញាត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ដល់ ១០ (ដប់) ឆ្នាំ។ មាត្រា ៩៨ (បទល្មើសព្រៃឈើថ្នាក់ទី២)៖ រាល់មធ្យោបាយ សម្ភារ រថយន្តកែច្នៃ និងផល-ផលិតផលព្រៃឈើដែលជាវត្ថុតាង ត្រូវរឹបអូសជាសម្បត្តិរដ្ឋ ដោយគ្មានលក្ខខណ្ឌ។ មាត្រា ១០០ (ទោសទណ្ឌចំពោះមន្ត្រីអាជ្ញាធរ/មន្ត្រីរដ្ឋបាលព្រៃឈើ)៖ មន្ត្រីអាជ្ញាធរដែនដី មន្ត្រីកងកម្លាំងប្រដាប់អាវុធ ឬមន្ត្រីរដ្ឋបាលព្រៃឈើណា ដែលបានប្រព្រឹត្ត ឬបើកដៃ ឬជួយសម្រួល (ឃុបឃិត) ឱ្យមានបទល្មើសព្រៃឈើ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ដល់ ៥ (ប្រាំ) ឆ្នាំ និងត្រូវលុបឈ្មោះចេញពីក្របខ័ណ្ឌមុខងារសាធារណៈជារៀងរហូត។

ការបំផ្លាញព្រៃឈើ គឺជារឿងបំផ្លាញអនាគតកូនខ្មែរ សមត្ថកិច្ច និងស្ថាប័នតុលាការ គួរតែបន្តបើកការតាមស្វែងរកចាប់ខ្លួនមេឈ្មួញល្មើសច្បាប់ យកមកផ្តន្ទាទោសឱ្យធ្ងន់ធ្ងរបំផុត ដើម្បីកុំឱ្យក្លាយជាគំរូអាក្រក់ក្នុងសង្គមតទៅទៀត៕ដោយ៖ឡុង សំបូរ