រដ្ឋបាលខេត្តស្ទឹងត្រែង ក្រើនរំលឹកដល់មន្ទីរពេទ្យបង្អែកខេត្ត ខិតខំយកចិត្តទុកដាក់ទទួល អន្តរាគមន៍សង្គ្រោះ ការបញ្ជូន ការពិនិត្យព្យាបាល និងការថែទាំអ្នកជំងឺស្របតាមបច្ចេកទេសវេជ្ជសាស្ត្រ និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់

0

ខេត្តស្ទឹងត្រែង៖ មន្ត្រីអ្នកនាំពាក្យនៃរដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ បានចេញសេចក្តីបំភ្លឺព័ត៌មាន និងបានពាំនាំការចូលរួមរំលែកទុក្ខ និងសម្តែងការសោកស្តាយជាទីបំផុតជាមួយក្រុមគ្រួសារ សាច់ញាតិរបស់សពពលរដ្ឋម្នាក់នៅខេត្តក្រចេះ ក្រោយទទួលមរណភាពដោយរោគាពាធ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។

មន្ត្រីអ្នកនាំពាក្យនៃរដ្ឋបាលខេត្តស្ទឹងត្រែង បានបន្តថា សពពលរដ្ឋឈ្មោះ ទិន ឡៃ ភេទប្រុស អាយុ ៤៦ឆ្នាំ មានទីលំនៅភូមិស្រែស្តៅ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ និងបានមកស្នាក់នៅបណ្តោះអាសន្នភូមិភ្នំធាតុ សង្កាត់ស្ទឹងត្រែង ក្រុង/ខេត្តស្ទឹងត្រែង បានចូលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង នាថ្ងៃទី៨ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ៨ និង៤០នាទីព្រឹក និងបានមរណភាពនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ៦ និង១០នាទីព្រឹក ដោយរោគាពាធ។

រដ្ឋបាលខេត្តបានបញ្ជាក់ថា ដោយសង្កេតឃើញថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានការចុះផ្សាយព័ត៌មាន ជុំវិញករណីមរណភាពរបស់អ្នកជំងឺខាងលើនេះ រដ្ឋបាលខេត្តបានចាត់ឱ្យមានការពិនិត្យ សិក្សា ស្រាវជ្រាវអំពីបញ្ហាទាំងនោះ ដើម្បីរកឱ្យឃើញមូលហេតុជាក់លាក់។

មន្ត្រីអ្នកនាំពាក្យនៃរដ្ឋបាលខេត្តស្ទឹងត្រែង បាននាំយកឱកាសនេះមកធ្វើការបំភ្លឺដល់សាធារណជនចំនួន ៤ចំណុច គឺ ១-ពេលចូលមកដល់ក្រុមគ្រូពេទ្យបានពិនិត្យឃើញថា អ្នកជំងឺមានអាការៈក្អក ហត់ អស់កម្លាំង ស្បែកឡើងលឿងខ្លាំង និងមានសភាពរវើរវាយ ក៏បានពិនិត្យតាមដានព្យាបាលតាមបច្ចេកទេស ។ ២- ដោយពិនិត្យឃើញស្ថានភាពលំបាកធ្ងន់ធ្ងរទៅ ហើយកំដៅអ្នកជំងឺកាន់តែឡើងបន្តបន្ទាប់ ក្រុមគ្រូពេទ្យក៏បានធ្វើការពិនិត្យអេកូសាស្ត្របន្ថែម តាមបច្ចេកទេសវេជ្ជសាស្ត្រ ជាលទ្ធផលនៃការពិនិត្យនេះ បានបង្ហាញថា អ្នកជំងឺមានស្ថានភាពក្រិនថ្លើម រលាកសួត និងរលាកខួរក្បាលធ្ងន់ធ្ងរ (មានឯកសាររក្សាទុក) ។ ៣- ក្រុមគ្រូពេទ្យបានធ្វើការពន្យល់អំពីស្ថានភាពជំងឺដល់ក្រុមគ្រួសារ ដែលនៅមើលថែទាំងផ្ទាល់(ប្រពន្ធ និងកូន) និងខិតខំជួយសង្គ្រោះអស់ពីលទ្ធភាព ប៉ុន្តែ គួរឱ្យសោកស្តាយដោយសារស្ថានភាពជំងឺធ្ងន់ធ្ងរ និងវិត្តិជំងឺប្រកាច់ ស្ទះផ្លូវដង្ហើមស្រួចស្រាវ អ្នកជំងឺក៏បានទទួលមរណភាព។

មន្ត្រីអ្នកនាំពាក្យបានបញ្ជាក់ដដែលថា ចំពោះសាច់ញាតិម្នាក់ (ត្រូវជាប្អូន) ដែលបានលើកឡើងដាក់បន្ទុកមួយចំនួនលើមន្ទីរពេទ្យបង្អែកខេត្តនោះ គឺគាត់ពុំមានវត្តមានក្នុងការពិនិត្យព្យាបាលពីដើមដំបូងរបស់ក្រុមគ្រូពេទ្យនោះទេ។ ៤- ទន្ទឹមនេះរដ្ឋបាលខេត្តសូមធ្វើការក្រើនរំលឹក ដល់មន្ទីរពេទ្យបង្អែកខេត្ត ឱ្យខិតខំយកចិត្តទុកដាក់ខ្ពស់ ចំពោះការទទួល ការអន្តរាគមន៍សង្គ្រោះ ការបញ្ជូន ការពិនិត្យព្យាបាល និងការថែទាំងអ្នកជំងឺទាំងអស់ ស្របតាមបច្ចេកទេសវេជ្ជសាស្ត្រ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់៕ ដោយ៖ឡុង សំបូរ